អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា ប្រាប់តំណាង​អង្គការ​សហ​ប្រ​ជាជាតិ ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​បក្សខ្លួន​

នៅ​ព្រឹក ថ្ងៃទី ១៤ សីហានេះ លោក កឹម សុខា ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​អ្នក​រាយការណ៍​ពិសេស​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូណា ស្មីត នៅ​ក្នុង​ស្នាក់​ការ​របស់​បក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ជំនួប​នោះ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​លើក​ទៅ​កាន់ ​ លោក​ស្រី រ៉ូណា ស្មីត អំពី​ការ​ព្រួយ​បារម្ភរបស់​ខ្លួន​ទាក់​ទង​នឹង​ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ឡាយ​ទៅ​លើ​គណបក្ស​របស់​ខ្លួន​នៅ​ពេល​កន្លង​មក។ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ វិធីសាស្ដ្រ​ជម្រុញ​ឲ្យ​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

ជំនួប​រវាង​លោក​កឹម សុខា និង លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ
ជំនួប​រវាង​លោក​កឹម សុខា និង លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ @Kem Sokha fb
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ​​ យ៉ា រសាត់

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុបារាំង​អន្ដរ​ជាតិនៅព្រឹកថ្ងៃទី១៤ សីហា បន្ដ​ថា លោក កឹម សុខា បាន​លើក​ឡើង​អំពី​ស្ថានភាព​នានា​របស់សកម្ម​ជន​បក្ស​ប្រ​ឆាំង​ ​ក្នុង​ជំនួប​រវាងប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ លោក​ស្រី រ៉ូណា ស្មីត ​អ្នក​រាយការណ៍​ពិសេស​​អង្គការ​សហប្រជាជាតិនៅក្នុង​ទីស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​អង្រែ​។ លោក​ យឹម​ សុវណ្ណ ឲ្យ​ដឹង​ទៀត​​ថា បញ្ហាដែល​លោក កឹម សុខា បានប្រាប់​លោក​ស្រី​ រ៉ូណា ស្មីត គឺបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​រងគ្រោះ​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ថ្មី រួម​នឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង ចោទ​ប្រកាន់ និង​ចាប់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ជាដើម​។

បើ​តាម​មន្ដ្រី​អ្នក​នាំ​ពាក្យ​រូប​នេះ ភាព​រិត​ត្បិត​របស់​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រដ្ឋសភា រួម​នឹង​ការ​គំរាម​កំហែង​មេ​ឃុំ​ចៅ​សង្កាត់​របស់​គណបក្ស​ខ្លួន​នៅ​មូលដ្ឋាន​ ក៏​ត្រូវ​បាន​ជម្រាប​ជូន​លោក​ស្រី រ៉ូណា ស្មីត ។ ​ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កន្លង​មក រួម​នឹង​ការ​ជម្រុញ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទទួល​បាន​ឯកសារ​បោះ​ឆ្នោត​ជាដើម។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក យឹម សុវណ្ណ។

អ្នក​នាំ​ពាក្យ​ដដែល​បាន​បន្ថែម​ថា អ្នកស្រី​ រ៉ូណា ស្មីត បាន​សន្យា​ថា នឹង​យក​ក្ដី​បារម្ភ​របស់​បក្ស​ប្រឆាំង​ទាំង​នោះ​ ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា ខណៈ​ពេល​ដែល​លោក​ស្រី​ជួប​ប្រជុំ​ជាមួយ​ភាគី​ទាំង​នោះ។ លោក យឹម សុវណ្ណ ក៏​អះ​អាង​ដែរ​ថា លោក​ស្រី​ ស្មីត ក៏​បាន​សន្យា រាយ​ការណ៍​រឿង​ទាំង​អស់​ខាង​លើ​ ទៅ​តំណាង​អង្គការ​សហប្រជាជាតិ និង​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ផង​ដែរ។​

សូម​បញ្ជាក់​ថា អ្នក​រាយ​ការណ៏​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស្រី​រ៉ូ​ណា ស្មី​ត​ កំពុង​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​១០​ថ្ងៃ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ០៨ ដល់​ថ្ងៃ​ទី ១៨ ខែ សីហា ​ឆ្នាំ ២០១៧។ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា លោក​ស្រី​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ភាគី​ផ្សេងៗ​រួម​មាន ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្រុម​អង្គការ​សង្គម​ស៊ីវិល តំណាង​សហជីព​កម្មករ​កម្ពុជា គណបក្ស​ប្រឆាំង ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និងក្រសួង​មហាផ្ទៃ។ ដំណើរ​ទស្សនៈ​នៅ​កម្ពុជា​រយៈ​ពេល​១០​ថ្ងៃ​នេះ​មន្ដ្រី​អង្គការ​សហប្រ​ជាជាតិ​បាន​ខ្ចប់​ព័ត៌មាន​ មិន​ឲ្យ​ដឹង​អំពី​កាល​វិភាគ​របស់​លោក​ស្រី រ៉ូណា ស្មីត​ ឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ