អានតួអត្ថបទ
កម្ពុជា-សង្គម

​ខេត្ត​កំពង់​ឆ្នាំង ​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើក​ដំបូង ​បន្ទាប់​ពី​ជម្លៀស​ជន​ជាតិ​វៀត​ណាម​ពី​ទន្លេ​មក​លើ​គោក​ហើយ​

ពិធីបុណ្យ​ទន្លេលើកទី ៥ បាន​ចាប់​ផ្តើម​ជាផ្លូវការ​ហើយ​ ចាប់​ពី​ថ្ងៃទី ១៥ខែមីនានេះ រហូត​ដល់​ថ្ងៃទី ១៧ខែមីនា ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីបុណ្យ​ទន្លេ នៅឆ្នាំ ២០១៩នេះ ប្រារព្ធឡើង​ក្រោម​ប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។ ក្រសួងទេសចរណ៍ រំពឹង​ថានឹងមាន​ពលរដ្ឋ​រហូតដល់ ៥០ម៉ឺននាក់ នឹង​ចូលរួម​ក្នុងពិធីបុណ្យទន្លេ រយៈពេល ៣ថ្ងៃនេះ។ ជាការ​កត់សម្គាល់ ពិធីបុណ្យ​ទន្លេ នៅក្នុង​ខេត្តកំពង់ឆាំ្នងនេះ បាន​ប្រារព្ធឡើង​ស្របពេលដែលអាជ្ញាធរខេត្ត បាន​បញ្ជាក់ពីការបម្លាស់ទី​ជនជាតិ​វៀតណាម ដែលរស់នៅលើ​ទន្លេសាប​ មក​រស់នៅលើគោក​វិញ។ 

ការប្រារព្ធពិធីបុណ្យទន្លេ
ការប្រារព្ធពិធីបុណ្យទន្លេ @សហការី
ផ្សាយពាណិជ្ជកម្ម

ដូចការ​គ្រោង​ទុក ពិធីបុណ្យ​ទន្លេលើកទី ៥ ឆ្នាំ ២០១៩ បាន​ចាប់ផ្តើម​ដំណើរការ នៅថ្ងៃទី ១៥ខែមីនានេះ ដោយ​មិន​ខុសពីសព្វដង ពិធីបុណ្យទន្លេឆ្នាំនេះ​ នឹងមាន​​កម្មវិធីកម្សាន្តសិល្បៈ និង​កីឡាប្រពៃណីជាតិ​​ជាច្រើន ដូចជាការតាំងបង្ហាញ​ផលិតផល និង​ទំនិញផ្សេងៗ ដែល​មាន​សក្កានុពល​ក្នុង​ស្រុក ការ​ប្រគំតន្ត្រី រាំរបាំ​ បង្ហាញ​ម៉ូតបែបបុរាណ សម័យ និង​ការលេងល្បែងប្រជាប្រិយ​ខ្មែរ ដែល​អនុញ្ញាតឲ្យ​ភ្ញៀវទេសចរ ចូលរួម​លេងជាមួយ។

ជាមួយគ្នានោះ ក៏មានការ​បង្ហាញ​កីឡាករប្រមាណជាង ១០​ប្រភេទ រួមទាំងកីឡា​ប្រពៃណី​របស់ ខេត្តកំពង់ឆ្នាំង គឺ​ចំបាប់​បូរាណ ។ ​ក្រៅពីនេះ មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ រយៈពេល ២ ថ្ងៃ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការប្រកួត កីឡា​វាយ​សី ការរត់​កម្សាន្ត​ ចម្ងាយ ៣គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ដែល​ពេលនេះ មាន​អ្នកចូលរួម​រត់​ចំនួន ជាង ២ ០០០នាក់ និង​កីឡា​ជិះ​កង់​កម្សាន្ត​ ដែលមាន​អ្នកចូលរួម​ជិះ ជាង ៥០០នាក់ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រំពឹងថា ការរៀបចំពិធីបុណ្យទន្លេលើក នៅខេត្តកំពង់ឆ្នាំងនេះ ជាឱកាសមួយសម្រាប់ឲ្យ​ទីក្រុងកំពង់ឆ្នាំង បំផុសចលនាទាំងឡាយ ដែលអាចឈានទៅដល់ការដណ្ដើមជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» លើកទី២ និងជួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិបន្ថែមទៀត។ សូម​បញ្ជាក់ថា​ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ទីក្រុងបេក្ខភាពចំនួន៦ ចូលរួម ក្នុងការប្រកួតដណ្ដើមជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» លើកទី២ ដោយ​ក្នុងនោះរួមមាន ក្រុងកំពង់ចាម ក្រុងពោធិ៍សាត់ ក្រុងកំពង់ឆ្នាំង ក្រុងតាខ្មៅ ក្រុងកំពត និងខណ្ឌដូនពេញ។ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២នេះ គ្រោងនឹងប្រកាសនៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន នៅដើមខែមករា ឆ្នាំ២០២០ ក្នុង​ប្រទេសព្រុយណេ។

តាម​លោក​ ថោង ខុន ទីក្រុងកំពង់ឆ្នាំង មានរចនាសម្ព័ន្ធល្អ មានវប្បធម៌ប្រវត្តិសាស្ត្រ ដែល​ទាក់ទងនឹង​សម័យ​អាណានិគម​បារាំង។ ដូច្នេះ លោក ថោង ខុន បាន​សំណូមពរឲ្យ​អាជ្ញាធរខេត្ត ត្រូវតែ​ពង្រឹងសន្តិសុខ សណ្តាប់​ធ្នាប់ អណាម័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើន​សេវាកម្ម​ទេសចរណ៍ ប្រកបដោយ «សេវា១ ស្តង់ដា១» ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ ព្រមទាំងជម្រុញ​ឲ្យ​គិតគូរបន្ថែម លើការរៀបចំឲ្យ​មានផ្សាររាត្រី មណ្ឌលព័ត៌មានទេសចរណ៍ ចំណតទូកទេសចរណ៍ជាដើម​។

ជាការ​កត់សម្គាល់មួយទៀតដែរ ការប្រារព្ធពិធីបុណ្យទន្លេ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានអះអាង ថា ជនជាតិ​វៀតណាម ​ដែល​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក ​ក្នុង​បឹង​ទន្លេ​សាប​ជាង ​២០០០គ្រួសារ ត្រូវ​បាន​ផ្លាស់ទី​ឡើង​មក​រស់​នៅ​លើ​គោក​អស់ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ