អានតួអត្ថបទ
កម្ពុជា

របាយការណ៍៖ ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ព្រៃ​ឡង់​មាន​តិច​ជាង​មុន តែមិន​ទាន់​បញ្ឈប់​ទាំង​ស្រុង​

សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ឡង់ មាន​ចំនួន​តិច​ជាង​ពេល​មុន​ៗ​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​ពី​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ តុលា ថ្មី​ៗ​នេះ​។ បើ​តាម​របាយការណ៍​ដដែល បើ​ទោះ​បី​ជា​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ព្រៃ​ឡង់​មាន​តិច​ជាង​មុន​ក៏​ពិត​មែន ប៉ុន្តែ​សកម្មភាព​កាប់​ឈើ​នេះ​មិន​ទាន់​បាន​បញ្ឈប់​នៅ​ឡើយ​ទេ​។

ការ​រក​ឃើញ​បទល្មើស​ព្រៃ​ឈើនៅ​ក្នុង​ការ​ចុះ​ល្បាត​​ដោយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នា​ពេល​កន្លង​មក​។
ការ​រក​ឃើញ​បទល្មើស​ព្រៃ​ឈើនៅ​ក្នុង​ការ​ចុះ​ល្បាត​​ដោយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នា​ពេល​កន្លង​មក​។ PLCN
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​លើក​ទី​៦ ដែល​ជា​របាយការណ៍​ថ្មី​បំផុត​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ កត់​ត្រា​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។ បើ​តាម​របាយការណ៍ សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​រយៈ​ពេល​នេះ ថយ​ចុះ​៦៥​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

បើ​តាម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ការ​ថយ​ចុះ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​នេះ អាច​បណ្ដាល​មក​ពី​ការ​ដាក់​ព្រៃ​ឡង់​ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ ប្រសិទ្ធភាព​នៃ​វិធានការ​បង្ក្រាប​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល និង​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ពួក​អ្នក​កាប់​ព្រៃ ដែល​បាន​ស្គាល់​ពី​សកម្មភាព​របស់បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ជា​ដើម​។

បើ​ទោះ​បី​ជា​ការ​កាប់​ឈើ​ថយ​ចុះក៏​ពិត​មែន ប៉ុន្តែ​​បណ្ដាញ​សហគមន៍​ព្រៃឡង់ គូស​បញ្ជាក់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​មិន​ទាន់​បញ្ឈប់​ទាំង​ស្រុងទេ ព្រោះ​ក្នុង​មួយ​ខែ​ៗ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បានកត់​ត្រា​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ជា​មធ្យម​៧២​ករណី​។ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី​២០​តុលា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​កាប់​ឈើ​ខុស​ច្បាប់ ​ដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​តំបន់​ព្រៃ​ឡង់​​។

ក្នុង​ន័យ​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​បរិស្ថាន និង​រដ្ឋាភិបាល​កម្ពុជា ធានា​ថា​ការ​កាប់​ឈើ​ខុស​ច្បាប់​នឹង​មិន​កើត​ឡើង​បន្ថែ​ទៀត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​។ បន្ថែម​ពី​លើ​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ បញ្ឈប់​អំពើ​ពុក​រលួយ បញ្ចប់​ការ​នាំ​ចូល​រណារ​​យន្ត និង​បង្ក្រាប​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​យ៉ាង​ពិត​ប្រាកដ​ ដោយ​ផ្ដន្ទាទោស​ដល់​ក្រុមហ៊ុន​ធំ​ៗ​ដែល​លាង​សម្អាត​ឈើ​តាម​រយៈ​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ស្រប​ច្បាប់​ជាមួយ​រដ្ឋាភិបាល​ជា​ដើម​។

ក្រៅពី​នោះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​យល់​ឃើញ​ថា ការ​ចូល​រួម​របស់​ប្រជាសហគមន៍​មូលដ្ឋាន​ក្នុង​តំបន់ គឺជា​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​។ ដូច្នេះ បណ្ដាញ​ការពារ​ព្រៃ​ឈើ​នេះ ចង់​ឲ្យ​ក្រសួង​បរិស្ថាន​និយាយ​ដោយ​ឡែក និង​រដ្ឋាភិបាល​និយាយ​ជា​រួម ទទួល​ស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​នៃ​ការ​ចូល​រួម​តាម​ប្រពៃណី​និង​ទំនៀម​ទម្លាប់​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ក្នុង​បុព្វហេតុ​ការពារ​ព្រៃ​ឡង់ និង​ចាត់​វិធានការ​ត្រឹម​ត្រូវ​ដើម្បី​ពង្រឹង​ការ​ចូល​រួម​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ