អានតួអត្ថបទ
កម្ពុជា

របាយការណ៍៖ សន្តិភាព​កម្ពុជា​ឆ្នាំ ២០១៨ ធ្លាក់​ចុះ​ជាង​ឆ្នាំ ២០១៧ ព្រោះ​ចំណាត់​ការ​លោក​ហ៊ុន សែន

វិទ្យាស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព (IEP) ដែល​មាន​ទី​ស្នាក់ការ​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​សប្តាហ៍​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​សន្ទស្សន៍​សន្តិភាព​សកល​លោក ឬ Global Peace Index ឆ្នាំ ២០១៨ ដោយ​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​កម្រិត​សន្តិភាព​នៃ​ប្រទេស​ចំនួន ១៦៣ គ្រប់​ទ្វីប​ទាំង​អស់ លើ​ពិភព​លោក។ ក្នុង​នោះ របាយការណ៍​បាន​បង្ហាញ​ថា សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​លេខ ៨៩ នៅ​ឆ្នាំ ២០១៧ មក​ដល់​លេខ ៩៦​ក្នុង​ឆ្នាំ ២០១៨។ មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ គឺ​ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ទៅ​លើ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្នុង​ប្រទេស។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ទាត់​ចោល​ទាំង​ស្រុង​នៅ​របាយការណ៍​នេះ។

ប្រមុខ​គណបក្ស​ប្រជាជន​ប្រលែង​សត្វ​ព្រាប​តំណាង​អោយ​សន្តិភាព
ប្រមុខ​គណបក្ស​ប្រជាជន​ប្រលែង​សត្វ​ព្រាប​តំណាង​អោយ​សន្តិភាព @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​សន្ទស្សន៍​សន្តិភាព​សកល​លោក​ឆ្នាំ ២០១៨ បាន​បង្ហាញ​ថា សន្តិភាព​កម្ពុជា បាន​ធ្លាក់​ចុះ ១៨​ពិន្ទុ​ និង ៧​លេខ​រៀង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧។ ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​របាយការណ៍​ដដែល បញ្ជាក់​ថា ដោយ​សារ​តែ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​​គណបក្ស​ប្រឆាំង មុន​ពេល​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឈាន​​មក​ដល់​នោះ។

គួរ​រម្លឹក​ជូន​ថា មុន​ការ​បោះ​ឆ្នោត​នីតិកាល​ទី​ ៦ ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ តុលាការ​កំពូល​កម្ពុជា បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ និង​តែ​មួយ​គត់​នៅ​កម្ពុជា។ ក្រៅ​ពី​នោះ ​ក៏​មាន​ការ​ផ្អាក​សិទ្ធិ​ធ្វើ​នយោបាយ​ ដល់​​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ១១៨​រូប រួម​ទាំង​ការ​ដក​ហូត​អាសនៈ​សមាជិក​សភា​ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ទៅឲ្យ​គណបក្ស​ដទៃ ដែល​មិន​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ កាល​ពី​ឆ្នាំ ២០១៧។

យ៉ាង​ណា​មិញ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​ទាត់​ចោល​ទាំង​ស្រុង​នៅ​របាយការណ៍​ជា​លក្ខណៈ​អន្តរជាតិ​នេះ។ លោក​ សុខ ឥសាន លើក​ឡើង​ថា អ្នក​ចេញ​ផ្សាយ​របាយការណ៍​នេះ មិន​បាន​មក​ឃើញ​ផ្ទាល់​ពី​ស្ថានភាព​កម្ពុជា ដែល​កំពុង​តែ​មាន​សន្តិភាព​ពេញ​លេញ​នោះ​ទេ។ តាម​លោក​ សុខ ឥសាន របាយការណ៍​នេះ មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ឡើយ។

គួរ​ជម្រាប​ជូន​ថា ក្នុង​របាយការណ៍​នេះ មាន​ការ​វិភាគ វិនិច្ឆ័យ និង​ស្រាវជ្រាវ​យ៉ាង​ល្អិត​ល្អន់​ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ទូទៅ ក្នុង​ប្រទេស​​នីមួយៗ រួម​មាន​​ បញ្ហា​យោធា សង្គម សន្តិសុខ នយោបាយ​ ទំនាក់​ទំនង​ការ​បរទេស និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត ទើប​អាច​ដាក់​ពិន្ទុ​ និង​ចាត់​ចំណាត់​ថ្នាក់ ដល់​ប្រទេស​ទាំង ១៦៣​នេះ​បាន។

បើ​គិត​តែ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចំណាត់​ថ្នាក់​សន្តិភាព​របស់​កម្ពុជា គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង ប្រទេស​ភូមា ដែល​មាន​ចំណាត់​ថ្នាក់​លេខ ១២២ ហ្វីលីពីន ដែល​ស្ថិត​នៅ​លេខ ១៣៧ និង​ថៃ ដែល​ស្ថិត​នៅ​លេខ ១១៣។

តាម​របាយការណ៍​សន្តិភាព​សកល​លោក ប្រទេស​ដែល​មាន​សន្តិភាព​ល្អ គួរ​ឲ្យ​រស់​នៅ​ គឺ​ប្រទេស​អ៊ីស្លង់ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១ បន្ទាប់​មក​គឺ ណូវែល​ហ្សឺឡង់ អូទ្រីស ព័រទុយហ្គាល់ ដាណឺម៉ាក កាណាដា សាធារណរដ្ឋ​ឆេ​ក​ សិង្ហ​បុរី​ ជប៉ុន និង​អៀក​ឡង់។ ចំណែក​ប្រទេស​ដែល​មាន​សន្តិភាព​យ៉ាប់​យឺន​បំផុត ​នៅ​ចំណាត់​ថ្នាក់​លេខ ១៦៣ គឺ ប្រទេស​ស៊ីរី ខណៈ​ចំណាត់​ថ្នាក់​លេខ ១៦២ គឺ​អាហ្វហ្កានីស្ថាន និង​១៦១ គឺ​សូដង់​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ