rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

របាយការណ៍​មួយ​ ទាមទារ​ឲ្យ​អន្តរជាតិ​​ដាក់​ទណ្ឌកម្ម​ឲ្យ​ច្បាស់​លើ​កម្ពុជា ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​​ប្រជាជន

media
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ ហៅ​កាត់​ថា CSIS ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី ១៩​មិថុនា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​​ក្រោម​ចំណង​ជើង​ថា សង្គម​ស៊ីវិល​កម្ពុជា​នៅ​ដំណាក់​កាល​ដ៏​គ្រោះ​ថ្នាក់ (Cambodian Civil Society at a Critical Juncture)។ ​ជា​របាយការណ៍​កម្រាស់ ៣០​ទំព័រ ដែល​មាន​បរិយាយ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​លើ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អ្នក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ក្នុង​ពេល​កន្លង​មក។ ដោយ​ផ្អែក​លើ​ហេតុការណ៍​នានា របាយការណ៍​ដដែល បាន​ទាម​ទារ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តែ​ធានា​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ជាក់​លាក់​មួយ ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​អវិជ្ជមាន ដល់​ប្រជាជន​ខ្មែរ និង​សង្គម​ស៊ីវិល។


Center For Strategic & International Studies ឬ មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អន្តរជាតិ បាន​សំណូម​ពរ​ជា​ច្រើន​ចំនុច​ដល់ សហគមន៍​អន្តរជាតិ ប្រទេស​ផ្តល់​ជំនួយ អង្គការ​អន្តរជាតិ​ និង​សង្គម​ស៊ីវិល ជុំវិញ​ការ​វិវត្ត​ដ៏​អវិជ្ជមាន​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ដែល​ញុំាង​ឲ្យ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី ២៩​កក្កដា​ខាង​មុខ ដំណើរ​ការ​ទៅ​ជាមួយ​ភាព​សោះ​កក្រោះ។ ចំពោះ​សហគមន៍​អន្តរជាតិ មជ្ឈមណ្ឌល​មួយ​នេះ បាន​ទាមទារ ២​ចំនុច ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ច្បាស់​លាស់​លើ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ច្បាប់​ឲ្យ​បាន​សម​ស្រប រួម​ទាំង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ ដែល​បាន​កែ​ប្រែ ដូច​ជា​ច្បាប់​ស្តី​ពី​អង្គការ​សង្គម​ស៊ីវិល (LANGO) ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។ តាម​មជ្ឈមណ្ឌល​នេះ ប្រសិន​បើ​មិន​មាន​ទណ្ឌកម្ម​ច្បាស់​លាស់​ទេ កម្ពុជា នឹង​មាន​រដ្ឋាភិបាល​កុម្មុយនិស្ត ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​តែ​មួយ។

ចំពោះ​ម្ចាស់​ជំនួយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ មជ្ឈមណ្ឌល CSIS បាន​សំណូមពរ​ឲ្យ​មាន​ការ​គាំទ្រ និង​ផ្តល់​យន្តការ​ការពារ​ដល់​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ សម្រាប់​សង្គម​ស៊ីវិល​នានា មជ្ឈមណ្ឌល​នេះ បាន​ឲ្យ​ជា​យោបល់ ឲ្យ​មាន​គម្រោង​​បណ្តុះ​បណ្តាល​ដល់​ពលរដ្ឋ​តាម​ជនបទ​ឲ្យ​បាន​ទូលំទូលាយ រួម​នឹង​បង្កើន​វិធានការ​ទ្រទ្រង់​ហិរញ្ញវត្ថុ​ និង​កម្មវិធី​ផ្សេងៗ ដើម្បី​ចៀស​វាង​ហានិភ័យ​ណា​មួយ។ ​

គួរ​ជម្រាប​ជូន​ថា អនុសាសន៍​របស់​មជ្ឈមណ្ឌល​ CSIS បាន​ធ្វើ​ឡើង​​ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ប្រចាំ​ខែ​មិថុនា ឆ្នាំ ២០១៨ ក្រោម​ចំណង​ជើង​ថា សង្គម​ស៊ីវិល​កម្ពុជា​នៅ​ដំណាក់​កាល​ដ៏​គ្រោះ​ថ្នាក់ (Cambodian Civil Society at a Critical Juncture)។ របាយការណ៍ ដែល​បង្ហាញ​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្រោម​គំនាប និង​ការ​បង្ក្រាប​ នា​ពេល​សព្វ​ថ្ងៃ​នេះ ដោយ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​រក្សា​អំណាច​របស់​លោក និង​បំផ្លាញ​យន្តការ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ វាយ​ប្រហារ និង​រឹត​បន្តឹង​លើ​សង្គម​ស៊ីវិល និង​ការ​រំលាយ​បក្ស​ប្រឆាំង​ចោល៕