អានតួអត្ថបទ
កម្ពុជា-សង្គម

​អដ្ឋិធាតុ​មួយ​ចំណែក​របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner យក​មក​ដល់​ខេត្ត​សៀមរាប​ហើយ​

អដ្ឋិធាតុ​មួយ​ចំណែក​របស់​លោក​វេជ្ជបណ្ឌិត Beat Richner អតីត​ប្រធាន​មន្ទីរទេព្យ​គន្ធបុប្ផា ត្រូវ​បាន​ដង្ហែមក​ដល់​មន្ទីរពេព្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​ហើយ​នៅព្រឹក​ថ្ងៃពុធ​នេះ​។​ អដ្ឋិធាតុ​មួយ​ចំណែក​នេះ គឺ​យក​មក​ពី​ប្រទេស​ស្វីស​ជា​កន្លែង​កំណើត​របស់​វេជ្ជបណ្ឌិត​រូប​នេះ ក្រោយ​ពី​លោក​ទទួល​មរណៈភាព​កាល​ពី៤​ខែ​មុន បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​ដោយ​មិន​គិត​ថ្លៃ។ 

ការដង្ហែរអដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងខេត្តសៀមរាប
ការដង្ហែរអដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងខេត្តសៀមរាប @FB
ផ្សាយពាណិជ្ជកម្ម

ការ​ដង្ហែរ​អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត Beat Richnerធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ឈរ​ហែហម​តាម​ផ្លូវ​ពី​សំណាក់​បុគ្គលិក​មន្ទីរពេទ្យ​នេះ សិស្ស​សាលា និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​រាប់​រយ​នាក់​។

អដ្ឋិធាតុ​មួយ​ចំណែក​របស់​លោក​ត្រូវ​បាន​ដឹកនាំ​តាម​យន្ត​ហោះ​ពី​ប្រទេស​ស្វីស​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃ​ពុធ ដោយ​មានការ​ទៅទទួល​ផ្ទាល់​ដោយ​សម្តេច​ចៅហ្វី​វាំង គង់ សំអុល តំណាង​ព្រះមហាក្សត្រ​កម្ពុជា ដង្ហែ​មក​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាខេត្ត​សៀមរាប។ ចំណែក​អដ្ឋិធាតុនេះ​ត្រូវរក្សាទុកធ្វើ​បុណ្យនៅក្នុង​មន្ទីរពេទ្យនេះ​មួយ​យប់​ដើម្បី​ធ្វើបុណ្យ ​ដោយ​មានព្រះសង្ឃ៧០០អង្គ មុន​នឹង​យកទៅ​តម្កល់​ទុកក្នុង​ចេតិយ​ទើប​សង់រួចថ្មី​ៗនៅចំ​ពីមុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​តែ​ម្តង​។

នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ស្អែក​នេះ ក៏​មាន​ព្រះរាជ​វត្តមាន​ព្រះហាក្សត្រ​កម្ពុជា យាង​ថ្វាយ​គ្រឿង​សក្ការៈ​បូជា​នៅ​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់ លោក ប៊ែអាត រិចន័រ ផង​ដែរ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ព្រះបរមរាជវាំង​។

សូមរំឭកថា លោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ទទួល​មរណ​ភាព​ ក្នុង​វ័យ​៧១​ឆ្នាំ ដោយ​រោគា​ពាធ​ កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៨ នៅ​ឯប្រទេស​ស្វីស។ ​លោក​វេជ្ជបណ្ឌិតជា​ជន​ជាតិ​ស្វីស​រូប​នេះ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក ​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​កុមារ​កម្ពុជា តាម​រយៈ​ការ​បង្កើត​មូលនិធិ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជិត​៣០ឆ្នាំ​មក​នេះ។

ថវិកា​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា គឺ​បាន​មក​ពី​សប្បុរស​ជន​ រដ្ឋា​ភិ​បាល​ស្វីស​ និង​រដ្ឋា​ភិបាល​កម្ពុជា។ មាន​កុមារ​ចំនួន​ជាង ១៦​លាន​នាក់​ហើយ ត្រូវ​បាន​ព្យា​បាល​ដោយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ក្នុង​រយៈ​ពេល​២៦ឆ្នាំ​មក​នេះ​។

ក្រោយ​ពី​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ដើម្បី​កុមារ​កម្ពុជា ​លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​នេះ នៅ​ថ្ងៃ​ទី ២៨​មីនា ឆ្នាំ​២០១៧ ដោយ​សារ​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វីស​ជា​ទី​កន្លែង​កំណើត។ ក្រោយ​ពី​អវត្ត​មាន​របស់​លោក​បណ្ឌិត Beat Richner រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​មួល​និធិ​គន្ធ​បុប្ផា ដើម្បី​ផ្គត់​ផ្គង់​ការ​ចំណាយ​នៃ​មន្ទីរ​ពេទ្យ​នេះ​ដោយ​ខ្លួន​ឯង​ តែ​នៅ​រក្សា​មូល​និធិ​ចាស់​ឲ្យ​នៅ​ដដែល ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ