rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាត់ដេរ សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ផលិតផល​សរុប​០,៥​%​បន្ថែម​ទៀត ​បើ​កាត់​បន្ថយ​ថ្ងៃ​ឈប់សម្រាក​៧​ថ្ងៃ

media
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch

យោង​តាម​សំណូមពរ​របស់​វិស័យ​ឯកជន ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល ​និង​ផ្នែក​ឯកជន ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​ថា ​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​កាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក ​និង​ថ្ងៃ​បុណ្យ​ចំនួន​៧​ថ្ងៃ ​ក្នុង​មួយ​ឆ្នាំ​។ ​តាម​លោក ​ហ៊ុន សែន ​ការ​កាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ​ នឹង​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​០,៥​ភាគរយ​។


ឆ្លើយតប​ទៅនឹង​លោក ​វ៉ាន់ ស៊ូអៀង ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(​GMAC​) លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​សម្រេច​ថា​នឹង​ធ្វើការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក ​និង​ថ្ងៃ​បុណ្យ​ចំនួន​៧​ថ្ងៃ ​ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០២០​តទៅ​។

ការ​ធ្វើការ​បន្ថែម​ចំនួន​៧​ថ្ងៃ ​វានឹង​ជម្រុញ​កំណើន​សេដ្ឋកិច្ច ​ផលិតផល​សរុប​ចំនួន ​០,៥​ភាគរយ ​ពោលគឺ​ឡើង​ពី​៦,៥​ភាគរយ ​ទៅ​៧​ភាគរយ ​នៅ​ក្នុង​ឆ្នាំ​២០២០​។ ​នេះបើតាម​លោក ហ៊ុន សែន​។​ ក៏​ប៉ុន្តែ​ដំណឹង​នៃ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ ​ត្រូវបាន​អ្នក​សហជីព​មួយ​ចំនួន​យល់ថា​ ជាការ​ចំណេញ​ដល់​និយោជក​ និង​មាន​ប៉ះពាល់​ដល់​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ​ ដែល​មួយ​សប្តាហ៍​ធ្វើការ​រហូត​ដល់​៤៨​ម៉ោង ​ច្រើន​ជាង​ប្រទេស​ដទៃ​ដែល​មាន​តែ​៤៤​ម៉ោង​។

តែ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ចោទ​ជា​សំណួរ​ថា ​តើ​គេ​គួរ​ទុក​ឲ្យ​ថៅកែ​នៅ​រកស៊ី​ជាមួយ​យើង​ ឬ​ក៏​ឲ្យ​ថៅកែ​ដក​ចេញ​ពី​កម្ពុជា​? ​លោក​នាយក​រដ្ឋមន្ត្រី ​លើកឡើង​ថា ​ដៃ​គូ​ប្រកួត​ប្រជែងនាំចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា ​មាន ​ភូមា ​បង់ក្លាដែស ​ឡាវ ​គេ​មាន​ថ្ងៃ​ឈប់​សម្រាក​តិច​ជាង​កម្ពុជា ​រួមនឹង​ប្រាក់​បៀវត្ស​ទាប​ជាង​កម្ពុជា ​ដែល​នេះ​ចៀស​វាង​ត្រី​រស់ ​ក៏​រួច ​ទន្សាយ​ក៏​រួច​។

ទោះ​យ៉ាងណា ​លោក ​ហ៊ុន សែន ​ក៏​ស្នើ​ឲ្យ​មាន​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​ដែរ ​មុននឹង​ឈាន​ទៅ​ធ្វើប្រតិទិន ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ឆ្នាំ​២០២០ ​ខណៈ​ដែល​មាន​ការ​បង្ហើប​ការ​គិត​ថា ​មាន​ការកាត់​ថ្ងៃ​ឈប់​សម្រាក​ចំរើន​ព្រះជន្ម​ព្រះ​មហាក្សត្រ​ពី​៣​ថ្ងៃ​ឲ្យ​មក​នៅ​១​ថ្ងៃ ​ហើយ​ថ្ងៃ​បុណ្យ​ធំ​ៗរយៈពេល​៣​ថ្ងៃ​ផ្សេង​ទៀត​ត្រូវ​រក្សា​ទុក​ដដែល​។

សូម​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ​មាន​ថ្ងៃ​ឈប់​សម្រាក ​និង​ថ្ងៃ​បុណ្យ​ចំនួន​ពី​២៨​ទៅ​៣០​ថ្ងៃ​។ ​គេហ​ទំព័រ​ Worldatlas ​ដែល​ធ្វើ​ការ​អង្កេត​ទាក់​ទង​ទៅ​នឹង​ពេល​វេលា​ឈប់​សម្រាក​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក ​បង្ហាញ​ថា​ប្រទេស​ស្រី​លង្ការ​ជាប់​ចំណាត់​ថ្នាក់​បន្ទាប់​ពី​កម្ពុជា ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​២៥​ថ្ងៃ​ បន្ទាប់​មក​ប្រទេស​ឥណ្ឌា ​និង​ការ​ហ្សាស្ថាន ២១​ថ្ងៃ ​និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​កូឡំប៊ី​ ហ្វីលីពីន ​ទ្រីនីដាត ​និង​តូបាហ្គូ ​ចិន​ ថៃ ​តួក​គី និង​ប៉ាគីស្ថាន ​ដែល​ប្រទេស​ទាំង​នេះ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​៕