អានតួអត្ថបទ
កម្ពុជា

កំណើន​លក់​ខុន​ដូ​នៅ​កម្ពុជា​ធ្លាក់​ចុះ​២% តែ​ការ​ផ្គត់​ផ្គង់​កើន​ឡើង​ជាង​៥០%

របាយការណ៍​ទីផ្សារ​ខុនដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ ការ​ផ្គត់​ផ្គង់​លក់​ខុន​ដូ​មាន​ចំនួន​១​ម៉ឺន​៣​ពាន់​៧៣០​យូនីត(Unit)​ គឺ​បាន​កើន​ឡើង​៥២​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ឆ្នាំ​២០១៥​កន្លង​ទៅ។ ប៉ុន្តែ​សម្រាប់​កំណើន​ការ​លក់​វិញ បែរ​ជា​ធ្លាក់​ចុះ​តិច​តួច​គឺ​២​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​មុន។

RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ ការ​លក់​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ប្រមាណ​១៣​ភាគរយ​ ប៉ុន្តែ​កំណើន​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​២​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែល​មាន​កំណើន​ដល់​ទៅ​១៥​ភាគ​រយ។ បើ​ទោះ​បី​កំណើន​លក់​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្តី ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​បែរ​ជា​មាន​ការ​កើន​ឡើង​ជាង​៥០​ភាគ​រយ​ឯណោះ។

លោក​កុយ វ៉ាត ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​អគ្គនាយក​ក្រុម​ហ៊ុន​Century 21 Cambodia ដែល​ជា​ក្រុមហ៊ុន​ធ្វើ​របាយការណ៍​ស្តី​ពី​ទីផ្សារ​ខុនដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ការ​ផ្តត់​ផ្គង់​ខុនដូ​មាន​ការ​កើន​ឡើង​នេះ គឺ​ដោយ​សារ​តែ​អ្នក​វិនិយោគ​លើ​វិស័យ​អចលន​វត្ថុ​មាន​ទំនុក​ចិត្ត និង​ចាប់​អារម្មណ៍​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មក​ដល់​ពេល​នេះ គម្រោង​អភិវឌ្ឍន៍​ខុនដូ​ទាំង​សាង​សង់​រួច​ ទាំង​កំពុង​ដំណើរ​ការ និង​មិន​ទាន់​ចាប់​ផ្តើម​សាង​សង់​មាន​ចំនួន​សរុប ១១០​គម្រោង ស្មើ​នឹង​ ១៤៨​អាគារ​មាន​៣​ម៉ឺន​៦​ពាន់​៧​រយ​៤២​យូនីត។ ក្នុង​នោះ​បើ​គិត​មក​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​ ២០១៦​នេះ អាគារ​ខុន​ដូ​ចំនួន​២៤ មាន​៥​ពាន់​១៤​យូនីត ត្រូវ​បាន​សាងសង់​រួច​រាល់។ បើ​គិត​កំណើន​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​វិញ អត្រា​សាង​សង់​ខុន​ដូ​រួច​រាល់​បាន​កើន​៥៣​ភាគ​រយ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៦។

អាគារ​ខុនដូ​ត្រូវ​បាន​ប្រមូល​ផ្តុំ​សាងសង់​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ភាគ​ច្រើន​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ខណ្ឌ​ចំការមន​ ដែល​មាន​៣៩​ភាគ​រយ​ ខណ្ឌ​ទួកគោក​មាន​១២​ភាគ​រយ ខណ្ឌ​សែន​សុខ​មាន​១២​ភាគរយ និង​ខណ្ឌ​ជ្រោយ​ចង្វារ​ជា​ដើម​មាន​៩​ភាគ​រយ។ បើ​តាម​របាយការណ៍​ទីផ្សារ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា យូនីត​នៅ​ក្នុង​ខុន​ដូ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ប្រភេទ គឺ​ប្រភេទ​បន្ទប់​គេង​១ មាន​តម្លៃ​ចាប់​ពី​១​ម៉ឺន​៣​ពាន់​ដល់​៣៣​ម៉ឺន​ដុល្លារ។ ប្រភេទ​បន្ទប់​គេង​ពីរ មាន​តម្លៃ​ចាប់​ពី​ជាង​១​ម៉ឺន​៤​ពាន់​ដុល្លារ​ ដល់​៦៩​ម៉ឺន​ដុល្លារ។ ចំណែក​ប្រភេទ​បន្ទប់​គេង​៣ មាន​តម្លៃ​ចាប់​ពី​២​ម៉ឺន​៩​ពាន់​ដុល្លារ​ដល់​១​លាន​២​សែន​ដុល្លារ។ តម្លៃ​ទាំង​នេះ អាស្រ័យ​ទៅ​លើ​ទំហំ​របស់​យូនីត។

សូម​បញ្ជាក់​ថា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​សាងសង់ និង​ការ​លក់​ខុនដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ជាក់​ស្តែង​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៦​នេះ ប្រតិបត្តិ​ការ​លក់​ខុន​ដូ​ប្រចាំ​ឆ្នាំ​បាន​កើន​ឡើង​១០៤​ភាគ​រយ ដែល​ចំនួន​នេះ​លើស​កាល​ពី​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២។ អតិថិជន​ដែល​ទិញ​ខុន​ដូ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​៧០​ភាគ​រយ​ជា​ជន​បរទេស​ ចំណែក​ជន​ជាតិ​ខ្មែរ​វិញ​មាន​ត្រឹម​តែ​ចំនួន​៣០​ភាគ​រយ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ