អានតួអត្ថបទ
កម្ពុជា-សង្គម

​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​៖ ​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ឆ្នាំ​២០១៨​នៅ​លេខ​រៀង​ដដែល ខណៈ​ពិន្ទុ​ធ្លា​ក់​ចុះ​

អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាឡឺម៉ង់ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី ២៩ មករានេះ ស្តី​ពី​សន្ទទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៃ​ប្រទេស​ចំនួន​១៨០​នៅ​លើ​ពិភពលោក ក្នុង​នោះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​វាយ​តម្លៃ​ថា ស្ថិត​នៅ​លេខ​រៀង​ទី ១៦១ ក្នុង​ចំណោម​ប្រទេស​១៨០​។ បើ​ផ្អែក​តាម​ចំណាត់​ថ្នាក់​នេះ កម្ពុជា​នៅ​រក្សា​បាន​លេខ​រៀង ១៦១ ដដែល បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ កម្ពុជា​បាន​រមៀល​ធ្លាក់​ចុះ ១ ពិន្ទុ ពោល​គឺ​ពី​២១​ពិន្ទុ​នៅ​ឆ្នាំ​ ២០១៧ មក​នៅ​ត្រឹម ២០​ពិន្ទុ​នៅ​ឆ្នាំ​ ២០១៨។ សម្រាប់​ចំណាត់​ថ្នាក់​នេះ កម្ពុជា​នៅ​តែ​មាន​អំពើ​ពុករលួយ​ខ្ពស់​ដដែល​។ 

សកម្មភាពពីសន្និសីតនៃការវាយតម្លៃទៅលើចំណាត់ថ្នាក់នៃអំពើពុករលួយរបស់កម្ពុជា ដោយអង្គការតម្លាភាពអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ
សកម្មភាពពីសន្និសីតនៃការវាយតម្លៃទៅលើចំណាត់ថ្នាក់នៃអំពើពុករលួយរបស់កម្ពុជា ដោយអង្គការតម្លាភាពអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ @FB/ Transparency International Cambodia
ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយការណ៍​នេះ បើ​ទោះ​បី​កម្ពុជា​រក្សា​បាន​លេខ​រៀង​១៦១ ក្នុង​ចំណោម​ប្រទេស​១៨០ ដូច​ឆ្នាំ​មុន​ក្តី ប៉ុន្តែ ២០ពិន្ទុនេះ មាន​ន័យ​ថា កម្ពុជា​នៅ​តែ​មាន​កំរិត​អំពើ​ពុក​រលួយ​ខ្ពស់ និង​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ចំណាត់​ថ្នាក់​ទាប​បំផុត​ទី៣ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាឡឺម៉ង់ នៅ​ថ្ងៃទី ២៩ មករា​នេះ​។

បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ កត្តា​ដែល​ទាញ​ទម្លាក់​ពិន្ទុ​កម្ពុជា​ឲ្យ​ធ្លាក់ ១ពិន្ទុ ពោល​គឺ​ពី​២១ពិន្ទុ​នៅ​ឆ្នាំ ២០១៧ មក​នៅ​ត្រឹម ២០ពិន្ទុនៅឆ្នាំ ២០១៨ នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពី​១៩​ពិន្ទុ​នៅ​ឆ្នាំ ២០១៧ មក​នៅ​ត្រឹម ១២​ពិន្ទុ​នៅ​ឆ្នាំ​២០១៨​។ នោះ​បើ​យោង​តាម​សូ​ចនាករ​ចំនួន​៨ ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ប្រភព​ក្នុង​ការ​វាយ​តម្លៃ​នៃ​អំពើ​ពុករលួយ​នៅ​កម្ពុជា​។ ក្នុងនោះ រួម​មាន​ប្រភព​មក​ពី ទីភ្នាក់​ងារ​ប្រឹក្សា​ហានិភ័យ​នយោបាយ និង​សេដ្ឋកិច្ច​ទ្វីប​អាស៊ី (PERC) ការ​ស្ទង់​មតិ​ពី​ធុរជន​នៃ​វេទិការ​សេដ្ឋកិច្ច​ពិភព​លោក (WEF) ចំណាត់​ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​ស្តី​ពី​ការ​យល់​ដឹង​ជា​សកល ឆ្នាំ ២០១៧-២០១៦ (GI) ចំណាត់​ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​សេដ្ឋវិទូ ឆ្នាំ ២០១៨ និង​ឆ្នាំ​២០១៧ (EIU) សន្ទស្សន៍​ស្តី​ពី នីតិ​រដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភព​លោក (WJP) សន្ទស្សន៍​នៃ​បម្រែ​បម្រួល​របស់​មូល​និធិ Bertelsmann (BF) និង​ការ​វាយ​តម្លៃ​ស្ថាប័ន និង​គោល​នយោបាយ​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ឆ្នាំ ២០១៧ ជា​ដើម​។

នាយក​អង្គការ​តម្លា​ភាព​កម្ពុជា លោក ព្រាប កុល បាន​កត់​សំគាល់​ថា រាល់​ឆ្នាំ​ដែល​កម្ពុជា​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត គឺ​តែង​តែ​ទាញ​ទម្លាក់​ពិន្ទុ​នៃ​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​១ពិន្ទុ​។ ជាក់​ស្តែង​កាល​ពី​ឆ្នាំ​២០១៣ សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​២២​ពិន្ទុ​នៅ​ឆ្នាំ ២០១២ មក​នៅ​ត្រឹម ២០​ពិន្ទុ​នៅ​ឆ្នាំ ២០១៣ ហើយ​បាន​ធ្លាក់​ចុះ​ម្តង​ទៀត ពី​២១​ពិន្ទុ​ក្នុង​រយៈ​ពេល​៤ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ ២០១៤​មក​ដល់​ឆ្នាំ​២០១៧​នៅ​ត្រឹម​២០​ពិន្ទុ​នៅ​ឆ្នាំ ២០១៨​នេះ​។ ទោះ​ជា​ចំណាត់​ថ្នាក់​នេះ មាន​ន័យ​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​សាធារណៈ​របស់​រដ្ឋ​នៅ​តែ​មាន​កម្រិត​ធ្ងន់​ធ្ងរ​ក្តី តែ លោក ព្រាប កុល បាន​លើក​ឡើង​ពី​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​លើ​វិស័យ​មួយ​ចំនួន ដូច​ជា ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម វិស័យ​អប់រំ និង​ការ​ផ្តល់​សេវា​នៅ​តាម​មូល​ដ្ឋាន ខណៈ​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​នៅ​តែ​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​នៅ​ឡើយ​នោះ​។

សូម​ជំរាប​ជូន​ថា ផ្អែក​តាម​របាយការណ៍​នេះ ប្រទេស Denmark គឺ​ជា​ប្រទេស​ដែល​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​ប្រទេស​ស្អាត​ស្អំ​ជាង​គេ​ក្នុង​ចំណោម​១៨០​ប្រទេស ខណៈ​ដែល​ប្រទេស​ស៊ូម៉ាលី ស៊ីរី ស៊ូដង់​ខាង​ត្បូង យ៉េម៉េន និង​កូរ៉េ​ខាង​ជើង ជា​ប្រទេស​ដែល​ស្ថិត​នៅ​បាត​តារាង​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្លា​ជាង​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ