អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន​ថ្កោល​ទោស ការ​កាត់​ទោស​ លោក រ៉ាត់ រ័ត្នមុនី ពាក់ព័​ន្ធ​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ​ «​ម្តា​យ​ខ្ញុំ​ លក់​ខ្ញុំ​»​

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ឬ Reporter Without Border បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ កាល​ពីថ្ងៃទី ២៦ មិថុនា ដោយ​សម្តែង​ការ​រន្ធត់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​កាត់​ទោស​លោក រ៉ាត់ រ័ត្នមុនី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៧០លាន​រៀល​។ អង្គការ​នេះ បាន​ថ្កោល​ទោស​ថា ការ​កាត់​ទោស​របស់​តុលាការ​នេះ មិន​ត្រឹម​ត្រូវ និង​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក​ រ៉ាត់ រ័ត្នមុនី។ សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី ២៦ ខែមិថុនា​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្តន្ទា​ទោស​លោក រ៉ាត់ រត្ន័មុនី ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ និង​សង​ជំងឺ​ចិត្ត​ជា​ប្រាក់​៣៥​លាន​រៀល​ក្នុង​ម្នាក់​ ទៅ​ឲ្យ​២​នាក់​បង​ប្អូន​ដែល​ជា​ដើម​បណ្តឹង​។ 

លោក រ៉ាត់ រ័ត្នមុនី ដែលកំពុងជាប់ទោស
លោក រ៉ាត់ រ័ត្នមុនី ដែលកំពុងជាប់ទោស @សហការី
ផ្សាយពាណិជ្ជកម្ម

សាល​ក្រម​នេះ ត្រូវ​បាន​ប្រកាស​ដោយ​លោក កូយ សៅ ជា​ចៅ​ក្រម​ជំនុំ​ជម្រះ និង​លោក វង្ស ប៊ុនវិសុទ្ធ ជា​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដោយ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​លោក រ៉ាត់ រ័ត្នមុនី រយៈ​ពេល​ពីរឆ្នាំ និង​បង្គាប់​ឲ្យ​លោក រ៉ាត់ រ័ត្នមុនី បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​៣៥​លាន​រៀល​ទៅ​ឲ្យ​ដើម​បណ្តឹង​២​នាក់​បង​ប្អូន​។

គួរ​រំលឹក​ជូន​ថា លោក រ៉ាត់ រ័ត្នមុនី អតីត​មន្ត្រី​សហជីព​ផង​នោះ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា លោក​បាន​ចូល​រួម​ផលិត​ភាព​យន្ត​ឯកសារ ដែល​មាន​ចំណង​ជើង​ថា «ម្តាយ​ខ្ញុំ លក់​ខ្ញុំ» ឲ្យ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី (RT)។ ជា​ខ្សែ​ភាពយន្ត​ឯកសារ ដែល​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តី​ថ្លៃ​ថ្នូ​កម្ពុជា​។ លោក​ត្រូវ​បាន ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក សេង ប្ញទ្ធី សម្រេច​ឃុំខ្លួន នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨​។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ស្រី ឡុង គីមហ៊ាង ដែល​ជា​ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី ធ្លាប់​បាន​អះអាង​ថា ស្វាមី​របស់​អ្នកស្រី គ្រាន់​តែ​ជា​អ្នក​បក​ប្រែ​ភាសា​តែ​ប៉ុណ្ណោះ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​នោះ​ឡើយ​។ កន្លង​មក អ្នកស្រី​និង​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ទៀត ក៏​បាន​ខិត​ខំ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ឲ្យ​ជួយ​ស្វាមី​លោកស្រី​ផង​ដែរ តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ​។

សូម​បញ្ជាក់​ថា ខ្សែ​ភាព​យន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់​ខ្ញុំ» គឺ​ជា​ខ្សែ​ភាព​យន្ត​ដែល​និយាយ​ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បាន​លក់​កូន​ស្រី​ខ្លួន​ឯង ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវភាព និង​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​នៃ​ការ​ប្រកប​អាជីវកម្ម​ផ្លូវ​ភេទ​នៅ​កម្ពុជា​ផង​។ ជា​ខ្សែ​ភាព​យន្ត ដែល​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា បាន​ជា​ការ​មួល​បង្កាច់​កិត្យានុ​ភាព កិតិ្តយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ស្ត្រី​ខ្មែរ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ លោក សំ ទិត្យសីហា មេធាវី​របស់​លោក រ៉ាត់ រត្នមុនី បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ថា អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក និង​ត្រៀម​ប្តឹង​ឧទ្ធរណ៍​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ