rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សារព័ត៌មាន សេរីភាព​សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

និពន្ធ​នាយក​ និង​អ្នក​កាសែត​បរទេស​២​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ថៅកែ​ថ្មី

media
លោក​កៃ គឹមសុង ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ @សហការី

លោក ​កៃ គឹម​សុង​ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ត្រូវបាន​ម្ចាស់​កាសែត​ថ្មី​ជនជាតិ​ម៉ាឡេស៊ី បញ្ឈប់​ពី​ការងារ​ចាប់​ពី​ថ្ងៃនេះ​ទៅ​។ ​លោក ​កៃ គឹម​សុង ​ដែល​បម្រើ​ការងារ ​នៅ​ក្នុង​កាសែត​នេះ ​រយៈពេល​១០​ឆ្នាំ ​បាន​ថ្លែង​ថា​ម្ចាស់​គ្រប់គ្រង​ថ្មី ​បញ្ឈប់​រូប​លោក ​ដោយលើក​មូលហេតុ​ថា លោក​បាន​ធ្វើ​កំហុស​ធំ​មួយ ​ដោយ​បាន​អនុញ្ញាត​ឲ្យ​កាសែត​មួយ​នេះ ​ចេញផ្សាយ​​នៅលើ​ទំព័រមុខ នូវអត្ថបទ ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ ម្ចាស់​ក្រុមហ៊ុន ​Post Media។


បន្ទាប់​ពី​ការ​ប្រកាស​បញ្ឈប់​ពី​ការងារ​លោក​កៃ គឹម​សុង ​ថ្លែង​ប្រាប់​វិទ្យុ ​RFI ​យ៉ាង​ខ្លី​​ថា​​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ​ហើយ​ការ​សម្រេច​នេះ​ក៏​មិន​មាន​ការ​សម្រប​ស​ម្រួ​ល​​ណា​មួយ​ដែរ​ជាមួយ​អ្នក​គ្រប់គ្រង​ថ្មី​របស់​ក្រុមហ៊ុន​ Post Media​។ ​ភ្លាម​ៗ​សហការី​អ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ​ក៏បាន​ធ្វើការ​ជួបជុំ​គ្នា​ដែរ​ ដើម្បី​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​បណ្តេញ​និពន្ធ​និ​យក​របស់​ពួកគេ​ចេញពី​ការងារ​។

ទាក់ទង​ទៅនឹង​ការ​បញ្ឈប់ ​លោក​កៃ គឹម​សុង ដូច្នេះ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្មី​ជនជាតិ​ម៉ាឡេស៊ី លោក SIVAKUMAR Ganapathy បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី៦ឧសភា​ថា ការចុះផ្សាយ​អត្ថបទ​ស្តីពី​ការដូរ​ការកាន់កាប់​កាសែត​នេះ គឺជា​រឿង​ដ៏​អាម៉ាស់​និង​ជាការ​ប្រមាថ​ដល់​កាសែត​ដែល​អះអាងថា​ខ្លួន​ឯករាជ្យ​មួយ​នេះ។ បន្ថែម​ពីនេះ ម្ចាស់​កាសែត​ថ្មី​បញ្ជាក់ដែរថា ទង្វើរ​នេះ គឺ​វា​លើស​ព្រំដែន​របស់​កាសែត ដែលជា​ការរំលោភ​ធ្ងន់ធ្ងរ ចំពោះ​បទបញ្ជាផ្ទៃក្នុង​និង​គោលការណ៍​ទិញ លក់ និង​កាន់កាប់ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ។ លិខិត​លោក SIVAKUMAR ក៏បាន​បញ្ជាក់​ផងដែរ ពី​ការបញ្ឈប់​អ្នកកាសែត​បរទេស២នាក់​ផ្សេងទៀត​គឺ​លោក Brendan O’Byrne និង​លោក​Ananth Baliga។

ជាមួយ​គ្នា​នេះ លោក Brendan O’Byrne និង​លោក ​Ananth Baliga ជា​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ស្តីពី​ការដូរ​ថៅកែ​កាសែត បាន​សរសេរ​នៅលើ​ទំព័រ​ Twitter ដែរ​ថា ពួកគេ​ទាំង២ បាន​លា​ឈប់​ពី​ស្ថាប័ន​កាសែត​មួយ​នេះ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ប្រាប់​ឲ្យ​លុបចោល​ព័ត៌មាន​ពី​ប្រព័ន្ធ​អន​ឡាញ រឿង​ការលក់ដូរ ​Post Media​ ទៅ​ថៅកែ​ថ្មី។

សូម​រំលឹកថា​ កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​ផ្ទុះឡើង​នូវ​វិវាទ​ការងារ​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​កាសែត​ក៏បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជំពាក់​ពន្ធ​រដ្ឋ​ផង​ដែរ ​ដែល​នេះ​បានកើត​ឡើង បន្ទាប់ពី​កាសែត​ជា​ភាសា​អង់គ្លេស​មួយ​ទៀត The Cambodia Daily បាន​ប្រកាស​បិទ​ដំណើរ​ការ​របស់ខ្លួន​កាលពី​ខែ​កញ្ញា​ឆ្នាំទៅ ដោយ​មូលហេតុ​ជំពាក់​ពន្ធ​រដ្ឋ​ចំនួន​ជាង​៦​លាន​ដុល្លារ៕