អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រដូវ​ភ្ជុំ​បិណ្ឌ៖ ​ហេតុអ្វី​តម្លៃ​ឈ្នួល​រថយន្ត​ឡើង​ថ្លៃ​រាល់​តែ​ឆ្នាំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឲ្យ​តែ​ដល់​ពេល​រដូវ​កាល​បុណ្យ​ទាន​ម្តង​ៗ​ ថ្លៃ​ឈ្នួល​ឡាន និង​សំបុត្រ​ឡាន​ក្រុង​ គឺ​ដឹង​តែ​ពី​ឡើង​ថ្លៃ។ មិន​ថា​បុណ្យ​ចូល​ឆ្នាំ ឬ​ភ្ជុំ​បិណ្ឌ​នោះ​ទេ អ្នក​ដំណើរ​ដែល​ត្រូវ​ជិះ​ឡាន​ទៅ​ស្រុក​កំណើត​ គឺ​តែងតែ​ត្អូញត្អែ និង​បន្ទោស​អ្នក​នេះ​ ឬ​អ្នក​នោះ​ ដែល​នៅ​ពី​ក្រោយ​ការ​ឡើង​ថ្លៃ​ឈ្នួល​។ ឆ្លៀត​ឱកាស​នេះ ហេង ឧត្តម សូម​ចូលខ្លួន​មក​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ និង​សាកល្បង​ផ្តល់​ដំណោះ​ស្រាយ​មួយ​ចំនួន។

ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។​
ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ​កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។​ ©Reuters
ផ្សាយពាណិជ្ជកម្ម

ចំពោះ​ការ​ឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ដឹក​អ្នក​ដំណើរ​នេះ ជា​រឿយ​ៗ ​ភាគី​ខាង​ថៅកែ​ក្រុម​ហ៊ុន​ តែងតែ​អះអាង​ថា ខ្លួន​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​ធម្មតា សម្រាប់​ជួល​បុគ្គលិក​ ​ឲ្យ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​ពេល​បុណ្យ​ទាន​។ ក្រុម​បុគ្គលិក​ ដែល​មិន​បាន​ឈប់​សម្រាក​ មិន​បាន​ទៅ​លេង​បង​ប្អូន​ក្រុម​គ្រួសារ ហើយ​ពួកគេ​ត្រូវ​ធ្វើ​ការ​ច្រើន​ទៀត​ ដូច្នេះ​តម្លៃ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​សម្រាប់​ពួកគេ​ ក៏​ត្រូវ​គុណ​ឡើង​ឲ្យ​ពួកគេ​ច្រើន​ជាង​ធម្មតា​ដែរ​។ ហេតុនេះ​ ខាង​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ច្រើន​ជាង​ថ្ងៃ​ធម្មតា​សម្រាប់​ជួល​បុគ្គលិក​។

លើស​ពីនេះ ចំពោះ​រថយន្ត​ឈ្នួល ពេល​ដឹក​មនុស្ស​ចេញ​ពី​ក្រុង​ទៅ​ច្រើន​នាក់​មែន​ តែ​ពេល​ត្រឡប់​ចូល​ក្រុង​វិញ គឺ​អត់​មាន ​ឬ​ស្ទើរ​គ្មាន​អ្នក​ជិះ​មក​វិញ​ទេ។ ដូច្នេះ តម្លៃ​ឈ្នួល ឬ​តម្លៃ​សំបុត្រ គឺ​ត្រូវ​ឡើង ជៀស​មិន​ផុត ដើម្បី​ទប់​ទល់​ការ​ខាត​បង់ ដែល​អត់​មាន​ភ្ញៀវ​ជិះ​ត្រឡប់​មកវិញ​។

ជា​ធម្មតា​ទេ បើ​មនុស្ស​សម្រុក​ធ្វើ​ដំណើរ​ច្រើន ហើយ​ឡាន​ឈ្នួល​មាន​តិច ទោះ​ចង់​មិន​ចង់​ តម្លៃ​ឈ្នួល​ច្បាស់​ជា​កើន​ឡើង​។ ដែល​នេះ ​គេ​អាច​និយាយ​តាម​ទ្រឹស្តី​សេដ្ឋកិច្ច​បាន​ថា ទំនិញ​សេវាកម្ម​លក់​ដាច់​ច្រើន ហើយ​ការ​ផ្គត់ផ្គត់​សេវា ​មាន​តិចតួច​ គឺ​ត្រូវ​តែ​ឡើង​ថ្លៃ​ដូច្នេះ​ហើយ។​ នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។

មួយ​វិញ​ទៀត ប្រេង​សាំង​ និង​ប្រេង​ម៉ាស៊ូត បើ​ទោះបី​ជាមិន​បាន​ឡើង​ថ្លៃ​ច្រើន​ក៏​ដោយ ក៏​ក្នុង​តម្លៃ​រាល់​ថ្ងៃ​នេះ​ គឺ​ជា​លេស​មួយ​សម្រាប់​ភាគី​ខាង​រថយន្ត​ដឹក​អ្នក​ដំណើរ​ ចាត់​ទុក​ថា​នៅ​តែ​ថ្លៃ​ខ្ពស់​សម្រាប់​ពួក​គេ​នៅ​ឡើយ។

ម្យ៉ាង​វិញ​ទៀត ចំពោះ​ក្រុម​ហ៊ុនឯក​ជន និង​អ្នក​រកស៊ី ជា​ធម្មតា​ទេ​ គឺ​តែងតែ​ចង់​បាន​ចំណេញ​។​ បើ​ក្នុង​ពេល​បុណ្យ​ទាន គឺ​មាន​មនុស្ស​ជិះ​ច្រើន ដូច្នេះ ​កៅអីជិះ​គឺ​ពេញៗ​​ ហើយ​បើ​តម្លៃ​សំបុត្រ​កាន់​តែ​ឡើង​ខ្ពស់​ទៀត នោះ​គឺ​គេ​រឹតតែ​ចំណេញ​កាន់​តែ​ច្រើន​ដែរ។​

ធំ​ដុំ​ជាង​នេះ​ទៅ​ទៀត កម្ពុជា​អនុវត្ត​គោល​នយោបាយ​ទីផ្សារ​សេរី ដែល​ផ្នែក​ឯកជន​អាច​ដំឡើង​ ឬ​បញ្ចុះ​ថ្លៃ​តាម​ចិត្ត​ ហើយ​គោលការណ៍​ទីផ្សារ​សេរី តម្រូវ​ឲ្យ​ប្រកួត​ប្រជែង​គ្នា ទាំង​តម្លៃ​និង​សេវាកម្ម ​ដោយ​សេរី​ ដែល​រដ្ឋាភិបាល​មិន​អាច​ដាក់​បញ្ជា​ ឬ​ដាក់​កម្រិត​តម្លៃ​ណា​មួយ​បាន​នោះ​ទេ។

ហេតុនេះ ចំពោះ​មុខ​នៃ​បញ្ហា​ឡើង​ថ្លៃ​ឈ្នួល​ដូច្នេះ តើ​គេ​អាច​មាន​ដំណោះ​ស្រាយ​អ្វីខ្លះ សម្រាប់​ប្រជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត?

ចំណុច​នេះ រដ្ឋាភិបាល​ បាន​អំពាវនាវ​រួច​មក​ហើយ និង​ថែម​ទាំង​បាន​គិត​គូរ​តាម​រយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ កាល​ពេល​ថ្មី​ៗ​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកអ្នក​ដំណើរ​ចំនួន​ ១៤​ក្នុង​ចំណោម​ ៣១​ក្រុមហ៊ុន បាន​សន្យា​ និង​ប្តេជ្ញា​ចិត្ត​ថា នឹង​មិន​ឡើង​ថ្លៃ​ទេ ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ នេះ​គឺ​ជា​ដំណឹង​ល្អ​ ហើយ​ក៏​ជា​ការ​គួរ​ឲ្យ​អបអរ​សាទរ!​ ក៏ប៉ុន្តែ​វិធានការ​នេះ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ។ ត្បិត​ថា នៅ​មាន​ក្រុម​ហ៊ុន​ជាង​ពាក់​កណ្តាល​ទៀត ដែល​មិនទាន់​ប្តេជ្ញាចិត្ត​អនុវត្ត​ការ​មិន​ឡើង​ថ្លៃ ហើយ​នៅ​មាន​ក្រុម​ឡាន​ឈ្នួល​ឯកជន​ ឡាន​ប្រភេទ​តូចៗ​ ១២ ឬ ១៤​កៅអី,​ ឡាន​តូរីស, នីសាន់ ឡាន​ផ្សេងៗ​ទៀត គឺ​នៅ​តែ​បន្ត​ឡើង និង​កាន់​តែ​ឡើង​ថ្លៃ​ទ្វេដង។ ទោះ​យ៉ាង​ណា​ក្តី អាជ្ញាធរ ត្រូវ​តែ​បន្ត​ប​ញ្ជុះ​បញ្ចូល​ក្រុមហ៊ុន​ទាំងអស់​ ​ឯកភាព​គ្នា ព្រម​ចុះ​កិច្ច​សន្យា​មិន​ដំឡើង​ថ្លៃ​សំបុត្រ​រថយន្ត​ដឹក​អ្នក​ដំណើរ​ជាបន្ត​បន្ទាប់​ទៀត​។

ដំណោះ​ស្រាយ​ផ្សេង​ទៀត គឺ​នៅ​តែ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ ចំពោះ​ការ​ផ្តល់​សេវា​ ដែល​ជា​ប្រយោជន៍​សមូហភាព​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ចំណុច​នេះ រដ្ឋ​អាច​ត្រូវ​គិត​គូរ​ពី​ការ​ឧបត្ថម្ភ​ធនធាន​ដល់​ក្រុមហ៊ុន​រថយន្ត ឲ្យ​រក្សា​តម្លៃ​សម្រាប់​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ក្នុង​តម្លៃ​ថេរ​ដដែល ហើយ​រដ្ឋបង់​ថ្លៃ​ខាត​ជូន​ក្រុមហ៊ុន។ ប៉ុន្ថែម​ពីនេះ រដ្ឋ​ត្រូវ​ជួយ​សម្រួល​រក្សា​តម្លៃ​សាំង ឬ​ក៏​ចរចា​ជាមួយ​ស្ថានីយ​ឥន្ធនៈ ​បញ្ចុះ​ថ្លៃ​ប្រេង​សាំង​ និង​ប្រេង​ម៉ាស៊ូត​តែម្តង។

ផ្លូវ​ល្អ​មួយ​ទៀត ហើយ​ក៏​អាច​ជា​ដំណោះស្រាយ​រយៈ​ពេល​យូរផង​ដែរ​! រដ្ឋ​គួរ​តែ​ទិញ​រថយន្ត​ ឬ​ជួល​រថយន្ត​ផ្ទាច់​មុខ សម្រាប់​ដឹក​អ្នក​ដំណើរ​ទៅស្រុក​កំណើត​ដោយ​មិន​គិត​ថ្លៃ ឬ​យក​ប្រាក់​ដែរ តែ​ក្នុង​តម្លៃ​ថោក​បំផុត។ ត្រង់​នេះ គឺ​ទំនង​ជា​មិន​លំបាក​ធ្វើ​ទេ បើ​គ្រាន់​តែ​អំពាវនាវ​ឲ្យ​មហាសេដ្ឋី​ស្រុក​ខ្មែរ និង​ឧកញ៉ា​ជាង​ ៧០០នាក់ ឲ្យ​ជួយ​គិត​គូរ​នោះ។ ឧទាហរណ៍​ថា គ្រាន់​តែ​ឧកញ៉ា​នីមួយៗ​រាប់​រង​ផ្នែក​ដឹក​ជញ្ចូន​អ្នក​ដំណើរ​ទៅ​កាន់​ខេត្ត​ក្រុង​របស់​ខ្លួន​នីមួយៗ គឺ​គ្រប់​គ្រាន់​ស្រេច​ទៅ​ហើយ។

ថែម​ពី​នេះ​ សម្រាប់​រដូវ​កាល​បុណ្យ​ទាន​ធំៗ​ រដ្ឋ​គួរតែ​អាច​ប្រមែ​ប្រមូល​រថយន្ត​ពី​គ្រប់​ក្រសួង ស្ថាប័ន និង​មន្ទីរ​នានា​របស់​រដ្ឋ ដាក់​ឲ្យ​រត់​ដឹកអ្នក​ដំណើរ ដោយ​ចេញ​ថ្លៃ​សាំង ហើយ​ថែម​កម្រៃ​លុយ​កាក់ ជួល​អ្នក​បើកបរ​ទៅ​ គឺ​ល្អ​ណាស់​ទៅ​ហើយ។ នៅ​ពេល​ធ្វើ​ដូច្នេះ ពលរដ្ឋ​កាន់​តែ​ត្រេកអរ​ និង​កាន់​តែ​ដឹក​គុណ​រដ្ឋ​ទៀត​ផង​។

ចុងក្រោយ​ រដ្ឋាភិបាល ត្រូវ​តែ​បន្ត​គម្រោង​ពង្រីក​សេវា​រថយន្ត​សាធារណៈ​ ឲ្យ​បាន​ទៅដល់​គ្រប់​ខេត្ត​ក្រុង​។ ដំណោះស្រាយ​នេះ សម្រាប់​និរន្តរភាព​យូរ​អង្វែង​ ហើយ​ក៏​អាច​នឹង​បង្កើន​ទំនុក​ចិត្ត និង​សេចក្តី​ស្រឡាញ់​ពី​សំណាក់​ពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ថែម​ទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ