rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អង្គ​ការ​សង្គម​ស៊ីវិល ​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​លុប​ចោល​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ធ្វើ​សកម្ម​ភាព​ស្វ័យ​និយោជន៍​នៅ​កម្ពុជា​

media
ការលក់ដូររបស់ប្រជាពលរដ្ឋខ្មែរ @Internet

អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ចំនួន​៥៤ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​សម្តែង​នូវ​ការ​ខក​ចិត្ត​ចំពោះ​ការ​អនុញ្ញាត​ឡើង​វិញ​នៃ​សកម្ម​ភាព​ស្វ័យ​និយោជន៍​ដោយ​ជន​បរទេស​។ ការ​ជំទាស់​តវ៉ា​នេះ ធ្វើ​ឡើង​តែ​២ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រសួង​ការងារ​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា អាច​ប្រកប​របរ ឬ​ធ្វើ​ការងារ​បាន​ធម្មតា​ឡើង​វិញ​។ 


ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​សមាគម សហ​ជីព ដែល​កំពុង​ធ្វើ​ការ​ជាមួយ​កម្មករ​ក្នុង​ប្រព័ន្ធ និង​កម្មករ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កម្មករ​ស្វ័យ​និយោជន៍ បាន​ហៅ​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ផ្សេងៗ ដូច​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ ថា​មិន​មែន​ជា​ការ​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ទេ តែ​ផ្ទុយ​ទៅ​វិញ បាន​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់ កម្មករ និង​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ប្រកប​មុខ​របរ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កម្មករ​ស្វ័យ​និយោជន៍​។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សហ​ជីព និង​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ស្វ័យ​និយោជន៍​គឺ​ជា​ការ​បើក​ឱកាស​ឲ្យ​ជន​បរទេស​មក​ធ្វើ​ការ «ដណ្តើម​មុខ​របរ​របស់​កម្មករ និង​ប្រជា​ពលរដ្ឋ​ខ្មែរ» ហើយ​ពួក​គេ​ប្រឈម​នឹង​ការ​បាត់​បង់​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​ជីវ​ភាព​គ្រួសារ​កាន់​តែ​ដុន​ដាប និង​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​។

កាល​ពីថ្ងៃទី២៨ ខែសីហា កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា បាន​សម្រេច​ធ្វើ​ការ​ហាម​ឃាត់​ជន​បរទេស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រកប​មុខ​របរ និង​ធ្វើ​ការងារ​ចំនួន ១០​ប្រភេទ​។ មុខ​របរ​ទាំង​១០​នោះ រួម​មានអ្នក​បើក​បរ​យាន​ជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវ​កម្ម អ្នក​លក់​ដូរ​ដោយ​មធ្យោ​បាយ​ថ្មើរ​ជើង ឬ​យាន​ជំនិះ​គ្រប់​ប្រភេទ នៅ​ទីសាធារណៈ អ្នក​ម៉ាស្សា ចាប់​សរសៃ​តាម​ទីសាធារណៈ អ្នក​កាត់​សក់ អ៊ុត​សក់ និង​ថែ​រក្សា​សម្ផស្ស អ្នក​ផ្តល់​សេវា​កម្ម​ដេរ និង​សម្អាត​ស្បែក​ជើង អ្នក​កាត់​ដេរ អ្នក​ប៉ះ​កង់ ជាង​ជួស​ជុល​យាន​យន្ត អ្នក​ផលិត​វត្ថុ​អនុស្សាវ​រីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធ​រូប និ​ងជាង​ទង ជាង​ច្នៃ​ត្បូង​ពេជ្រ​។

ក៏​ប៉ុន្តែ ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី០៥​តុលា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយ​ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជា អាច​ប្រកប​របរ ឬ​ធ្វើ​ការងារ​បាន​ធម្មតា​ឡើង​វិញ ដោយ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា យោង​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជន​បរទេស​ក្នុង​វិស័យ​សេវា​កម្ម និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។

ក៏​ប៉ុន្តែ​សហ​ជីព និង​អង្គ​ការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា​គឺ​ជា​អនុវត្ត​ផ្ទុយ​ពី​គោល​នយោ​បាយ​គាំពារ​សង្គម​របស់​រដ្ឋា​ភិបាល​ឆ្នាំ​២០១៦-២០២៥ និង​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ពិចារ​ណា និង​លុប​ចោល​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​ធ្វើ​សកម្ម​ភាព​ស្វ័យ​និយោជន៍​នៅ​កម្ពុជា​៕