អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​ថា​ទីផ្សារ​អ្នក​ទិញ​ផ្ទះ​២​ម៉ឺន​ដុល្លារ​ចុះ​ក្រោម​មាន​ច្រើន​ តែ​គ្មាន​ការ​ផ្គត់​ផ្គង់

អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​បាន​លើក​ឡើង​ថា​ក្រុម​ហ៊ុន​ អចលន​ទ្រព្យ​ក្នុង​ប្រទេស​ បាន​កំណត់​គោល​ដៅ​ទីផ្សារ​រប​ស់ខ្លួន​ខុស​ ព្រោះ​ទីផ្សារ​ ដែល​ធំ​បំផុ​ត​គឺ​អ​តិថិ​​ជន ដែល​មាន​ចំណូល​ក្រោម​មធ្យម​ ហើយ​បច្ចុប្បន្ន​គ្មាន ការ​ផ្គត់​ផ្គង់​សម្រាប់​ទីផ្សារ​នេះ​ទេ។​ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នេះ ​ចំពេល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ពីគម្រោងផ្ទះរដ្ឋ ដែល​មាន​តម្លៃ​ចាប់​ពី​២ម៉ឺន​ដុល្លារ​​ឡើង​ទៅ ​ហើយ​គ្រោង​នឹង​បើក​ការ​ដ្ឋាន​របស់​ខ្លួន​នៅដើ​ម​ឆ្នាំ២០១៧​ខាង​មុខ​នេះ។

រូបភាពតំណាង៖ សំណង់​​អគារ​​កំពុង​​សាងសង់​ នៅ​​ភ្នំពេញ​
រូបភាពតំណាង៖ សំណង់​​អគារ​​កំពុង​​សាងសង់​ នៅ​​ភ្នំពេញ​ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​​សមាគម​​អ្ន​ក​វាយ​​តម្លៃ ​​និ​ង​ភ្នាក់​ងារអចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​មាន​អតិថិជន​ក្រោម​មធ្យម​ប្រមាណ​៧០​ភាគ​រយ ​ដែល​មាន​ចំណូល​ពី​៣០០ដុល្លារ ដល់​៥០០​ដុល្លារ​ គ្មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ ​ដែល​មាន​តម្លៃ​ពី​៧ម៉ឺន​ដុល្លារ​ ទៅ​១០​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។ លោក​កត់​សម្គាល់​ថា​នេះ​ មិន​មែន​បង្ហាញ​ថា​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​មាន​បញ្ហា​នោះ​ទេ ​ប៉ុន្តែ​បង្ហាញថា​ក្រុម​ហ៊ុន​ទាំង​អស់​នោះ​បាន​កំណត់​គោល​ដៅ​ទីផ្សា​រ​របស់​ខ្លួន​ខុស។​

លោក​បន្ថែម​ថា​ប្រសិន​បើ​ក្រុម​ហ៊ុន​ទាំង​នោះ ​បង្វែរ​ពី​ការ​សាង​សង់​ បុរី ឬ​ខុន​ដូរ​​តម្លៃ​ពី​៧ម៉ឺន​ដុល្លារ​ ដល់​១០ម៉ឺន​ដុល្លារ​ឡើង​ទៅ ​ហើយ​មក​លក់​ផ្ទះ​ល្វែង​តម្លៃ​ពី​២​ម៉ឺន​ដុល្លារ​ចុះ​ក្រោម ​នោះ​បើ​មាន​ផ្ទះ​ពី​៣០០ល្វែង ទៅ៥០០​ល្វែង​ គាត់​នឹង​លក់​ផ្ទះ​ទាំង​នោះ​អស់ ​ក្នុង​រយៈ​ពេល​តែ​៣ខែ​ប៉ុណ្ណោះ។​ លោក​បញ្ជាក់​ថា​ទីផ្សារ​ដែលកំពុង​ស្រេក​ឃ្លាន​រាល់​ថ្ងៃ ​គឺ​ទីផ្សារ​អ្នក​មាន​ចំណូល​ក្រោម​មធ្យម​ ដែល​មាន​លទ្ធភាព​ទិញ​ផ្ទះ​តម្លៃ​ក្រោម​២ម៉ឺនដុល្លារ​ ប៉ុន្តែ​គ្មាន​ការ​ផ្គត់​ផ្គង់​។

គួរ​ជម្រាប​ជូន​ថា​ថ្មីៗ​នេះ ​លោក​ជា ​សុផារ៉ា ​រដ្ឋ​​មន្ត្រី​ក្រសួង​រៀប​ចំដែ​នដី ​នគរូប​នីយកម្ម ​និង​សំណង់​​បាន​បង្ហើបពី​គម្រោង​សាង​សង់​ផ្ទះល្វែ​ង​របស់​រដ្ឋ ​សហការ​នឹង​ក្រុម​ហ៊ុន​ឯក​ជន ​ដែលនឹ​ង​ចាប់​ផ្តើម​ដំណើរ​ការ​ការ​ដ្ឋានរបស់​ខ្លួន​នៅ​ថ្ងៃទី៧ ​ខែ​មករា​ឆ្នាំ២០១៧​ ខាង​មុខ​នេះ។ ផ្ទះ​រដ្ឋ​នេះ ​មាន​​តម្លៃ​ចាប់​ពី​២ម៉ឺន ដល់​២ម៉ឺន​៥ពាន់ដុល្លារ​។ យ៉ាង​ណាមិ​ញ ​ការ​សាង​សង់​ផ្ទះ​ល្វែង​ប្រមាណ​២៤០០ខ្នង​ ក្រោម​គម្រោង​របស់​រដ្ឋ​ជា​លើក​ដំបូ​ងនេះ គឺ​សម្រាប់​តែ​មន្ត្រី​រាជការ ​ដែល​មាន​ប្រពន្ធ​កូន​តែប៉ុណ្ណោះ។​

អគ្គនាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ឆៃលីន ស៊ា រៀល​ធី​ខូអិល​ធីឌី​ លោក ​ស៊ា ​ឆៃលីន ​ក៏​យល់​ឃើញស្រ​ដៀងនឹង​លោក​គីម​ ហ៊ាង​ដែរ​ តែលោក​ថា​ការ​សាង​សង់​ផ្ទះ​ដែល​មាន​តម្លៃ​២ម៉ឺន​ដុល្លារ​ មិន​អាច​ធ្វើ​ឲ្យ​អ្នក​រក​ស៊ីផ្នែ​កអចលន​ទ្រព្យ​ចំណេញ​បាន​ទេ។​ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ ​ផ្ទះ​ល្វែង​ដែល​មាន​តម្លៃទា​ប​បំផុត​គឺ​៣ម៉ឺនដុល្លារ​ឡើង​ទៅ ​អាស្រ័យ​ទៅ​តាម​តំបន់ ​ហើយ​បើ​​កៀក​​នឹ​ងទីក្រុង​ ផ្ទះ​ទាំង​នោះ​អាច​មាន​តម្លៃ​ចាប់​ពី​៤ម៉ឺន​៥ពាន់​ដុល្លារ​ឡើង​ទៅ។​

លោក​ឧក​ញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុម​ហ៊ុន ​Khmer Foundation Appaisal មិន​យល់​ស្រប​នឹង​ការ​លើក​ឡើងដែល​ថា​មាន​ការ​កំណត់​គោល​ដៅទីផ្សារ​ខុស​នោះទេ​ ពី​ព្រោះក្រុ​មហ៊ុន​អចលន​ទ្រព្យ​បាន​សម្លឹង​មើល​ទីផ្សារ ពោល​គឺ​មាន​ទីផ្សារ​ដែលមា​​ន​តម្លៃ​ខ្ពស់(​អ្នកមាន) និង​ទីផ្សារ​ដែល​មាន​តម្លៃ​មធ្យម​(អ្នក​ចំណូល​មធ្យម) ហើយបច្ចប្បន្ន​នេះ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​បាន​កំពុង​តែ​ងាក​មក​រក​ទីផ្សារ​សម្រាប់​អ្នក​មាន​ចំណូល​មធ្យម​ និង​អ្នកមាន​ចំណូលក្រោម​មធ្យម ​ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់​ និង​តម្រូវ​ការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ