rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម ទេសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​កម្ពុជា​ជម្រុញ​ឲ្យ​មាន​ទេសចរណ៍​ម្ហូប​អាហារ ​ខណៈ​វិស័យ​នេះ ​រក​ចំណូល​ចូល​រដ្ឋ​ចំនួន​៤ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​

media
នំបញ្ចុកសម្លខ្មែរ (រូបតំណាង) @Internet

ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​រៀប​ចំ​សន្និសីទ​អន្តរជាតិ​លើក​ទី១ ស្ដី​ពី​ទេស​ចរណ៍​ម្ហូប​អាហារ​កម្ពុជា ខណៈ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​នានា បាន​ផ្តួច​ផ្តើម​ពង្រឹង​លើ​វិស័យ​ទេសចរណ៍​ម្ហូប​អាហារ​នេះ តាម​រយៈ​ផែន​ការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ម្ហូប​អាហារ​អាស៊ាន​។ សម្រាប់​កម្ពុជា ការ​បង្កើត​ឲ្យ​មាន​ទេសចរណ៍​ម្ហូប​អាហារ​នេះ គឺ​ជា​ផលិត​ផល​ទេសចរណ៍​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ទេសចរណ៍​វប្បធម៌​ធម្ម​ជាតិ ដែល​កម្ពុជា​រំពឹង​ថា​នឹង​អាច​ទាក់​ទាញ​ទេសចរ​បរទេស​ច្រើន​ថែម​ទៀត និង​មាន​កំណើន​ចំណូល​ដល់​សេដ្ឋ​កិច្ច​ជាតិ​ផង​ដែរ​។ 


នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជា​ច្រើន​ជាតិ​សាសន៍ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី១​នេះ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ថា វិស័យ​ទេសចរណ៍ និង​ម្ហូប​អាហារ មាន​ទំនាក់​ទំនង​ជា​សារវ័ន្ត​យ៉ាង​តិច​លើ​វិសាល​ភាព​ចំនួន​២គឺ៖ ម្ហូប​អាហារ​ជា​ផលិត​ផល​ទេសចរណ៍ ឬ (សេវាកម្ម​ទេសចរណ៍ Gastronomy Tourism Product) និង​ម្ហូប​អាហារ​ជា​ចំណែក​ទីផ្សារ​ទេសចរណ៍(Market Segment)​។

តាម​លោក​រដ្ឋ​មន្ត្រី សន្និសីទ​អន្តរជាតិ​នេះ គឺ​ជា​ការ​លើក​កម្ពស់​គុណ​តម្លៃ​នៃ​ម្ហូប​អាហារ​កម្ពុជា ដែល​ជា​ផលិត​ផល​ទេសចរណ៍​ដ៏​ទាក់​ទាញ​នៅ​កម្ពុជា ក៏​ដូចជា​ចូល​រួម​លើក​តម្កើង​ប្រពៃណី វប្បធម៌ និង​បេតិកភណ្ឌ​ជាតិ តាម​រយៈ​ទេស​ចរណ៍​ម្ហូប​អាហារ​ផង​ដែរ​។

សូម​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៨ បាន​បង្កើត​ប្រាក់​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជាង​៤ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង​១២% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(GDP) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង​៦២​ម៉ឺន​នាក់ គឺ​ស្មើ​នឹង​១៣%នៃ​ការ​ងារ​សរុប ជិត​៣លាន​នាក់ ។ សមិទ្ធិ​ផល​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ទេសចរ​ក្នុង​ស្រុក ដែល​កើន​ឡើង​រហូត​ដល់​ជាង​១០​លាន​នាក់​។

ដោយ​ឡែក​កាល​ពី៦ខែ​ដើម​ឆ្នាំ​២០១៩​នេះ ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជាង ៣,៣​លាន​នាក់ កើន​១១,២% ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨​។ ជា​ចក្ខុ​វិស័យ​នៅ​ឆ្នាំ​២០១៩ កម្ពុជា​អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ចំនួន ៦,៦​លាន​នាក់ ហើយ​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ជាង​៧លាន​នាក់ ឆ្នាំ​២០២៥ អាច​ទទួល​បាន​១១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ កម្ពុជា​អាច​ទទួល​បាន​ទេសចរ​បរទេស​ចំនួន​១៥​លាន​នាក់​។

ដើម្បី​សម្រេច​ចក្ខុ​វិស័យ​ខាង​លើ​នេះ លោក​រដ្ឋ​មន្ត្រី ថោង ខុន បាន​បញ្ជាក់​ថា​ក្រសួង​ទេសចរណ៍ បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​មុំ​យុទ្ធ​សាស្ត្រ​ចំនួន​៤ រួម​មាន ការ​បង្កើត​និង​ផ្សព្វ​ផ្សាយ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ ការ​ពង្រឹង​គុណ​ភាព​សេវាកម្ម​តាម​យុទ្ធនាការ«សេវាកម្ម១​ស្តង់​ដារ​១»។ ការ​អនុវត្ត​ធន​ធាន​មនុស្ស​តាម​រយៈ​យុទ្ធនា​ការ«បុគ្គលិក​ម្នាក់ ជំនាញ​១» និង​ចុង​ក្រោយ​ការ​អភិវឌ្ឍ​ទេសចរណ៍​ឆ្លាត​វៃ(Smart Tourism)៕