អានតួអត្ថបទ
កម្ពុជា-ច្បាប់

​កម្ពុជា​ដាក់​របាយ​ការណ៍​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ទៅ​អឺរ៉ុប ​ដើម្បី​ទប់​ដំណើរ​ការ​ព្យួរ​EBA​

រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការ​បរទេស​កាល​ពីថ្ងៃទី១២ ខែសីហា​កន្លង​ទៅ បាន​ផ្ញើ​របាយ​ការណ៍​លម្អិត​មួយ​ស្តី​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ដើម្បី​ទប់​ស្កាត់​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​។ ការ​ផ្ញើ​របាយការណ៍​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ការពារ​ផល​ប្រយោជន៍​និយោជក ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA ពី​កម្ពុជា​។ 

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អះអាង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី១៤ ខែសីហា ថា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​គណៈ​កម្មការ​អឺរ៉ុប​រួច​ហើយ​តាម​រយៈ​ការ​ផ្ញើ​របាយការណ៍​លម្អិត​មួយ​ដែល​ជា​ចម្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​ជា​ច្រើន​ចំណុច​របស់​គណៈ​កម្មការ​អឺរ៉ុប​នៅ​ក្នុង​ឯកសារ​កម្រាស់​៣០​ទំព័រ​របស់​ខ្លួន​។ បើ​តាម​លោក កេត សោផាន់ របាយ​ការណ៍​ដែល​ដាក់​ទៅ​គណៈ​កម្មការ​អឺរ៉ុប​នេះ គឺ​ជា​លទ្ធ​ផល​នៃ​ការ​អនុវត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​លំហ​ប្រជា​ធិបតេយ្យ សង្គមស៊ីវិល ការ​គោរព​សិទ្ធិ​មនុស្ស និង ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូម​ជម្រាប​ជូន​ថា ការ​ដាក់​របាយការណ៍​ឆ្លើយ​តប​ទៅ​នឹង​គណៈ​កម្មការ​អឺរ៉ុប​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​ដំណើរ​ការ​នីតិ​វិធី​រយៈ​ពេល​៦ខែ​ដំបូង​ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​របស់​កម្ពុជា មុន​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA ជា​ផ្លូវ​ការ​។ ដំណើរ​ការ​នីតិ​វិធី​រយៈ​ពេល​៦ខែ​ដំបូង​នេះ បាន​បញ្ចប់​កាល​ពី​ថ្ងៃទី១២ ខែសីហា ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ ពោល គឺ​ក្នុង​រយៈ​ពេល​៣បន្ត​ទៀត​នេះ គឺ​ជា​ដំណាក់​ការ​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​របាយការណ៍​រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​គណៈ​កម្មការ​អឺរ៉ុប​។ និយាយ​ឱ្យ​ចំ គឺ​ក្នុង​រយៈ​ពេល​នេះ កម្ពុជា​ត្រូវ​ធ្វើ​របាយការណ៍​ការពារ​ខ្លួន​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ហើយ​គណៈ​កម្មការ​អឺរ៉ុប​នឹង​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លូន​ចំពោះ​ការ​អនុវត្ត​របស់​កម្ពុជា​។

ជា​ការ​កត់​សម្គាល់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ឈាន​ជើង​ចូល​ក្នុង​ដំណាក់​កាល​ទីពីរ​នៃ​ដំណើរ​ការ​នីតិ​វិធី​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដែរ​សម្រាប់​ទប់​ទល់​បើ​សិន​ជា​អឺរ៉ុប​ដក​EBA​ពី​កម្ពុជា​។ ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​តាម​រយៈ​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​ជិត​២០​ចំណុច ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ផ្សេងៗ ប្រសិន​បើ​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​។ ការ​កែ​ទម្រង់​ទាំង​នេះ រួម​មាន​ដូច​ជា ​កាត់​បន្ថយ​ការ​ស្កេន(Scan)ទំនិញ​តាម​ទូ​កុង​តឺន័រដែល​ត្រូវ​ដឹកចេញ ឬ​នាំ​ចូល ការ​កាត់​បន្ថយ​ថ្លៃ​សេវា​លើក​ដាក់​នៅ​តាម​កំពង់​ផែ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ជាតិ ការ​កែ​សម្រួល​ស្ថាប័ន​គយ ការ​ដក​កាំកុង​ត្រូល​ចេញ​ពី​តាម​ច្រក​ព្រំដែន និង​ការ​លុប​ចោល​នូវភ្នាក់ងារ​កម្ពុជា​នាវាចរជាដើម។

បើ​ទោះ​ជា​បែប​នេះ​ក្តី សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(​GMAC​)កាល​ដើម​សប្តាហ៍​នេះ​បាន​ចេញ​មក​ព្រមាន​ជា​ថ្មី​ថា បើ​សហភាព​អឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA)នៅ​ពេល​ខាង​មុខ​នេះ នឹង​ធ្វើ​ឱ្យ​រង​គ្រោះ​ដល់​កម្មករ​៧៥​ម៉ឺន​នាក់ និង​ប៉ះ​ពាល់​ដល់​គ្រួសារ​របស់​ពួក​គេ​៣​លាន​នាក់​ទៀត។ ដូច្នេះ​ហើយ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(​GMAC​)ធ្វើ​ការ​កត់​សម្គាល់​ថា អឺរ៉ុប​ពុំ​គួរ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​នោះ​ទេ​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃទី១២ ខែសីហា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ