អានតួអត្ថបទ
កម្ពុជា

គោល​នយោបាយ​ជាតិ​អេកូ​ទេសចរណ៍​នឹង​ផ្តល់​ចំណូល​សម្រាប់​ការពារ​និង​អភិរក្ស​ធនធាន​​ធម្មជាតិ

ក្រសួង​ទេសចរណ៍​និង​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​០៤​ខែ​មិថុនា​នេះ ​បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា​ជា​លើក​ដំបូង ​ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំងពីរ​នូវ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​។ ​ការ​យក​ប្រធានបទ​ដ៏​សំខាន់​នេះ​មក​ជជែក​ដើម្បី​ស្វែងរក​ធាតុ​ចូល គឺ​បន្ទាប់​ពី​អ្នក​ជំនាញ​នៃ​ក្រសួង​ទាំង​ពីរ ​បាន​ឆ្លងកាត់​ការ​ពិភាក្សា​គ្នា​លើ​សេចក្តី​ព្រាង​នេះ​ជា​ច្រើនលើក​មកហើយ​។

ទេសភាព​នៅ​តំបន់​អារ៉ែង ​ដែលមាន​សក្ដានុពល​អេកូទេសចរណ៍ខ្ពស់។ ​
ទេសភាព​នៅ​តំបន់​អារ៉ែង ​ដែលមាន​សក្ដានុពល​អេកូទេសចរណ៍ខ្ពស់។ ​ Rachna IM/RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក ​សៅ សុភាព ​បាន​ថ្លែង​ថា​ការ​រៀបចំ​ឲ្យ​មាន​ជា​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​អេកូ​ទេសចរណ៍​នេះ​ឡើង ​គឺ​ដើម្បី​ជម្រុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខណៈ​ដែល​កម្ពុ​ជា​មាន​សក្តា​នុព​ល​ទេសចរណ៍​ធម្មជាតិ​ដ៏​ធំធេង​។ ​អ្នក​នាំពាក្យ​រូបនេះ​បញ្ជាក់ថា​ប្រសិនបើ​កម្ពុ​ជា​មាន​គោល​នយោបាយ​ជាតិ​អេកូ​ទេសចរណ៍​នោះ ​នឹង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​និង​សេដ្ឋកិច្ច​សហគមន៍​ប្រជា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផងដែរ​។

អ្វី​ដែល​ជា​ផល​តបស្នង​ត្រលប់​ទៅ​វិញ​នោះ​គឺ ​ចំណូល​ដែល​បានមក​ពី​វិស័យ​អេកូ​ទេសចរណ៍ ​នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ការពារ​ប្រព័ន្ធ​ជីវៈចំរុះ​នៅ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ​លើក​កំពស់​ការ​អប់រំ​ការ​យល់ដឹង​ពី​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​។ ​នេះ​បើតាម​លោក ​សៅ សុភាព​។ ​បច្ចុប្បន្ន ​ប្រទេស​កម្ពុជា ​មាន​តំបន់​ការពារ​ធម្មជាតិ​សរុប​ចំនួន​៤៦ ​និង​របៀង​ជីវៈ ​ធម្មជាតិ​មាន​ទេសភាព​ដ៏​ទាក់ទាញ ​ដែលមាន​ផ្ទៃដី​ទំហំ ​៧,៥​លាន​ហិច​តា​។

ជាមួយគ្នានេះ​ ក្រសួង​ទេសចរណ៍​ក៏បាន​កត់​សម្គាល់​ដែរ​ថា ​និន្នាការ​ទេសចរ​ណ៍ស​កល​លោក នាពេល​បច្ចុប្បន្ន ​មាន​ប្រមាណ​ជា​៤៥​ភាគរយ ​ចូលចិត្ត​ទេសចរណ៍​វប្បធម៌ ​២៣​ភាគរយ​ចូលចិត្ត​ទេសចរណ៍​តំបន់​ឆ្នេរ​ ហើយ​ក្រៅពីនេះ ​ភ្ញៀវ​ទេសចរ​ចូលចិត្ត​អេកូ​ទេសចរណ៍ ​និង​ទេសចរណ៍​ដទៃ​ទៀត​។

របាយការណ៍ ​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹងថា ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​៥​លាន​នាក់​ កាល​ពី​ឆ្នាំ​២០១៦​។​ នៅ​ឆ្នាំ​២០១៧ ​នេះ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរណ៍​ប​រទេស​ប្រមាណ​ជា​៥,៥​លាន​នាក់ ​ព្រមទាំង​សង្ឃឹម​ថា ​ឆ្នាំ​២០២០​ខាងមុខ​នឹង​ទទួល​បាន​ទេសចរ​បរ​ទេស​ប្រមាណ​ជា​៧​លាន​នាក់​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ