អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​នឹង​ដាក់​ទោស​អ្នក​ពាក់​ព័ន្ធ​ជាមួយ​ទណ្ឌិត ប្រព្រឹត្តិ​ល្មើស​នៅ​ពន្ធនាគារ​ព្រៃវែង

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃ​វែង​នឹង​មិន​ត្រូវ​លើក​លែង​ទេ។ អង្គភាព​នឹង​អនុវត្ត​​តាម​ច្បាប់។ ការ​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​ទណ្ឌិត​មួយ​រូប​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កុំព្យូទ័រ​និង​ទូរស័ព្ទ​ដៃ​ធ្វើ​សកម្មភាព​ចេញ​មក​ក្រៅ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​បន្ថែម​ខណៈ​ខ្លួន​កំពុង​ជាប់​ទោស​រយៈ​ពេល​១០​ឆ្នាំ​រួច​ទៅ​ហើយ។

អ្នក​​ទោស​​ឈ្មោះ យ៉ែម ប្រុស បាន​​ជាប់​​ពន្ធនាគារ​​កាល​​ពី​​ឆ្នាំ​​២០១០
អ្នក​​ទោស​​ឈ្មោះ យ៉ែម ប្រុស បាន​​ជាប់​​ពន្ធនាគារ​​កាល​​ពី​​ឆ្នាំ​​២០១០ @នគរបាល
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជាក់​ដូច្នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ស្នង​ការ​ប៉ូលីស​ខេត្ត​កណា្តល លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន បាន​បង្ហោះ​តាម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោកនៅថ្ងៃនេះ ទាក់​ទង​ទៅ​នឹង អ្នក​ទោស​មួយ​រូប​ឈ្មោះ យ៉ែម ប្រុស នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើ​ប្រាស់​កុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទ​ដៃ ទាក់​ទង​ស្នេហា​ជាមួយ​ស្ត្រី តាម​រយៈ​គណនី​ហ្វេស​ប៊ុក​ចំនួន​៥។ លោក អ៊ាវ ចំរើន បន្ត​សំណេរ​ថា ទណ្ឌិត យ៉ែម ប្រុស ប្រើ​រូបភាព​ជា​ព្រាន​នារី ទាក់​ទង friend ជា​ស្ត្រី អនឡាញ តាម​ហ្វេស​ប៊ុក រហូត​បង្ហាញ​រូប​ភាព​អាក្រាតទៅវិញទៅមក ជាមួយ​នឹង​រូបភាព​បែប​នេះ ជន​ល្មើស​បាន​ថត​ទុក​និង​គំរាម​ទារ​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាត​ចេញ​ទៅ​ក្រៅ។

ទោះ​យ៉ាង​ណា ជន​ល្មើស​ដែល​ជា​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ទៅ​ហើយ​នោះ​មិន​បាន​សម្រេច​គោល​ដៅ​នេះ​ទេ។ លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន បន្ត​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា បន្ទាប់​ពី​ជន​រង​គ្រោះ​ជា​ស្រ្តី​មួយ​រូប​លង់​ស្នេហ៍​អ្នក​ទោស​តាម​ហ្វេស​ប៊ុក​បាន​ផ្ញើរប្រាក់​តិច​តួច​ជា​ច្រើន​ដង​ទៅ​កាន់​ជន​ល្មើស​មុន​នឹង​ការ​គម្រាម​ទារ​ប្រាក់​រាប់​ពាន់​ដុល្លារជា​ចុង​ក្រោយ។

បើ​តាម​សមត្ថកិច្ច អ្នក​ទោស​ឈ្មោះ យ៉ែម ប្រុស បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​កំពត បន្ទាប់​មក​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដោយ​អ្នក​ទោស​រូប​នេះ ជាប់​ពន្ធនាគារ​សរុប​ចំនួន​១០​ឆ្នាំ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ចំនួន​០៨​ករណី ពោល​គឺ​ប្លន់​០៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់​០១​លើក​ខេត្ត​តាកែវ។ នៅ​ក្នុង​ការ​លើក​ឡើង​របស់​ស្នង​ការ​ប៉ូលីស​ខេត្ត​កណ្តាល ទណ្ឌិត យ៉ែម ប្រុស សារភាព​ថា​រូប​គេ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​នៅ​ក្រៅ​បន្ទប់​ឃុំ​ឃាំង ដោយ​ទទួល​បាន​ការ​អនុញ្ញាតិ​ពី​លោក អ៊ុំ រ៉ាយឿង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​កន្លង​មក​អ្នក​ទោស​រូប​នេះ​ធ្លាប់​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ឲ្យ​គាត់។ សូម​បញ្ជាក់​ដែរ​ថា​ទណ្ឌិត យ៉ែម ប្រុស អាច​ប្រើ​ប្រាស់​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​និង​កុំព្យូទ័រ​យូរ​ដៃ​មួយ​គ្រឿង ដែល​ជា​អ្នក​ទោស​លំដាប់ VIP មួយ​រូប​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ករណីនេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក​នុត សាវនា បញ្ជាក់​ថា សម្ភារៈ​ទាំង​អស់​នេះ​គឺ​ជា​សម្ភារៈ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ទោស​ប្រើ សូម្បី​តែ​អ្នក​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ក៏​មិន​អនុញ្ញាត​ដែរ។ ដោយ​ឡែក​ទណ្ឌិត យ៉ែម ប្រុស នឹង​រង​ការ​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​បន្ថែម​ទៀត ព្រម​ទាំង​ទទួល​ពិន័យ​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​ពន្ធនាគារ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ