អានតួអត្ថបទ
កម្ពុជា-សង្គម

​សហគមន៍​ព្រៃ​ឡង់​៖ ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​

បណ្តាញ​សហគមន៍​ព្រៃឡង់ នៅថ្ងៃទី១៧​ខែមិថុនានេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​​អះអាងថា ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​ជាបន្ទាន់។ ប៉ុន្តែអ្នកនាំពាក្យក្រសួង​បរិស្ថាន​បាន​បដិសេធចំពោះ​របាយការណ៍នេះ និងហៅការរាប់គល់ឈើហើយ​សន្មត់ថាជា​បទល្មើស​កើន​ឡើង​នោះ គឺ​ជា​រឿង​បំភ្លើស​។ 

ការ​កាប់​បំផ្លាញ​ព្រៃឡង់
ការ​កាប់​បំផ្លាញ​ព្រៃឡង់ @សហការី
ផ្សាយពាណិជ្ជកម្ម

សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត​ គឺ​កំពង់ធំ ព្រះ​វិហារ ស្ទឹង​ត្រែង និង​ក្រចេះ បានអះអាងថា​ ពួកគេ​មាន​កង្វល់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ​ ដែល​កំពុង​កើត​មាន​ក្នុង​តំបន់​ព្រៃ​ឡង់។

នៅក្នុង​សេ​ចក្តី​ថ្លែង​ការណ៍​នៅថ្ងៃទី១៧​ខែមិថុនានេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​កត់​សំគាល់​ឃើញ​ថា មានការ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ជាច្រើន​គោយន្ត​ក្នុងមួយថ្ងៃៗ និង​ឧបករណ៍​សម្រួល​ដល់​ការ​កាប់​ឈើ​ ឆ្លង​កាត់មុខ​ស្នាក់​ការ​យាម​ល្បាត​របស់​មន្រ្តី​ឧទ្យានុរក្សនីមួយៗ។ លើសពីនេះ​ ក៏មានការ​តម្លើង​រោង​ម៉ាស៊ីអារឈើ​ ដោយ​ក្រុម​ហ៊ុន ស៊ីង បាយអូ​ថេក នៅភូមិ​កំពង់​ដំរី ឃុំ​បឹង​ចារ ខណៈក្រុម​ហ៊ុន​បាន​ផ្អាក​សកម្មភាព​ទាំងអស់ ​រហូត​មានការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាននៅ​ឆ្នាំ​២០១៨។ ក្រៅពីនោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតំបន់​ព្រៃ​ឡង់​ក៏កើត​ឡើង​តាមរយៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន ក្រុម​ជន​អាណាធិបតេយ្យ​ និង​ការ​អនុញ្ញាត​របស់​អាជ្ញាធរមូល​ដ្ឋាន​ឲ្យ​ប្រជាជន​កាប់​ឈើ​មក​សង់​ផ្ទះជាដើម។ ទាំងនេះជាការ​គូស​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍ដដែល។

ដោយ​សារមិនឃើញមានវិធានការ​ណាមួយ​ទប់​ស្កាត់បានចំពោះសកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើនៅតំបន់ព្រៃឡង់​ សកម្មជន​ព្រៃឡង់បាន​អំពាវនាវ​ដល់​ក្រសួង​បរិស្ថាន ឲ្យត្រួត​ពិនិត្យ​លើ​ការងារ​មន្រ្តី​ឧទ្យានុរក្សមួយចំនួន​ ដែល​អសកម្ម និង​ស្នើអាជ្ញាធរបញ្ឈប់​ការ​ចេញ​លិខិត​អនុញ្ញាឲ្យមានការកាប់ឈើនៅព្រៃឡង់តទៅទៀតជាពិសេស​បញ្ឈប់​អាជីវកម្ម​ឈើហ៊ុបតែម្តង។

យ៉ាងណាក៏ដោយ​ លោក នេត ភក្ត្រា​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានថ្លែងថា របាយការណ៍​របស់​បណ្តាញ​ព្រៃឡង់គឺជាការរាប់គល់ឈើហើយ​សន្មត់ថាជា​បទល្មើស​កើនឡើងនោះ គឺជារឿងបំភ្លើស ខណៈដែល​ក្រសួង​រក​ឃើញថា នៅរយៈ​ពេល​ចុងក្រោយ​នេះ ការកាប់​ឈើជារួមនៅ​តំបន់​ព្រៃឡង់បានថយចុះ២០%។ តែលោកទទួលស្គាល់ថា​នៅតែមានបទល្មើស​កើត​ឡើង ប៉ុន្តែ​ក្រសួង​បាន​ចាត់​វិធានការ​ឲ្យ​មន្រ្តី​ឧទ្យានុរក្ស​ដើរល្បាត ដោយ​រក​ឃើញថា​ប្រជាជនជាអ្នកចាញ់បោក​ក្រុម​ឈ្មួញ​ក្នុង​ការស៊ីឈ្នួល​កាប់​ឈើលក់។

ករណីនេះ ​បើតាម លោក នេត្រ ភក្ត្រា សមត្ថកិច្ច​កំពុង​រក​មុខ​អ្នកនៅពីក្រោយ​ខ្នង​បទល្មើស​កាប់​ឈើដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ