អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​អះអាង​ថា​សារព័ត៌មាន​“ឯករាជ្យ”​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មហន្តរាយ

អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Sans Frontières) របស់​បារាំង​កាល​ថ្ងៃ​ទី​១៣ កុម្ភៈ​បាន​ចេញ​របាយការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា “ប្រទេស​កម្ពុជា សារព័ត៌មាន​ឯករាជ្យ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មហន្តរាយ”។ របាយការណ៍​នេះ បាន​លើក​ឡើង​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ត្រូវ​រដ្ឋាភិបាល​បិទ និង​មួយ​ចំនួន​ទៀត​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង។ សកម្មភាព​ទាំង​នេះ ត្រូវ​បាន​អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​ចង្អុល​បង្ហាញ​ថា​ជា​ការ​រៀប​ចំ​ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​របស់​រដ្ឋាភិបាល​កម្ពុជា។

រូបភាព​ចាស់៖ អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
រូបភាព​ចាស់៖ អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​របាយការណ៍​កម្រាស់​២៧​ទំព័រ អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​កត់​សម្គាល់​ថា ​គឺ​នៅ​ក្នុង​អំឡុង​ខែ​សីហា​និង​ខែ​កញ្ញា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ជា​ពេល​វេលា​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខ្លះ​បាន​បិទ​ទ្វារ​ដោយ​រដ្ឋាភិបាល ​និង​ខ្លះ​ទៀត​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង។ ក្នុង​នោះ​រួម​មាន​ដូច​ជា កាសែត​ខេមបូឌា ដេលី វិទ្យុ​អាស៊ី​សេរី សុទ្ធ​តែ​បាន​ប្រកាស​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង។ រីឯ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ដាក់​កម្រិត​មិន​ឲ្យ​ផ្សាយ​បន្ត​នូវ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ​និង វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​VOD។ អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​កត់​​ត្រា​ថា​ គ្រាន់​តែ​នៅ​ក្នុង​ខែ​សីហា និង​ខែ​កញ្ញា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សារព័ត៌មាន​ប្រមាណ​២៥​ស្ថាប័ន​ត្រូវ​បាន​បិទ ឬ​ត្រូវ​ផ្អាក​សកម្មភាព​ផ្សាយ​តាម​រលក​ធាតុ​អាកាស។

ចំពោះ​សកម្មភាព​ទាំង​នេះ អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​គូស​បញ្ជាក់​ថា វា​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​លទ្ធផល​ប្រកៀក​ប្រកិត នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ដូច្នេះ​អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​យល់​ថា លទ្ធផល​នេះ ជា​ការ​គំរាម​កំហែង​ដល់​អំណាច​របស់​លោក​ហ៊ុន សែន។ អង្គការ​ការពារ​អ្នក​កាសែត​របស់​បារាំង​មួយ​នេះ អះអាង​ថា ដោយ​សារ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​នេះ​​ លោក​ហ៊ុន សែន​ត្រូវ​តែ​ទប់​ស្កាត់​វា​តាម​រយៈ​ចំណាត់​ការ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ចំពោះ​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ លោក​អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ច្រាន​ចោល។ ច្រាន​ចោល ក៏​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា របាយការណ៍​នេះ គ្មាន​អ្វី​ថ្មី​នោះ​ទេ​ គឺ​លើក​ឡើង​តែ​បញ្ហា​ដដែលៗ ដើម្បី​ជា​កេង​ចំណេញ​ផ្នែក​នយោបាយ។ តាម​លោក​អ៊ុក គឹមសេង អ្វីៗ​ដែល​បាន​កើត​ឡើង គឺ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​នាំ​ពាក្យ​រូប​នេះ ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​បើ​ទុក​ណា​មាន​ការ​បិទ​ទ្វារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ក៏​ដោយ។

ផ្ទុយ​ពី​ក្រសួង​ព័ត៌មាន​កម្ពុជា អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​រក​ឃើញ​ថា ក្រៅ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ អ្នក​សារ​ព័ត៌មាន​ក៏​កំពុងរង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អតីត​អ្នក​កាសែត​ខេមបូឌា ដេលី​ពីរ​ម្នាក់​ត្រូវ​តុលាការ​ចោទ​ប្រកាន់ ខណៈ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ទៀត​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​ដើម។ ប្រឈម​នឹង​បញ្ហា​នេះ អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​កាន់​អ្នក​កាសែត​ទាំង​នេះ និង​ត្រូវ​អនុញ្ញាត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​បើក​ដំណើរ​ការ​ឡើង​វិញ។ ក្រៅ​ពី​នេះ អង្គការ​ អ្នក​កាសែត​គ្មាន​ព្រំដែន​ក៏​បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​សមាគម​អាស៊ាន​ជា​ដើម ចាត់​វិធាន​នានា​មក​លើ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​ធានា​ដល់​សេរីភាព សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ