អានតួអត្ថបទ
កម្ពុជា

ក្រសួង​ពាណិជ្ជកម្ម៖ ការ​កំណត់​តម្លៃ​សាំង​ធ្វើ​ឡើង ដើម្បី​ជួយ​ពលរដ្ឋ

ក្រសួង​ពាណិជ្ជកម្ម អះអាង​តាម​រយៈ​សន្និសីទ​កាសែត​នា​ព្រឹក​នេះ​ថា ការ​កំណត់​តម្លៃ​ប្រេង​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​ធ្វើ​ឡើង ដើម្បី​ជួយ​ពលរដ្ឋ ដែល​មាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែ​បែរ​ជា​មាន​ការ​យល់​ច្រឡំ។ ការ​អះអាង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​រិះគន់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ថា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​បែង​ចែក​កម្រិត​ជីវភាព​ពលរដ្ឋ តាម​រយៈ​ការ​កំណត់​តម្លៃ​ប្រេង​សាំង​ស៊ុបពែរ និង​សាំង​ធម្មតា។

​តម្លៃ​ប្រេង​សាំងស៊ុបពែរ ​​ធម្មតា និង​ប្រេង​ម៉ាស៊ូតនៅ​លើ​ទី​ផ្សារ​
​តម្លៃ​ប្រេង​សាំងស៊ុបពែរ ​​ធម្មតា និង​ប្រេង​ម៉ាស៊ូតនៅ​លើ​ទី​ផ្សារ​ @facebook
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ អះ​អាង​ថា ក្រសួង​មាន​ការ​សោក​ស្តាយ​ចំពោះ​អ្នក​ដែល​បង្ហោះ​ព័ត៌មាន​ទាំង​នោះ នៅ​លើ​បណ្តាញ​សង្គម ដែល​ជា​ព័ត៌មាន​មិន​ពិត។ លោក​បញ្ជាក់​ថា​ការ​ពិត​ចេតនា​របស់​ក្រសួង​ចង់​ជួយ​ប្រជាពលរដ្ឋ ដែល​មាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែ​បែរ​ជា​មាន​ការ​យល់​ច្រឡំ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា កន្លង​ទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ដោយសារ​ប្រជាជន​ប្រើ​យាន​យន្ត​តូច ដែល​ប្រើ​សាំង​ធម្មតា​ច្រើន ទើប​យើង​កំណត់​តម្លៃ​សាំង​ធម្មតា និង​ម៉ាស៊ូតប៉ុន្តែ​សាំង​ស៊ុបពែរ​មិន​បាន​កំណត់​ទេ ព្រោះ​វា​សម្រាប់​ឡាន​ទំនើប​សម្រាប់​អ្នក​មាន ​អញ្ចឹង​យើង​ទៅ​ជួយ​អ្នក​មាន​ធ្វើ​អ្វី? យើង​ជួយ​អ្នក​ក្រ ដើម្បី​លើក​ដម្កើង​ជីវភាព”។

ការ​កំណត់​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ម្តង តាម​រយៈ​រូប​មន្ត​ដែល​កំណត់​ដោយ​អន្តរ​ក្រសួង និង​អាស្រ័យ​លើ​តម្លៃ​មធ្យម​ភាគ​នៃ​ប្រេង​លក់​ដុំ​នៅ​ប្រទេស​សិង្ហបុរី បូក​រួម​ទាំង​អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ការ​កំណត់​នេះ ធ្វើ​ឡើង​តែ​លើ​ប្រេង​សាំង​ធម្មតា ( Max.EA92) និង​តម្លៃ​ប្រេង​ម៉ាស៊ូត​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​ការ​កំណត់​លើ​ប្រេង​សាំង​ស៊ុបពែរ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ ថ្លែង​បញ្ជាក់​ពី​មូល​ហេតុ​ថា បច្ចុប្បន្ន​នេះ សាំង​ស៊ុបពែរ​មាន​តែ​ប្រមាណ​១៥​ភាគ​រយ​ប៉ុណ្ណោះ នៃ​ប្រេង​នាំ​ចូល​សរុប​នៅ​កម្ពុជា ដូច្នេះ​ទើប​ក្រសួង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ចុះ​តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត ដើម្បី​ទុក​ប្រេង​ស៊ុបពែរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​លក់​ក្នុង​តម្លៃ​សមរម្យ​ណា​មួយ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ទប់​ទល់​នឹង​ការ​បញ្ចុះ​តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត។​

តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង ដោយ​សារ​តម្លៃ​ប្រេង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។ នេះ​បើ​តាម​លោក ស៊ាង ថៃ។ លោក​បន្ត​ថា​ក្រសួង​តែង​តែ​ចង់​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​នាំ​ចូល​ប្រេង​ពី​ខាង​ក្រៅ​ទាំង​ស្រុង។

សូម​ជម្រាប​ជូន​ថា ប្រេង​សាំង​ធម្មតា​ក្នុង​១​លីត្រ​មាន​តម្លៃ​៤,១០០​រៀល ហើយ​ប្រេង​ម៉ាស៊ូត​១​លីត្រ​មាន​តម្លៃ​៣,៩០០​រៀល។ នេះ​បើ​តាម​ការ​កំណត់​របស់​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​សប្តាហ៍​មុន។ ចំណែក​ប្រេង​សាំង​ស៊ុបពែរ ដែល​មិន​បាន​កំណត់​ដោយ​ក្រសួង​នោះ បាន​ឡើង​ច្រើន​បំផុត​ត្រឹម​៤,៤៥០​រៀល​ក្នុង​១​លីត្រ នា​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ