នាយករដ្ឋមន្ត្រីៈ អាស៊ាននឹងមិនគ្រប់ទឹកបើមិនអញ្ជើញហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងពិធីកាត់ឫសសីមាព្រះវិហារ នៅក្នុងវត្តជ័យមង្គល ស្ថិតនៅ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីការទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី ដោយប្រាប់ឲ្យរដ្ឋាភិបាលអូស្ត្រាលីទទួលខុសត្រូវលើវត្តមានរបស់លោក។ ការបញ្ជាក់របស់លោកហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានការមន្ទិលពីវត្តមានរបស់លោកនៅលើទឹកដីអូស្ត្រាលី និងការជះឥទ្ធិពលដល់កិច្ចប្រជុំ ដែលពុំអាចចេញសេចក្តីថ្លែងការរួចដោយសារកូរ៉ុមសមាជិកអាស៊ានមិនគ្រប់គ្រាន់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៩
ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ពិតជាចាំបាច់ ដោយសារអាស៊ាន មានតែ៩ប្រទេស គឺមិនអាចហៅថាអាស៊ានបានទេ ហើយការចេញសេចក្តីថ្លែងការណ៍ណាមួយក៏មិនអាចទៅរួចដែរ ប្រសិនបើកម្ពុជាជំទាស់។
ឆ្លើយតបទៅនឹង ការលើកឡើងថាមានសំណើរកុំឲ្យអញ្ជើញលោកហ៊ុន សែន ទៅចូលរួមប្រជុំនៅអូស្ត្រាលី លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាននឹងក្លាយទៅជាអាស៊ានមិនគ្រប់ទឹក។ ចំណុចនេះប្រមុខរដ្ឋាភិបាលខ្មែរបានពន្យល់ថា អាស៊ានមិនគ្រប់ទឹកខុសពីរដ្ឋសភា ដោយសភាមានសម្លេងភាគច្រើននិងសម្លេងភាគតិច តែអាស៊ានអត់មានសម្លេងភាគច្រើននិងសម្លេងភាគតិចទេ គឺអាស៊ានធ្វើការតាមឯកច្ឆ័ន្ទ មានន័យថាទាល់តែអាស៊ានទាំង១០ត្រូវគ្នាទើបចេញសេចក្តីថ្លែងការណ៍ណាមួយបាន។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហើបថាមុនអូស្ត្រាលីអញ្ជើញលោក គេបានមកបញ្ចុះបញ្ចូលកម្ពុជាសុំការគាំទ្រកិច្ចប្រជុំនៅលើទឹកដីអូស្ត្រាលី ដើម្បីរំលឹកខួបអនុស្សាវរីយ៍រវាងអូស្ត្រាលី-កម្ពុជា។ លោកថា អូស្ត្រាលីគួរតែអរគុណលោក ដែលលោកគាំទ្រដល់កិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍នៅលើដែនដីអូស្ត្រាលី ព្រមទាំងផ្តាំទៅអ្នកប្រឆាំងនៅអូស្ត្រាលីឲ្យរៀនសូត្រពីអាស៊ានឲ្យបានច្បាស់។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់១៨ខែមីនា ឆ្នាំ២០១៨ ខាងមុខ។ កាលពីសប្តាហ៍មុន បន្ទាប់ពីធ្វើពិធីស្វាគមន៍អ្នកស្រីប៊ូ រចនា ភរិយាលោកកែម ឡី និងកូនៗ ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បាននាំគ្នាដុតរូបទីងមោង ដែលបិទរូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក៏ប៉ុន្តែការដុតនេះត្រូវលោកនាយករដ្ឋមន្ត្រីឆ្លើយតបថាមិនមានប្រសិទ្ធភាពទេ បារមីរបស់លោកនៅលើនាគរាជ ទាល់តែដុតរូបនាគឲ្យអស់ពីវិហារទើបលោកស្លាប់។
ទោះយ៉ាងណា ពលរដ្ឋខ្មែរ-អូស្ត្រាលី នៅតែអះអាងតាមប្រព័ន្ធផ្សព្វផ្សាយថាពួកគេនឹងត្រៀម ធ្វើបាតុកម្មដោយដុតទីងមោងរូបលោកនាយករដ្ឋមន្ត្រីបន្ថែមទៀត ខណៈដែលមេដឹកនាំខ្មែររូបនេះ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅថ្ងៃខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ