អានតួអត្ថបទ
កម្ពុជា-នយោបាយ

​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ឡាវ​នៅ​ថ្ងៃ​នេះ ​ក្រោយ​មាន​បញ្ហា​ព្រំ​ដែន​

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ធ្វើ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​ឡាវ​នៅ​ថ្ងៃ​នេះ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​និង​ពង្រីក វិសាល​ភាព​និង​ជម្រៅ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​។ ដំណើរ​ទស្សន​កិច្ច​នេះ ក៏​ធ្វើ​ឡើង ដើម្បី​ពិភាក្សា​លើ​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​មាន​ការ​ប្រឈម​ដាក់​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ។ 

លោក ប្រាក់ សុខុន ក្នុងដំណើរបំពេញការងារ
លោក ប្រាក់ សុខុន ក្នុងដំណើរបំពេញការងារ @សហការី
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ឡាវ​នៅ​ពេល​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ឡាវ លោក សាលើមសៃ កុំ​ម៉ា​ស៊ីត ចាប់​ពី​ថ្ងៃ​ទី ០៥ ដល់ថ្ងៃទី ០៦ខែ​កញ្ញា​។ យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដំណើរ​ទស្សន​កិច្ច​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាល​ភាព​និង​ជម្រៅ នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី រួម​ទាំង​បញ្ហា​ព្រំ​ដែន​នៃប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ក្រៅ​ពី​នេះ ដំណើរ​ទស្សន​កិច្ច​នេះ ក៏​នឹង​ពិភាក្សា​គ្នា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​វេទិកា​តំបន់​និង​អន្តរ​ជាតិ​នា​នា ដែល​មាន​ផល​ប្រយោជន៍​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​។

លោក កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​អាច​ទាក់​ទង​ដើម្បី​ផ្តល់​ព័ត៌​មាន​បន្ថែម ជុំវិញ​របៀប​វារៈ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ឡាវ​នេះ​បាន​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ដំណើរ​ទស្សន​កិច្ច​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​បាន​ធ្វើ​ឡើង នៅ​ប៉ុន្មាន​សប្តាហ៍ ក្រោយ​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​ឡាវ​និង​កម្ពុជា នៅ​ចំណុច​ទន្លេ​ពៅ​ក្នុង​តំបន់​មុំ៣​នៃ​ខេត្ត​ព្រះ​វិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ កាល​ពី​អំឡុង​ខែ​សីហា​កន្លង​ទៅ​។ ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ បាន​កើត​ឡើង​ក្រោយ​ពី​យោធា​ឡាវ​បាន​ចូល​មក​ដក​ដំណាំ​កសិករ​ខ្មែរ​នៅ​ក្នុង​តំបន់​ដែល​គេ​អះអាង​ថា មិន​ទាន់​បាន​បោះ​បង្គោល​ព្រំ​ដែន​ដាច់​ស្រេច​នៅ​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ ភ្លាមៗ​នោះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចូល​មក​អន្ត​រាគមន៍​និង​បាន​អះអាង​ថា លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) កាល​ពី​ព្រឹក​ថ្ងៃទី ២៤ ខែ​សីហា ដើម្បី​ដក​ទ័ព​រៀងៗ​ខ្លួន​ចេញ​ពី​តំបន់​នោះ​។ កាល​ណោះ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​ថា នៅ​តំបន់​នោះ​មិន​មាន​ភាព​តាន​តឹង​នោះ​ទេ ពោល​គឺ​កង​ទ័ព​កម្ពុជានិង​ឡាវ​ កំពុង​នៅ​ជាមួយ​គ្នា និងបរិភោគអាហារ​ជាមួយ​គ្នា​ថែម​ទៀត​។

ជា​ការ​កត់​សម្គាល់ ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ឡាវ​នៅ​ពេល​នេះ ក៏​បាន​ធ្វើ​ឡើង នៅ​មុន​ពេល​ដែល​មាន​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មក​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ​ផង​ដែរ​។ ជា​ដំណើរ​ទស្សន​កិច្ច ដែល​នឹង​ផ្តោត​សំខាន់​លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ នៅ​មាន​ប្រមាណ​១៦​ភាគ​រយ​ទៀត ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច​រាល់​​។ ក្នុង​នោះ តំបន់​អូរ​តាង៉ាវ ត្រូវ​បាន​ កម្ពុជា​និង​ឡាវ ចាត់​ទុក​ថា​ជា​តំបន់​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ ហើយ​បាន​ព្រម​ព្រៀង​គ្នា​ដាក់​ជា​តំបន់​ស ដោយ​គ្មាន​វត្តមាន​កងទ័ព គ្មាន​ប្រជាជន​ធ្វើ​អាជីវកម្ម ហើយ​ប្រសិន​បើ​មាន​តម្រូវ​ការ​ចុះ​ត្រួត​ពិនិត្យ គឺ​ទាំង​ឡាវ និង​កម្ពុជា ត្រូវ​ចុះ​ទៅ​ពិនិត្យ​រួម​គ្នា ទាំង​នៅ​លើ​គោក លើ​ទឹក និង​ផ្លូវ​អាកាស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ