អានតួអត្ថបទ
កម្ពុជា-សង្គម

​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រេង​កាត​ត្រូវ​បាន​អនុម័ត ខណៈ​កម្ពុជា​នឹង​ទទួល​តំណក់​ប្រេង​កាត​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​

គណៈ​រដ្ឋមន្រ្តី​របស់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រេង​កាត​រួច​រាល់​ហើយ ខណៈ​ដែល​ប្រទេសកម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​កាត​ជាលើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។​ បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ កែ​ប្រែ​ពាក្យ​ពេចន៍​មួយ​ចំនួន​ដើម្បី​ឱ្យ​ស្រប​នឹង​បរិបទ​នៃ​វិស័យ​ប្រេង​កាត​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ 

អណ្ដូងប្រេងកាតបរទេស (រូបតំណាង)
អណ្ដូងប្រេងកាតបរទេស (រូបតំណាង) @Gazettelive
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់​ស្តីពី «ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត»ត្រូវ​បាន​រៀប​ចំ និង​តាក់​តែង​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ប្រេង​កាត​ប្រកប​ដោយ​និរន្តភាព និង​ប្រសិទ្ធ​ភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​។

លោក ផៃ ស៊ីផាន បាន​ឱ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៩ជំពូក និង​៧២​មាត្រានេះ​ត្រូវ​បាន​កាត់​តែង​ឡើង​ជា​លើក​ដំបូង​ដោយ អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញ​ការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​តាំង​ពី​ឆ្នាំ​១៩៩៦។ បន្ទាប់​មក​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញ​ការ​ច្បាប់​មក​ពី​ក្រុម​ហ៊ុន​ជប៉ុន Idemitsu Oil and Gas ដើម្បី​ពិនិត្យ និង​កែ​សម្រួល​បន្ថែម​ទៀត​។

មក​ដល់​ឆ្នាំ២០០៦ អតីត​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​បាន​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​កែ​សម្រួល​ឡើង​វិញ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​បច្ចេក​ទេស និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។

ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​«ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត»នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រុមហ៊ុន Kris Energy បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ កាល​ពី​ឆ្នាំ ២០១៧ សម្រាប់​ការ​អភិវឌ្ឍន៍ អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុង A នៃ​ដែន​សមុទ្រ​កម្ពុជា​។

​ក្រុម​ហ៊ុន​ Kris Energy របស់​សិង្ហបុរី​នេះ គឺ​ជា​អ្នក​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុន​របស់​អាមេរិក​ឈ្មោះ Chevron។ ក្រុម​ហ៊ុន​ Kris Energy មាន​ភាគ​ហ៊ុន​៩៥% នៅ​ក្នុង​តំបន់​នោះ ត្រូវ​គេ​រំពឹង​ថា នឹង អាច​ផលិត​ប្រេង​ឆៅ ប្រមាណ ៧០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ។​ ដោយ​ឡែក​កម្ពុជា ជា​ដៃគូ នៃ​ភាគ​ហ៊ុន​សេសសល់ រំពឹង​ថា នឹង​ចំណេញ ប្រាក់​ប្រមាណ ៧៨០​លាន​ដុល្លារ ក្នុង​អំឡុង​ពេល ៩ឆ្នាំ។ នេះ​បាន​តាម​ការ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្ដិ៍​។

កាល​ពី​ក្រុមហ៊ុន​Chevron​របស់​អាមេរិក កាន់​កាប់​អាជ្ញា​ប័ណ្ណ​រុក​រក​ប្រេង គេ​បាន​រក​ឃើញ​ប្រេង និង​ឧស្ម័ន​ហ្គាស​នៅ​តាម​បណ្តោយ​ឈូង​សមុទ្រ​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ ដោយ​នៅ​ក្នុង​ប្លុក A មាន​៤​អណ្តូង​។ ប្លុក A ដែល​ស្ថិត​នៅ​ចម្ងាយ ១៦០​ គីឡូ​ម៉ែត្រ​ពី កំពង់ផែ​ភាគ​ខេត្ត​ព្រះសីហនុ លើ​ទំហំ ៣០៨៣​គីឡូ​ម៉ែត្រ​ការេ ក្នុង​ជម្រៅ​ប្រមាណ ៥០ ទៅ​៨០​ម៉ែត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ