rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ចរាចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាជ្ញាធរ​ដាក់​ផែនការ​ចរាចរណ៍ ២០១៨ ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​បើក​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព​គ្រប់​គ្នា និង​គ្រប់​ពេល

media
រូបភាព​តំណាង៖ ស្ថានភាព​ដែល​ប្រឈម​នឹង​គ្រោះថ្នា​ក់ចរាចរណ៍​ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​កម្ពុជា​។ @បណ្តាញសង្គម

នៅ​ថ្ងៃ​ទី ៥​មករា​នេះ មន្ត្រី​នគរបាល​ចរាចរណ៍​គ្រប់​ជាន់​ថ្នាក់ បាន​ចេញ​ប្រតិបត្តិ​ការ​ពង្រាង​កង​កម្លាំង​យ៉ាង​ព្រោង​ព្រាត​ នៅ​គ្រប់​ខណ្ឌ​ទាំង​អស់ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផង​ដែរ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។ ប្រធាន​នាយករដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ សម្រាប់​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​នេះ។ ក្នុង​នោះ មន្ត្រី​ប៉ូលីស ក៏​បាន​ប្តេជ្ញា​ថា នៅ​ឆ្នាំ​ថ្មី​នេះ គេ​នឹង​អនុវត្ត​ឲ្យ​បាន​នូវ​ផែនការ​គោល គឺ​ការ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិភាព​ សម្រាប់​អ្នក​បើក​បរ​ម៉ូតូ​គ្រប់​គ្នា​ និង​គ្រប់​ពេល។


ផែនការ​គោល​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ សម្រាប់​ឆ្នាំ ២០១៨ គឺ​ចង់​ឃើញ​អ្នក​ចរាចរ​ម៉ូតូ​លើ​គ្រប់​ផ្លូវ​គោក​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​ពាក់​មួក​សុត្ថិភាព គ្រប់​ពេល​វេលា។ នេះ​គឺ​ជា​ការ​តាំង​ចិត្ត​របស់ ​លោក​ រុន រ័ត្ន​វាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

​ផែនការ​ជា​ទិស​ដៅ​ចម្បង ក្នុង​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​លោក​ រុន រ័ត្នវាសនា បញ្ជាក់​ថា ​​គឺ​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ កាល​ពី​ឆ្នាំ ២០១៧ បាន​កើត​ឡើង​ភាគ​ច្រើន ​គឺ ៨០​ភាគ​រយ ទៅ​លើ​អ្នក​បើក​បរ​ម៉ូតូ ហើយ​ក្នុង​នោះ មាន ៧២​ភាគ​រយ បាន​ស្លាប់ ដោយ​មិន​បាន​ពាក់​មួក​ការពារ​​សុវត្ថិភាព។ តាម​ផែនការ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​ឆ្នាំ​នេះ គឺ​សមត្ថកិច្ច នគរបាល​ចរាចរណ៍ នឹង​ធ្វើ​ការ​ឃាត់​ម៉ូតូ​ទុក​ រហូត​ដល់​អ្នក​បើក​បរ ទៅ​ទិញ ឬ​យក​មួក មក​បង្ហាញ ហើយ​ពាក់​នៅ​មុខ​សមត្ថកិច្ច​សិន។

យ៉ាង​ណា​ក៏​ដោយ លោក​ រុន រ័ត្នវាសនា បាន​វាយ​តំលៃ​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ការ​ថយ​ចុះ ក្នុង​ឆ្នាំ ២០១៧ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ ២០១៦។ ហើយ​ការ​គោរព​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន ក៏​មាន​ការ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ផង​ដែរ។ ប៉ុន្តែ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​រូប​នេះ​ នៅ​តែ​យល់​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជួប​ឧបសគ្គ។ ឧបសគ្គ​នោះ គឺ​ការ​មិន​ចង់​ចូល​រួម​របស់​ប្រជាពលរដ្ឋ។

យ៉ាង​ណា​មិញ លោក​ រុន រ័ត្នវាសនា មាន​សុទិដ្ឋិនិយម​ថា ចាប់​ពី​ឆ្នាំ ២០១៨​នេះ​ត​ទៅ លោក​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​គោរព​ច្បាប់​ដោយ​ខ្លួន​ឯង មិន​មែន​ដោយ​ភាព​ភ័យ​ខ្លាច​ការ​ផាក​ពិន័យ​របស់​នគរបាល​ចរាចរណ៍​នោះ​ទេ។ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា គាំទ្រ​ចំពោះ​ផែន​ការ​រឹត​បណ្តឹង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាង​ដូច្នេះ។ ប៉ុន្តែ​លោក​ក៏​នៅ​មាន​ការ​បារម្ភ ខ្លាច​ការ​អនុវត្ត​មាន​តែ​មួយ​ឆាវៗ។ យ៉ាង​ណា​ក៏​ដោយ មន្ត្រី​រដ្ឋាភិបាល អះអាង​ថា ការ​អនុវត្ត​នឹង​ធ្វើ​ឡើង​ជា​ដំណាក់​កាល តាម​ត្រី​មាស​នីមួយៗ យ៉ាង​ច្បាស់​លាស់៕