អានតួអត្ថបទ
កម្ពុជា-តុលាការ

ប៉ូលីស​ខណ្ឌ​ពោធិ៍សែន​ជ័យ​ម្នាក់​ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ«មនុស្ស​ឃាត​ដោយ​អចេតនា»

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៤​មករា​នេះ បាន​សម្រេច​​ចោទ​ប្រកាន់​ មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ម្នាក់​ ពី​បទ «មនុស្ស​ឃាត​ដោយ​អចេតនា» ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ ទៅ ៣​ឆ្នាំ។ សវនាការ​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​នគរបាល​រូប​នោះ បាន​បាញ់​កាំភ្លើង​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ស្លាប់​បុរស​មិន​ដឹង​អី​ម្នាក់ ក្នុង​អំឡុង​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​មួយ​កន្លែង កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​ក៏​ជា​សវនាការ​ភ្លាមៗ​ផង​ដែរ បន្ទាប់​ពី​មេបញ្ជាការ​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​មេបញ្ជាការ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​មិន​លើក​លែង​ឲ្យ​មន្ត្រី​ណា​ ទោះ​បី​ជា​បាន​ប្រព្រឹត្តិ​ដោយ​អចេតនា ក្នុង​បេសកកម្ម​ក៏​ដោយ។

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​នោះ ​​ឈ្មោះ ចន វិរៈ ត្រូវ​តុលាការ​​ចោទប្រកាន់ពីបទ «មនុស្សឃាតដោយអចេតនា»
មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​នោះ ​​ឈ្មោះ ចន វិរៈ ត្រូវ​តុលាការ​​ចោទប្រកាន់ពីបទ «មនុស្សឃាតដោយអចេតនា» @សហការី
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​នោះ ​​ឈ្មោះ ចន វិរៈ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍​ត្រី ឬ ស័ក្តិ​១ បម្រើ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍សែនជ័យ។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ២១​មករា នៅ​ពេល​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​បើក​យុទ្ធនាការ​​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​​បាញ់​អាប៉ោង នៅ​ក្នុង​ចំណុច​ដី​ឡូតិ៍ ក្រោយ​ផ្សារ​កាណាស៊ីធី ក្នុង​ភូមិ​ចោម​ចៅ​ទី ២ ខណ្ឌពោធិ៍​សែន​ជ័យ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ បាញ់​ឡើង​លើ បណ្តាល​ឲ្យ​ផ្លាំង​ទៅ​ត្រូវ​នឹង​បុរស​វ័យ ៣៣​ឆ្នាំ​ម្នាក់ ដែល​កំពុង​តែ​អឺត​មើល នៅ​លើ​ផ្ទះ​ជួល​ជាន់​ទី ៣ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។ ​

តាម​មន្ត្រី​ជំនាញ​ បន្ទាប់​ពី​បាន​ធ្វើ​កោសល្យ​វិច្ច័យ​ គេ​បាន​រក​ឃើញ​ថា ក្បាល​គ្រាប់​នៅ​លើ​សព​ជន​រង​គ្រោះ​ មាន​សភាព​បែក ដែល​គេ​ហ៊ាន​អះ​អាង​ថា គ្រាប់​នោះ​បាន​ទៅ​បុក​ជញ្ជាំង​ថ្ម ហើយ​ក៏​ផ្លាត​ត្រូវ​ចំ​ជន​រង​គ្រោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ ជួន សុវណ្ណ មេ​បញ្ជាការ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ភ្លាមៗ​ដែរ​ថា មិន​អនុគ្រោះ ហើយ​ត្រូវ​តែ​​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។

នៅ​ព្រឹក​ថ្ងៃ​ទី ២៤​មករា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​រូប​នោះ តាម​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​ថា «បទ​មនុស្ស​ឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ដោយ​ការ​ធ្វេស​ប្រហែស ការ​មិន​ប្រុង​ប្រយ័ត្ន ឬ ការ​ខ្ជី​ខ្ជា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ២​លាន​រៀល ទៅ ៦​លាន​រៀល»។ នេះ​បើ​តាម​លោក​លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

បន្ទាប់​ពី​បាន​ប្រកាស​អនុវត្ត​តាម​នីតិវិធី​ច្បាប់ គេ​ក៏​ឃើញ​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មជ្ឈដ្ឋាន​ផ្សេង​ទៀត ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​មួយ​ចំនួន ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ។ ជា​ការ​កត់​សម្គាល់ កំហុស​បច្ចេកទេស​ដោយ​អចេតនា​របស់​មន្ត្រី​បម្រើ​សាធារណ​ជន​បែប​នេះ មិន​មែន​ទើប​តែ​កើត​ឡើង​​ជា​លើក​ទី​១​នោះ​ទេ ប៉ុន្តែ​គេ​ក៏​កម្រ​ឃើញ​ណាស់ នូវ​ការ​ចេញ​មក​ទទួល​ខុស​ត្រូវ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ