អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ប្រកាស​ឲ្យ​បិទ​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​រឿង​អាស្រូវ​លោក​សង្ឃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ពី​ខេត្ត​កំពង់ចាម​ទៅ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​រឿង​អាស្រូវ ព្រះ​សង្ឃ​មួយ​អង្គ និង​នារី​ម្នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ លោក​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​ពី​រឿង​នេះ​ត​ទៅ​ទៀត ដើម្បី​ការពារ​តម្លៃ​ពុទ្ធសាសនា និង​តម្លៃ​ស្ត្រី​ខ្មែរ។

នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន(កណ្តាល) លោកខណ្ឌ័ ច័ន្ទ​សុផល (ឆ្វេង) លោក​ផែង វណ្ណៈ (ស្តាំ) ​
នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន(កណ្តាល) លោកខណ្ឌ័ ច័ន្ទ​សុផល (ឆ្វេង) លោក​ផែង វណ្ណៈ (ស្តាំ) ​ @សហការី
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម និង​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​មើល​ឃើញ​ថា ដំណើរ​រឿង​អាស្រូវ​របស់​អតីត​ព្រះ​សង្ឃ និង​នារី​វ័យ​ក្មេង​ម្នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​តែ​បន្ត​កើត​ឡើង​មិន​ចប់​សោះ។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចោទ​មន្រ្តី​យោធា​ពីរ​រូប គឺ​លោក​ផែង វណ្ណៈ និង​លោក​ខណ្ឌ័ ច័ន្ទសុផល​ថា ជា​អ្នក​បញ្ឆេះ​រឿង​នេះ​ឲ្យ​កាន់​តែ​សុះ​សាយ​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

លោក​ផែង វណ្ណៈ និង​លោក​ខណ្ឌ័ ច័ន្ទសុផល​ ដែល​សុទ្ធ​តែ​ជា​អ្នក​ល្បី​ល្បាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​បាន​ចុះ​ទៅ​សម្ភាសន៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​អតីត​ព្រះ​សង្ឃ និង​នារី​ដែល​ពាក់​ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ផ្លូវ​ភេទ​នេះ។ លោ​កផែង វណ្ណៈ បាន​ចុះ​ទៅ​សម្ភាសន៍​ដោយ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ជាមួយ​អតីត​ព្រះ​សង្ឃ​នោះ ដើម្បី​ឲ្យ​បក​ស្រាយ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង។ រីឯ​លោក​ខណ្ឌ័ ច័ន្ទសុផល​វិញ បាន​ចុះ​ទៅ​សម្ភាសន៍​ជាមួយ​ខាង​នារី ដើម្បី​ឲ្យ​ឆ្លើយ​តប។ ទង្វើ​ទាំង​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ចាត់​ទុក​ថា ជា​ការ​បង្កើត​រឿង​ឲ្យ​កាន់​តែ​វែង​ឆ្ងាយ ដែល​គ្មាន​ការ​ចំណេញ​អ្វី​សោះ​ដល់​សង្គម។ លោក​ហ៊ុន សែន បាន​ប្រាប់​ឲ្យ​អ្នក​ទាំង​ពីរ​នេះ​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​បន្ត​នូវ​រឿង​នេះ​ទៀត បើ​ពុំ​ដូច្នោះ​ទេ​ពួក​គេ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ជួរ​កង​ទ័ព​កម្ពុជា។

ភ្លាមៗ​ក្រោយ​ពី​រង​ការ​ស្តី​បន្ទោស​និង​ព្រមាន​ពី​នាយក​រដ្ឋមន្រ្តី​នេះ លោក​ផែង វណ្ណៈនិង​លោកខណ្ឌ័ ច័ន្ទ​សុផល​ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​រៀង​ខ្លួន​បាន​ចេញ​មក​សន្យា​ឈប់​ផ្សព្វ​ផ្សាយ​បន្ត​នូវ​រឿង​អាស្រូវ​នេះ។ ក្រៅ​ពី​សន្យា លោក​ផែង វណ្ណៈ ក៏​បាន​សុំ​ទោស​លោក​នាយក​រដ្ឋមន្រ្តី​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ចំណែក​លោក​ខណ្ឌ័ ច័ន្ទសុផល​វិញ បាន​អរគុណ​លោក​នាយក​រដ្ឋមន្រ្តី​ដែល​បាន​ណែនាំ​ដល់​រូប​លោក​ចំពោះ​រឿង​នេះ។

សូម​រំឮក​បន្តិច​ថា រឿង​អាស្រូវ​ផ្លូវ​ភេទ​ខុស​សីលធម៌​រវាង​ព្រះ​សង្ឃ និង​គ្រហស្ថ​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​សប្តាហ៍​មុន។ ក្រោយ​បែក​រឿង​អាស្រូវ​នេះ​ ព្រះ​សង្ឃ​អង្គ​នោះ​ត្រូវ​បាន​ចាប់​ផ្សឹក​ហើយ​ត្រូវ​នារី​ជា​ដៃ​គូ​ប្តឹង​ទៅ​កាន់​តុលាការ​ថែម​ទៀត។ ​បើ​ទោះ​បី​រឿង​នេះ​បាន​បញ្ចប់​តាម​វិន័យ​សង្ឃ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​មក​ដល់​ពេល​នេះ វា​នៅ​តែ​កក្រើក​នៅ​ក្នុង​ចំណោម​មហាជន​ខ្មែរ​ដដែល ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ប្រឈម​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​រឿង​រ៉ាវ​នេះ​ត​ទៅ​ទៀត។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី បើ​សិន​រឿង​នេះនៅ​តែ​មិន​ព្រម​ចប់ នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ពុទ្ធ​សាសនា និង​តម្លៃ​នៃ​ស្រ្តី​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ