rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្មករ បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ហ៊ុន សែន​ប្រាប់​កម្មករ​ឲ្យ​បះបោរ​ប្រឆាំង​លោក​ចុះ បើ​លោក​ឈប់​ជួយ​កម្មករ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត

media
លោកហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា @PM Facebook

នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី​ជា​ច្រើន​រយ​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា គោល​នយោបាយ​គាំពារ​សង្គម​ដែល​លោក​បាន​ដាក់​ចេញ​ដើម្បី​ជួយ​ដល់​កម្មករ នឹង​មិន​ត្រូវ​អនុវត្ត​តែ​នៅ​មុន​ការ​បោះ​ឆ្នោត​នោះ​ទេ ពោល​គឺ​បន្ទាប់​ពី​បោះ​ឆ្នោត​ហើយ​ក៏​នៅ​តែ​បន្ត​អនុវត្ត​ដែរ។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ប្រកាស​ប្រាប់​ឲ្យ​កម្មករ កម្មការិនី​នាំ​គ្នា​ងើប​បះ​បោរ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​លោក​ចុះ ប្រសិន​បើ​គោល​នយោបាយ​គាំពារ​សង្គម​របស់​លោក​ឈប់​អនុវត្ត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ។


ការ​អះអាង​ដាច់​ណាត់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​រិះគន់​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ថា គោល​នយោបាយ​គាំពារ​សង្គម​នឹង​អនុវត្ត​តែ​នៅ​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ ចំណែក​ក្រោយ​ការ​បោះ​ឆ្នោត​វិញ គោល​នយោបាយ​គាំពារ​សង្គម​នេះ នឹង​លែង​មាន​ការ​អនុវត្ត​ទៀត​ហើយ។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចង្អុល​ចំៗ​ថា អ្នក​ដែល​រិះគន់​បែប​នេះ គឺ​ក្រុម​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល។

ចំពោះ​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ជំរុញ​ឲ្យ​កម្មករ កម្មការិនី​ត្រៀម​ងើប​បះ​បោរ ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​លោក​ចុះ ប្រសិន​បើ​គោល​នយោបាយ​គាំពារ​សង្គម​ដែល​លោក​បាន​ដាក់​ចេញ​ដើម្បី​ជួយ​កម្មករ​នេះ​ឈប់​អនុវត្ត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ។ លោក​នាយក​រដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​បន្ថែម​ថា គោល​នយោបាយ​គាំពារ​សង្គម​នេះ មិន​មែន​សម្រាប់​អនុវត្ត​នៅ​តែ​មុន​ការ​បោះ​ឆ្នោត​ទេ ហើយ​ថា គោល​នយោបាយ​ដែល​ចេញ​ដោយ​គណបក្ស​កាន់​អំណាច​គឺ​មិន​មែន​ជា​រឿង​លេង​សើច​ឡើយ ពោល គឺ​នឹង​បន្ត​អនុវត្ត​ទាំង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត។

សូម​បញ្ជាក់​ថា នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ផ្តល់​ការ​គាំពារ​សង្គម​ជា​ច្រើន​ដល់​កម្មករ ដូច​ជា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៧០ ដុល្លារ​ក្នុង​មួយ​ខែ ផ្តល់​ប្រាក់​សោធននិវត្តន៍​ដល់​កម្មករ កម្មការិនី​ចាប់​ពី​ឆ្នាំ ២០១៩ មិន​ឲ្យ​កម្មករ​បង់​ប្រាក់​របប​សន្តិសុខ​សង្គម​ដោយ​ខ្លួន​ឯង ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ផ្តល់​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​សំរាល​កូន​គឺ​នឹង​ទទួល​បាន​ពេល​វេលា​ឈប់​សម្រាក​ពី​ការងារ​រយៈ​ពេល​៣​ខែ និង​ទទួល​បាន​ប្រាក់​ខែ ១២០%​ថែម​ទៀត ។ ចំណែក ​កម្មការនី​ដែល​សម្រាល​បាន​កូន​១ លោក​នឹង​ផ្តល់​ថវិកា​៤០​ម៉ឺន​រៀល ហើយបើ​សម្រាល​បាន​កូន​ភ្លោះ (២) គឺ​ទទួល​បាន​ថវិកា​៨០​ម៉ឺន​រៀល​និងបើ​សម្រាល​បាន​កូន​(៣)គឺ​ទទួល​បាន​ថវិកា​១​លាន​២​សែន​រៀល​ជា​ដើម។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន អ្វី​ដែល​គណបក្ស​កាន់​រដ្ឋាភិបាល​ដាក់​ចេញ​ឲ្យ​អនុវត្ត​គឺ​បន្ត​អនុវត្ត​រហូត​មិន​មែន​ជា​សន្យា​ដូច​ដែល​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើ​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា លោក​សុខ​ចិត្ត​ចុះ​ចេញ​ពី​ដំណែង​ជា​នាយក​រដ្ឋមន្រ្តី ប្រសិន​បើ​លោក​មិន​អាច​អនុវត្ត​បាន​ទៅ​តាម​គោល​នយោបាយ​គាំទ្រ​សង្គម​ដែល​លោក​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​នេះ៕