អានតួអត្ថបទ
កម្ពុជា-ព្រំដែន

នាយក​រដ្ឋមន្រ្តី​កម្ពុជា-ឡាវ នឹង​ស្នើ​សុំ​ផែនទី​ពី​បារាំង ដើម្បី​កំណត់​បញ្ហា​ទឹក​ដី​បញ្ចប់​ជម្លោះ​នៅ​តាម​ព្រំដែន

នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន និង​លោក​ថងលន់ ស៊ីស៊ូលីត​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ជួប​ប្រជុំ​គ្នា​នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា​លើ​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ជំនួប​ទ្វេ​ភាគី​នេះ នាយក​រដ្ឋមន្រ្តី​ទាំង​ពីរ​ប្រទេស បាន​ឯកភាព​គ្នា​នឹង​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​ផែនទី និង​ឯកសារ​ផ្សេងៗ​ទៀត​ដែល​ទាក់​ទង​នឹង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​យក​មក​ធ្វើ​ជា​គោល​ដោះ​ស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន​កម្ពុជា-ឡាវ។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន និង​លោក​ថងលន់ ស៊ីស៊ូលីត​នាយក​រដ្ឋមន្ត្រី​ឡាវ
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន និង​លោក​ថងលន់ ស៊ីស៊ូលីត​នាយក​រដ្ឋមន្ត្រី​ឡាវ @សហការី
ផ្សាយពាណិជ្ជកម្ម

ជំនួប​ដ៏​កម្រ​អំពី​បញ្ហា​ព្រំដែន​រវាង​នាយក​រដ្ឋមន្រ្តី​កម្ពុជា និង​ឡាវ​នា​ពេល​នេះ បាន​សម្រេច​ចេញ​នូវ​ចំណុច​ឯកភាព​គ្នា​ចំនួន​៤។ ទី​មួយ គឺ​ភាភី​ទាំង​ពីរ​សម្រេច​ឲ្យ​រដ្ឋមន្រ្តី​ការ​បរទេស​ទាំង​សង​ខាង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​រក​ដំណោះ​ស្រាយ​ក៏​ដូច​ជា​ការ​យោគ​យល់​អំពី​បញ្ហា​ព្រំដែន។ ទី​ពីរ ភាគី​ឡាវ​បាន​យល់​ព្រម​ដោះ​ស្រាយ​លើ​ចំណុច​សំខាន់ៗ​ទៅ​តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ដែល​រួម​មាន​ដូច​ជា គឺ​ចំណុច​បង្គោល​ព្រំដែន​លេខ​៣៣០៣៣ ក៏​ដូចជា​នៅ​តំបន់​អូស្វាយ​វ៉ឺនខាំ​ជា​ដើម។ ចំណុច​ទី​បី គឺ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ឲ្យ​គណៈកម្មការ​ព្រំដែន​ចុះ​ទៅ​ដោះ​ស្រាយ​ដោយ​ផ្ទាល់​នៅ​តំបន់​អូតាង៉ាវ​ដែល​នៅ​សេស​សល់។ រី​ឯ​ចំណុច​ទី​បួន គឺ​នាយក​រដ្ឋមន្រ្តី​កម្ពុជា និង​ឡាវ​បាន​ឯកភាព​គ្នា​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បារាំង​ផ្ទេរ​ផែនទី​ពី​ខ្នាត​១​លើ​១០០​ពាន់​មក​១​លើ​៥០​ពាន់ និង​ស្នើ​សុំ​ឲ្យ​បារាំង​ជួយ​ផ្តល់​ឯកសារ​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ព្រំដែន​កម្ពុជា-ឡាវ។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ក្រោយ​ជំនួប​ទ្វេភាគី​ជាមួយ​ភាគី​ឡាវ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា ការ​បញ្ចូន​គណៈកម្មការ​ព្រំដែន​ទាំង​ពីរ​ទៅ​ចុះ​ដោះ​ស្រាយ​ដោយ​ផ្ទាល់​នៅ​ចំណុច​ដែល​សេស​សល់​នោះ គឺ​ថា​បើ​រក​ឃើញ​ថា​ដី​ជា​របស់​កម្ពុជា និង​ដី​ណា​ជា​របស់​ឡាវ​ត្រូវ​កំណត់​ភ្លាម​និង​បោះ​បង្គោល​តែ​ម្តង។ ចំណែក​លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​ថងលន់ ស៊ីស៊ូលីត បាន​ប្រកាស​នូវ​មុខ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​អ្នក​កាសែត​ថា លោក​យល់​ព្រម​ទាំង​អស់​ទៅ​នឹង​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​លោក​ហ៊ុន សែន​បាន​លើក​ឡើង​នេះ។ លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​បាន​បង្ហាញ​ពី​ការ​ជឿ​ជាក់​របស់​ខ្លួន​ថា ដំណោះ​ស្រាយ​នេះ គឺ​គោល​លើ​មិត្តភាព ស្មើ​ភាព មិន​ឲ្យ​អ្នក​ណា​ខាត អ្នក​ណា​ចំណេញ​ឡើយ។

សូម​បញ្ជាក់​ថា ជំនួប​រវាង​ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​នៅ​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ភាគី​ឡាវ​សម្រេច​ដក​ទ័ព​របស់​ខ្លួន​ភា្លមៗ​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ ការ​ដក​កង​ទ័ព​គ្មាន​បង្អង់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ទៅ​ជួប​និយាយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ឡាវ​ដោយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ​កាល​ពី​ថ្ងៃ​ទី​១២ សីហា បន្ទាប់​ដាក់​ឱសាន​វាទ​មួយ​សប្តាហ៍​ឲ្យ​កង​ទ័ព​ឡាវ​ដក​ចេញ និង​បាន​បញ្ជូន​កង​ទ័ព​កម្ពុជា​ទៅ​កាន់​តំបន់​ព្រំដែន​មាន​បញ្ហា​នោះ។

ទាំង​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា និងឡាវ សុទ្ធ​តែ​អះ​អាង​ដូច​គ្នា​ថា ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ឈាន​ដល់​ដំណាក់​កាល​នេះ គឺ​កើត​ឡើង​ជា​ចម្បង​ដោយ​សារ​តែ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​រវាង​អ្នក​ទាំង​ពីរ​ក៏​ដូច​ជា​ក្រុម​គ្រួសារ។ ប្រមុខ​ដឹក​នាំ​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​ព្យាយាម​រក្សា​ឲ្យ​មាន​សន្តិសុខ និង​សនិ្តភាព​នៅ​ចំណុច​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មិន​ទាន់​ដោះ​ស្រាយ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ