អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​កសិកម្ម​នឹង​ផ្ដល់​ជំនួយ​បច្ចេ​កទេស​ដើម្បី​ជំរុញ​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​បន្ថយ​ការ​នាំ​ចូល​ពី​ថៃ​

ក្រសួងកសិកម្មនិង​វិស័យ​ឯក​ជនបាន​ជួប​គ្នានៅ​ថ្ងៃទី៥ខែមិថុនានេះដើម្បី​ស្វែង​រក​ដំណោះ​ស្រា​យ​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ពី​​ថៃ។​ ជំនួបនេះធ្វើ​ឡើង​បន្ទាប់​ពីការ​នាំ​ចូល​ជ្រូក​រស់​ពី​ថៃ​មាន​ការ​កើន​ឡើង ​​ក្រោយ​កម្ពុជា​ផ្អាក​នាំ​ចូល​ជ្រួក​ពី​វៀត​ណាម ដោយ​សារ​តែ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​។ ក្នុង​នោះ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជា​ថ្មី​ទៀត បាន​ជំរុញ​ឲ្យ​មាន​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល ហើយ​ក្រសួង​នឹង​ត្រៀម​ជួយ​ផ្នែក​បច្ចេក​ទេស​។ 

កសិករចិញ្ចឹមជ្រូកនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក (រូបតំណាង)
កសិករចិញ្ចឹមជ្រូកនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក (រូបតំណាង) REUTERS/Ryan Woo
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃទី៥​ខែមិថុនា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម លោក​វេង សាខុន បាន​គូស​បញ្ជាក់​ថា ជំនួប​រវាង​អគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម និង​វិស័យ​ឯក​ជននៅថ្ងៃពុធនេះ ផ្ដោត​ទៅ​លើ​ការ​ជំរុញ​ឲ្យ​វិស័យ​ឯកជនចិញ្ចឹម​ជ្រូក​បន្ថែម និង​រក​វិធាន​ការ​ទប់​ស្កាត់​ការ​កើន​ឡើង​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​។ បច្ចុប្បន្ន​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ លោក​រដ្ឋ​មន្ត្រី​អះអាង​ថា មាន​ការ​ឡើង​ថ្លៃ ដោយ​សារ​ទីផ្សារ​ថៃ​ដែល​កម្ពុជា​នាំ​ចូល​ផ្ដាច់​មុខ​នោះ​កំពុង​ប្រឈម​នឹង​កង្វះ​ជ្រូក​រស់​ដែរ​។

បើ​តាម​លោក វេង សាខុន មិន​ថា ដំណោះ​ស្រាយ​រយៈ​ពេល​វែង និង​ខ្លី​នោះ​ទេគឺ​មាន​តែ​ជំរុញ​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទើប​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ក្បែរ​ខាង​កម្ពុជា​។ ក្នុង​នោះ​ក្រសួង​កសិកម្ម​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស​ទៅ​វិស័យ​ឯកជន​ដើម្បី​រួម​ចំណែក​ដល់​ការ​ចិញ្ចឹម ខណៈ​ប្រភព​ថវិកា​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ធនាគារ​អភិវឌ្ឍ​ជន​បទ​។ចំពោះ​ក្រសួង​កសិកម្ម​លោក​រដ្ឋ​មន្ត្រី​គូស​បញ្ជាក់​ថា មិន​មាន​ប្រភព​ថវិកា​ផ្ដល់​ឲ្យ​វិស័យ​ឯកជន​ឡើយ​។

ជាការកតសម្គាល់ មុន​ពេល​​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​នៅ​វៀតណាមការ​នាំចូល​ជ្រូក​​ពី​ថៃនិងវៀតណាម មក​កម្ពុជា​ក្នុង​១​ថ្ងៃ​អាច​មាន​ចំនួន​​​ពី ​១,០០០​-​១,៥០០ ​ក្បាល​។ បន្ទាប់​ពី​​ជ្រូក​នៅ​វៀតណាម ត្រូវ​បាន​វាយ​ប្រហា​រ​ដោយ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ កម្ពុជា​ក៏​សម្រេច​​ហាម​​ឃាត់​ការ​នាំចូល​ជ្រូក​ពី​វៀតណាម ​ដោយ​ងាក​ទៅ​ពឹង​ផ្អែក​លើ​​ការ​នាំចូល​មក​ពី​ប្រទេសថៃតែ​មួយ​​ប៉ុណ្ណោះ​។ ហើយ​ជា​មធ្យម​ក្នុង១​ថ្ងៃ កម្ពុជា​មាន​តម្រូវ​ការ​ជ្រូក​ប្រមាណ ​៥​ ០០០​​-៦ ​០០០ ​ក្បាល​ ដោយ​ក្នុង​នោះ​ប្រមាណ​ជិត ​២០ ​​ភាគរយ ​ជា​ជ្រូក​នាំចូល​ពី​ប្រទេស​ ​ថៃ និង​វៀតណាម។

បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុង​ស្រុក​ពីរ​ដែល​ផ្គត់​ផ្គង់​ការ​ចិញ្ចឹម​ជ្រូក​គឺ​ក្រុមហ៊ុន​CPនិង​ក្រុមហ៊ុន ម៉ុង រិទ្ធី។ បើ​តាម​វិស័យ​ឯកជន​ធ្លាប់​លើក​ឡើង​ថា ពួក​គេ​នៅ​រួញ​រា​ក្នុង​ការ​បន្ថែម​បរិមាណ​ចិញ្ចឹម​ជ្រួក​ដោយ​សារ​តែ​ខ្លាច​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ដែល​បាន​កើត​មាន​រួច​ហើយ​នៅ​ក្នុង​ស្រុក​ពីរ​ក្នុង​ខេត្ត​រតនគិរី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ