អានតួអត្ថបទ
កម្ពុជា

ព្រឹត្តិការណ៍​មហោស្រព​រូបថត​ភ្នំពេញ​ត្រឡប់​មក​វិញ​ជាមួយ​ស្នាដៃ​របស់​សិល្បករ​ថត​រូប​៣០​នាក់

ព្រឹត្តិការណ៍​មហោស្រព​រូបថត​ភ្នំពេញ បាន​ត្រឡប់​មក​វិញ​ហើយ​នៅ​ឆ្នាំ​២០១៧​នេះ ចាប់​ផ្ដើមពី​ថ្ងៃសៅរ៍​ទី​២១ ដល់​ថ្ងៃចន្ទ​​ទី​២៣​តុលា​ខាង​មុខ​។ នៅ​ក្នុង​មហោស្រព​នេះ ស្នាដៃ​សិល្បៈ​របស់​ក្រុម​សិល្បករ​កម្ពុជា​៥​រូប និង​អន្ដរជាតិ​២៥​រូប នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​លើ​ផ្ទាំង​សំពត់​ស​នៅ​ទីតាំង​ចំនួន​១០​កន្លែង​ទូទាំង​រាជធានី​ភ្នំពេញ​។

ព្រឹត្តការណ៍​មហោស្រពរូបភា​ព​ភ្នំពេញ
ព្រឹត្តការណ៍​មហោស្រពរូបភា​ព​ភ្នំពេញ @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា និង​សមាគម​រូបថត​ភ្នំពេញ បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​រៀបចំ​មហោស្រព​រូប​ថត​ភ្នំពេញ សម្រាប់​ឆ្នាំ​២០១៧​។ រៀបចំ​ឡើង​ជា​លើក​ទី​៨ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក មហោស្រព​រូបថត​ភ្នំពេញនៅ​ឆ្នាំ​នេះ នឹងដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​រូប​ថត នៅ​ទីតាំងសាធារណៈ​​ចំនួន​១០​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ រាប់​ចាប់​តាំង​ពី​របង​ស្ថានទូត​បារាំង របង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជា​ដើម​។

អនុប្រធាន​សមាគម​រូបថត​ភ្នំពេញ លោក សុវណ្ណ ភីឡុង បញ្ជាក់​ថា មហោស្រព​រូបថត​នេះ បង្កើត​ឡើង​ដើម្បី​​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ថត​រូប​ខ្មែរ មាន​ឱកាស​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជូន​សាធារណជន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តាម​រយៈ​ព្រឹត្តិការណ៍​នេះ លោក​សង្ឃឹម​ថា ​សិល្បករ​អ្នក​ថត​រូប​ខ្មែរ​និង​អន្ដរជាតិ​សរុប​៣០​រូប​នឹង​មាន​ឱកាស​ជួប​គ្នា​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ដើម្បី​អភិវឌ្ឍ​ស្នាដៃ​សិល្បៈ​របស់​ពួក​គេ​បន្ថែមទៀត​​។

សម្រាប់​អនុប្រធាន​សមាគម​រូបថត​ភ្នំពេញ​រូប​នេះ ការ​ចូល​រួម​របស់​សិល្បករ​អ្នក​ថត​រូប​ខ្មែរ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ហើយ​លោក​ចង់​ឲ្យ​អ្នក​ថត​រូប​ខ្មែរ​ចូល​រួម​ក្នុង​មហោស្រព​រូប​ថត​ភ្នំពេញ​ឲ្យ​បានកាន់​តែ​ច្រើន ខណៈ​ឆ្នាំ​នេះ សិល្បករ​អ្នក​ថត​រូប​ខ្មែរ​ដែល​ចូល​រួម មាន​ចំនួន​តែ​៥​រូប​ប៉ុណ្ណោះ​។

ត្បិត​តែ​មាន​ចំនួន​តិច ប៉ុន្តែ​សិល្បករ​ថត​រូប​ខ្មែរ​ដែល​ចូល​រួម​នៅ​ក្នុង​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ​២០១៧​នេះ បាន​លើក​យក​នូវ​រូបថត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មក​ដាក់​បង្ហាញ​ជូន​សាធារណជន​។ ក្នុង​នោះ យុវ​សិល្បករ លោក សួន សាយ័ន្ត តាំង​បង្ហាញ​រូប​ថត​ពណ៌​ស​ខ្មៅ​របស់​ខ្លួន​នៅ​កោះពេជ្រ, និង​លោក គីម ហាក់ សមាជិក​ម្នាក់​នៃ​ស្ទូឌីយោ​រូបភាព ដាក់​បង្ហាញ​ស្នាដៃស្ដីពី​អគារ​ប៊ូឌីញ​​នៅមជ្ឈមណ្ឌល​បូផាណា​​ជា​ដើម​។ ចំណែកអ្នក​ថត​រូប​អន្ដរជាតិ មាន​២៥​រូប មក​ពី​ប្រទេស​បារាំង អង់គ្លេស ជប៉ុន វៀតណាម និង​ប្រទេស​ដទៃ​ទៀតជា​ច្រើន​។

ក្រៅ​ពី​ការ​តាំង​បង្ហាញ​ស្នាដៃ​រូបថត ព្រឹត្តិការណ៍​មហោស្រព​រូបថត​ភ្នំពេញ​ក៏​មាន​រួម​បញ្ចូល​កម្មវិធី​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា​៖ កម្មវិធី​ចាក់​បញ្ចាំង​រូបថត​ព្រម​ជាមួយ​ការ​ប្រគំ​តន្ដ្រី​ផ្ទាល់ ជំនួប​សិល្បករ​ថត​រូប និង​ការ​ចាក់​បង្ហាញ​រូប​ថត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ