rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេវាកម្ម​ដឹកជញ្ជូនសាធារណៈ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សាលា​រាជធានី​ភ្នំពេញ​គ្រោង​បង្កើត Smart Card និង កម្មវិធី​ឡាន​ក្រុង​លើ​ទូរសព្ទ

media
រថយន្ត​ក្រុង​ជា​អំណោយ​ពី​ប្រទេស​ចិន ចាប់​ផ្ដើម​រត់​ដំណើរការ​នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ

សាលា​រាជធានី​ភ្នំពេញ​គ្រោង​បង្កើត Smart Card និង ប្រព័ន្ធ​កម្មវិធី​ឡាន​ក្រុង​លើ​ទូរសព្ទ​ចល័ត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍​ទី​៥​សីហា​នេះ​។

អត្ថបទ​ដោយ៖ ជក់ សុភា


Smart Card គឺ​ជា​កាត​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​បង់​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​។ ពេល​មាន Smart Card ប្រជាពលរដ្ឋ​មិន​ចាំ​បាច់​ប្រើប្រាស់​សាច់​ប្រាក់​ដោយ​ផ្ទាល់​ឡើយ គឺ​គ្រាន់​តែ​បញ្ចូល​ទឹក​ប្រាក់​ទៅ​ក្នុង Smart Card នោះ ហើយ​ដាក់​កាត​នោះ​ទៅ​លើ​ម៉ាស៊ីន​នៅ​លើ​ឡាន​ក្រុង វា​នឹង​កាត់​ទឹក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក ម៉េត មាសភក្តី​។

ក្រៅ​ពី Smart Card លោក​ឲ្យ​ដឹង​ទៀត​ថា សាលា​ក្រុង​នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី​អាច​ឲ្យ​ប្រជាពលរដ្ឋ​មើល​ប្រព័ន្ធ​ឡាន​ក្រុង​តាម​រយៈ​ទូរសព្ទ​ដៃ​ចល័ត ថា​តើ​ឡាន​ក្រុង​នឹង​មក​ដល់​នៅ​ទីតាំង​ណា​មួយ ពេល​ប៉ុន្មាន​នាទី​ទៀត​? សម្រាប់​លោក មាស ម៉េតភក្តី ប្រព័ន្ធ​ទាំង​ពីរ​នេះ​នឹង​រួម​ចំណែក​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ អ្នកគ្រប់​គ្រង និង​មាន​ភាព​សុក្រិត មិន​អាច​បន្លំ​បាន​ឡើយ​។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ដូច្នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រថយន្ត​ក្រុង​ជំនួយ​ពី​ប្រទេស​ចិន ទើប​តែ​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ដើម​ខែ​សីហា​នេះ​។ អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​ថា Smart Card និង ប្រព័ន្ធ​កម្មវិធី​ឡាន​ក្រុង​លើ​ទូរសព្ទ គ្រោង​នឹង​បំពាក់​លើ​រថយន្ត​ថ្មី​ទាំង​នោះ​។

យ៉ាង​ណា​ក៏​ដោយ Smart Card និង ប្រព័ន្ធ​កម្មវិធី​ឡាន​ក្រុង​លើ​ទូរសព្ទ មិន​មែន​ជា​លក្ខណៈ​ពិសេស​តែ​ពីរ​គត់​របស់​រថយន្ត​ក្រុង​ថ្មី​ឡើយ​។ លោក ម៉េត មាសភក្ដី បាន​លើក​ឡើង​ថា រថយន្ត​ក្រុង​ថ្មី មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ខុស​ប្លែក​ពី​រថយន្ត​មុន ដោយ​សារ​វា​ជា​រថយន្ត​ស៊េរី​ថ្មី​ស្រឡាង ល្អ​ទាំង​គុណភាព​និងសោភណ្ឌភាព មាន​ទីតាំង​អំណោយ​ផល​ដល់​ជន​ពិការ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ចាស់​ជរា ដែល​មាន​លក្ខណៈ​ស្តង់ដារ​ដូច​បណ្តា​ប្រទេស​ដទៃ​។ មួយ​វិញ​ទៀត រថយន្ត​ក្រុង​នេះ​បំពាក់​នូវ​ប្រព័ន្ធ LED ទាំង​ក្នុង​និង​ក្រៅ ដើម្បី​ផ្តល់​ជា​ព័ត៌មាន ជា​ដំណឹង អំពី​ទីតាំង​ដែល​រថយន្ត​កំពុង​ចត និង​គោលដៅ​បន្ទាប់​របស់​រថយន្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​រថយន្ត​ក្រុង​ដែល​ចិន​ផ្ដល់​ជំនួយ​ទាំង​១០០​គ្រឿង សាលាក្រុង​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​តែ​ចំនួន​៦០​គ្រឿង​ប៉ុណ្ណោះ ដោយ​រត់​នៅ​លើ​ខ្សែ​ផ្លូវ​ចាស់​ដដែល​។ ចំណែក​តម្លៃ​ក៏​នៅ​ដដែល​ដែរ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា​ថ្លៃ​តែ​១៥០០​រៀល​ប៉ុណ្ណោះ​។ រី​ឯ​សិស្ស​និស្សិត ព្រះ​សង្ឃ ចាស់​ជរា និង​ក្មេង​ក្រោម​កម្ពស់​មួយ​ម៉ែត្រ​ចុះ​ក្រោម សាលា​ក្រុង​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ​៕