អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ផៃ ស៊ីផាន ​អរគុណ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​ដែល​ផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​រឿង​មូល​ដ្ឋាន​ទ័ព​ចិន​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក MiKe Pompeo​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​បដិសេធ​របស់​កម្ពុជា​ទៅ​នឹង​ព័ត៌មាន​ដែល​ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សំងាត់​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​កង​ទ័ព​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​ស្វាគមន៍​របស់​លោក MiKe Pompeoនេះ​ ថា​ជា​ការ​ផ្តល់​យុត្តិ​ធម៌​ដល់​រដ្ឋា​ភិបាល​កម្ពុជា​។ លោក​ថែម​ទាំង​សម្តែង​ការ​អរ​គុណ​ដល់​លោក MiKe Pompeo ថែម​ទៀត​ចំពោះ​បញ្ហា​នេះ​។ 

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​បាទ​សូម​អបអរ និង​ថ្លែង​អំណរ​គុណ​ដល់ ឯកឧត្តម MIKE POMPEO រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​»។ នេះ​គឺ​ជា​លើក​ឡើង​របស់​លោក​ផៃ ស៊ីផាន អ្នក​នាំ​ពា​ក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក​ផៃ ស៊ីផាន បាន​បន្ថែម​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន គឺ​តែង​តែ​ខិត​ខំប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​រក្សា​មិត្ត មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង និង​ជា​ដៃ​គូ​សហ​ការ​គ្រប់​វិស័យ​ជាមួយ​នឹង​ប្រជា​ជាតិ​ទាំង​អស់​នៅ​លើ​ពិភព​លោក ដោយ​មិន​រើស​អើង​។

ការ​សម្តែង​នូវ​ការ​អរគុណ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក MiKe Pompeo ដែល​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​បាន​ប្រកាស​ស្វាគមន៍​នូវ​ការ​បដិសេធ​របស់​រដ្ឋា​ភិបាល​ចំពោះ​ព័ត៌មាន​ដែល​ថា កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូល​ដ្ឋាន​ទ័ព​លើ​ទឹកដី​របស់​ខ្លួន​។ លោក MiKe Pompeo លើក​ឡើង​ដូច្នេះ​នៅ​ក្រោយ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន​-​អាមេរិកលើក​ទី​៥២ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ​បាន​គូស​បញ្ជាក់​ថា សហ​រដ្ឋ​អាមេរិកស្វាគមន៍​ការ​ការពារ​អធិបតេយ្យ​ភាពដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា​ ហើយអាមេរិកក៏​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ផ្សេង​ទៀតក្នុង​តំបន់​ឲ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុជា‍ផងដែរ។

ជា​ការ​កត់​សម្គាល់ ការ​ប្រកាស​ស្វាគមន៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋា​ភិបាល​កម្ពុជា បាន​ព្យាយាម​បដិសេធ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ថា កម្ពុជា​មិន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សំងាត់​ណា​មួយ ដើម្បី​ឱ្យ​ចិន​មាន​មូល​ដ្ឋាន​ទ័ព​នៅ​កម្ពុជា​ដូច​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​ការពារជាតិ​កម្ពុជា ក៏​ថែម​ទាំង​បាន​នាំ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង អន្តរជាតិ​ទៅ​កាន់​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ដែល​មាន​ការ​សង្ស័យ​ថា មាន​ការ​សាង​សង់​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​ទីនោះ​ថែម​ទៀត​ផង​។ ប៉ុន្តែ​ជា​លទ្ធ​ផល គឺ​គ្មាន​ការ​សាង​សង់​អ្វី​ទាំង​អស់​។ ចំណែក ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​វិញ​បាន​ហៅ​ព័ត៌មាន​បែប​នេះ ថា​មាន​ចេតនា​ដ៏​អាក្រក់​បំផុត​ប្រឆាំង​នឹង​កម្ពុជា​។

ដោយ​ឡែក ខាង​រដ្ឋា​ភិបាល​ចិន​ឯណោះ​វិញ ក៏​បាន​ច្រាន​ចោល​ព័ត៌មាន​ដាក់​មូល​ដ្ឋាន​ទ័ព​នៅ​កម្ពុជា​នេះ​ផង​ដែរ​។ ក្រសួង​ការ​បរទេស និង ក្រសួង​ការពារ​ជាតិ​ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​ដូច​គ្នា​ថែម​ទាំង​បាន​ប្រាប់​ទៅ​កាន់​ភាគី​ផ្សេង​បែប​ទំនង​ចង់​សំដៅ​លើ​សហ​រដ្ឋ​អាមេរិក​ថា កុំ​ឱ្យ​មាន​ការ​បក​ស្រាយ​លើស​ពី​កិច្ច​សហការ​ធម្មតា​រវាង​កម្ពុជា និង ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ