អានតួអត្ថបទ
កម្ពុជា

អង្កការ​ជនពិការ​កម្ពុជា៖ ជនពិការ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​បោះ​ឆ្នោត

ក្រោយ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ បាន​បញ្ចប់ អង្គការ​ជនពិការ​កម្ពុជា​បាន​សង្កេត​ឃើញ​ថា​ជន​ពិការ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ចូល​រួម​ការ​បោះ​ឆ្នោត ហើយ​ស្នើ​គ.ជ.ប ឲ្យ​ដាក់​បញ្ចូល​ពិការ​ភាព​៣ប្រភេទ ក្នុង​បញ្ជី​ឈ្មោះ។ ចំណែក គ.ជ.ប វិញ កំពុង​ពិចារណា​ចំពោះ​ការ​លើក​ឡើង​នេះ​។   

ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ
ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ
ផ្សាយពាណិជ្ជកម្ម

លោកងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្កការ​ជនពិការ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ថា ជន​ពិការ​ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ កាល​ពី​ថ្ងៃទី​៤ ខែ​មិថុនាកន្លង​ទៅ នៅ​តែ​ជួប​ការ​លំបាក​ដូច​ជា ការិយាល័យ​បោះ​ឆ្នោត​ប្រមាណ​៧០​ភាគ​រយ​ខ្វះ​ជម្រាល ហិប​ឆ្នោត​នៅ​ខ្ពស់ ការ​ផ្តល់​អាទិភាព​ឲ្យ​ជន​ពិការ​នៅ​មាន​កម្រិត ឬ​មិន​មាន​ការ​ជួយ​សម្រួល​ដល់​ជនពិការ​ជា​ដើម​។

ការ​រក​ឃើញ​របស់​អង្គការ​ជនពិការ​កម្ពុជា​ធ្វើ​ឡើង​ តាម​រយៈ​ការ​ដាក់​ពង្រាយ​ភ្នាក់​ងារ​ជនពិការ​ជាង​១៥០​នាក់នៅ​ទូទាំង​ប្រទេស ដើម្បី​សង្កេត​មើល​ជន​ពិការ ដែល​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិទី​៤។

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) បាន​ថ្លែង​ថា​អ្នក​ដែល​មាន​ពិការ​ភាព​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ដូច​ជា​ការ​រៀប​ចំក្រ​ដាស់​ចោះប្រ​ហោង​សម្រាប់​អ្នក​ពិការ​ភ្នែក ហើយ​អ្នកពិការ​ភ្នែក​អាច​ស្នើ​សុំ​ជំនួយ​ពី​ប្រធាន​ការិយាល័យ ឬ​សាច់ញាតិ​បាន បើ​ចាំបាច់​។ លោក​បន្ថែមថា​ គ.ជ.ប ក៏​បាន​ណែនាំ​ទៅ​មន្ត្រី​របស់​ខ្លួន​ឲ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​ពិការ​អាច​បោះ​ឆ្នោត​មុន​គេ​ ហើយ​គ.ជ.ប ​ក៏បាន​រៀប​ចំ​ឲ្យ​មាន​ជម្រាល​សម្រាប់​ជន​ពិការ​ដែល​ប្រើ​រទេះ​ដែរ​។

ដោយ​ផ្អែក​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោតកាល​ពី​ថ្ងៃ​ទី៤ មិថុនា កន្លង​ទៅ មាន​ជនពិការ​ចូល​រួម​ប្រមាណ​៣០​ម៉ឺន​នាក់។ ប៉ុន្តែ​លោកហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប បាន​ប៉ាន់​ស្មាន​ថា​មាន​ជនពិការ​ប្រមាណ​៣ម៉ឺន​នាក់ ប៉ុណ្ណោះ​។

លោក​ងិន សៅរ័ត្ន  បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា គ.ជ.ប នឹង​បង្កើត​ឲ្យ​មាន​ទិន្នន័យ​ច្បាស់​លាស់​ពី​ចំនួន​ជន​ពិការ​ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​។ លោក​ក៏​ចង់​ឲ្យ ​គ.ជ.ប បង្កើត​តារាង​បញ្ជាក់​ពី​ពិ​ការ​ភាព​របស់​ជន​ពិការ ក្នុង​បញ្ជី​បោះ​ឆ្នោត ដើម្បី​ឲ្យ​គ.ជ.ប​ជួយ​សម្រប​សម្រួល​បាន​ល្អ​ដល់​ជន​ពិការ​។ បើ​តាម​លោក​ងិន សៅរ័ត្ន ពិការ​ភាព ដែល​លោក​ចង់​ឲ្យ​ដាក់​បញ្ជាក់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​រួម​មាន ​ជន​ពិការ​ភ្នែក​ និង​ដៃទាំង​សង​ខាង និង​ជន​ពិការ​ដែល​ប្រើ​រទេះ​។

លោក​ហង្ស ពុទ្ធា​បាន​លើក​ឡើង​ថា​ គ.ជ.ប​នៅ​តែ​បន្ត​ពិភាក្សា​លើ​បញ្ហា​នេះ​នៅ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ការ​បន្ថែម​តារាង​បញ្ជាក់​ពី​ពិការ​ភាព​នេះ គឺ​ជា​ការ​លំបាក​មួយ​ទាក់​ទង​នឹង​បញ្ហា​បច្ចេក​ទេស​៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ