rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

​ការ​ឆ្លើយ​តប​ចំពោះ​កំណើន​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅ​មាន​កម្រិត​ ឆ្លុះ​បញ្ជាំង​ដូច​ម្តេច​ពី​វិស័យ​សុខាភិបាល​?​

ដោយ អ៊ឹង ប៊ុនថន

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ ​ពលរដ្ឋ​បានសម្រុក​ទៅ​ចាក់​ថ្នាំ​នៅមន្ទីរ​ពេទ្យ​ប៉ាស្ទើរ​​មានការ​កើនឡើង​កាន់​តែ​ច្រើន​ បន្ទាប់​ពី​ពួក​គេ​មាន​ការ​បារម្ភ​តៗ​គ្នា​កាន់​តែ​ខ្លាំង​ ក្រោយ​ពី​មាន​មនុស្ស​ស្លាប់​បណ្តាល​មក​ពី​សត្វ​ឆ្កែ ឬ​ឆ្មា​ដែល​មាន​កើត​ជំងឺ​ឆ្កែ​ឆ្កួត​ខាំ។ នៅ​ចំពោះ​មុខ​កំណើន​ពលរដ្ឋ​សម្រុក​ទៅ​​រក​សេវា​ការពារ​ឬ​ព្យាបាល​យ៉ាង​បន្ទាន់ដូចនេះ គេសង្កេត​ឃើញថា ការ​ឆ្លើយតប​របស់​មន្ទីរពេទ្យ​ជំនាញ​របស់រដ្ឋ​​នៅមិន​ទាន់បាន​គ្រប់​គ្រាន់​នៅឡើយ ដោយ​សារ​ចំនួនអ្នកជំងឺ ឬអ្នកមក​ចាក់ថ្នាំ​ការពារបាន​ឡើង​លើសពីការរំពឹងទុក។ 

នៅ​ឆ្នាំ​២០១៨​កន្លង​នេះ ជន​រង​គ្រោះ​ដោយ​សត្វ​ខាំ ដែល​ភាគ​ច្រើន​គឺ​ជា​សត្វ​ឆ្កែ​និង​ឆ្មា​ខាំ​មាន​ចំនួន​ជាង​២​ម៉ឺន​៦​ពាន់​នាក់ ពោល​គឺ​កើន​ឡើង​លើស​ពី​ឆ្នាំ​២០១៧​ចំនួន​៤​ពាន់​នាក់​។ ជំងឺប្រភេទនេះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៨០០​នាក់​បាន​ស្លាប់​។ នេះបើតាមវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ​ដោយឡែក​នៅឆ្នាំ​២០១៩នេះ ក្តី​បារម្ភ​ដោយ​សារ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ រិតតែមានការ​កើន​ឡើងថែម​ នោះដោយសារតែ​ចំនួន​ពលរដ្ឋ​ដែល​ទៅ​រក​សេវា​ព្យាបាល​និង​ចាក់​ថ្នាំ​ការពារ​មានការ​កើន​យ៉ាង​គំហុក​នារយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ។

​មែនទែនទៅ​ជំងឺ​ឆ្កែឆ្កួត​នេះ មិន​មែន​ជាប្រភេទជំងឺ​ថ្មី​នោះទេ។ តែអ្វី​ដែលថ្មី គឺ​ពលរដ្ឋ​មាន​ការបារម្ភ​កាន់​តែ​ខ្លាំង​​ដោយសារតែ​មានការ​ផ្សេព្វផ្សាយនៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បន្ទាប់ពី​មានមនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​សត្វ​ឆ្កែ​និង​សត្វ​ឆ្មា​ខាំ។ ជាប្រភេទ​សត្វ​ដែល​កើ​ត​ជំងឺ​ឆ្កែ​ឆ្កួត។ ជនងរងគ្រោះដែលបាន​ស្លាប់​រាប់​ទាំង​កុមារ​និង​មនុស្ស​ពេញ​វ័យ​ កន្លងមក ​ត្រូវបានគេអះអាងថា ជនរងគ្រោះ​សុទ្ធតែ​ធ្លាប់សត្វ​ឆ្កែ​ និង​សត្វ​ឆ្មា​ខាំ ប៉ុន្តែ​មិន​បាន​ទៅ​ចាក់​ថ្នាំ​ការពារឬ ព្យាបាលទាន់ពេល។

យោង​តាម​មន្ទីរ​ពេទ្យ​ប៉ាស្ទឺរ ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ គឺ​ជា​ជំងឺ​រលាក​ខួរ​ក្បាល​និង​ខួរ​ឆ្អឹង​ខ្នង ដែល​បណ្តាល​មក​ពី​វីរុស​ឈ្មោះ Lyssavirus (នៅ​ក្នុង​ក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់​ធ្ងរ ហើយ​បណ្តាល​អោយ​អ្នក​ជំងឺ​ស្លាប់​១០០% នៅ​ពេល​ចេញ​រោគ​សញ្ញា​។ ប៉ុន្តែ​គេ​មាន​ថ្នាំ​បង្ការ សម្រាប់​ចាក់​ក្រោយ​ពី​សត្វ​ខាំ​ភ្លាមៗ ឬ​យ៉ាង​យូរ​មិន​ឲ្យ​លើស​រយៈ​ពេល​២​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ហួស​ពេល​ដែល​អាច​សង្រ្គោះ​បាន​នោះ​។ ការ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​នេះ​គឺ​ដោយ​សារ​គេ​មិន​អាច​ដឹង​មុន​ថា​សត្វ​ដែល​ខាំ​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែ​ឆ្កួត​ឬ​យ៉ាង​ណា​នោះ​ឡើយ​។

តែ​អ្វី​ដែល​ជា​ការ​កត់​សំគាល់​នៅ​ពេល​នេះ គឺ​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង​កាន់តែ​បារម្ភ​ពី​ជំងឺ​នេះ បើ​ទោះជា​ពួក​គេ​ធ្លាប់​ត្រូវ​បាន​ឆ្កែ​ឬឆ្មាខាំ​រាប់​ឆ្នាំ​មក​ហើយ​ក្តី​។
បើ​តាម​វិទ្យា​ស្ថាន​ប៉ាស្ទ័រ អ្នក​ជំនាញ​នៅ​តែ​បន្ត​ធ្វើ​តេស្ត​រក​មេរោគ​ជំងឺ​ឆ្កែ​ឆ្កួត​លើ​វត្ថុ​វិភាគ​ខួរ​ក្បាល​សត្វ​ឆ្កែ​ដែល​ទទួល​បាន​ពី​តាម​បណ្តា​ខេត្ត​នា​នា​។ លទ្ធផល​បាន​បង្ហាញ​ថា មាន​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ជា​បន្ត​បន្ទាប់​ដោយ​សារ​អ្នក​ចិញ្ចឹម​សត្វ​ឆ្កែ​ភាគ​ច្រើន​នៅ​កម្ពុជា​គឺ​មិន​បាន​យក​ឆ្កែ​របស់​ខ្លួន ទៅ​ចាក់​វ៉ាក់​សាំង​ដើម្បី​ការ​ពារ​ជំងឺ​ឆ្កែ​ឆ្កួត​នោះ​ទេ​។ តើ​បញ្ហា​នេះ​គួរ​បន្តោស​អ្នក​ចិញ្ចឹម​ឆ្កែ ឬ​មក​ពី​ក្រសួង​សុខា​ភិបាល​ខ្វះ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​?

បើតាមនិយាយពីក្រសួងសុខាភិបាល ការ​អប់រំផ្សព្វផ្សាយ​ពី​វិធី​បង្កា​ជំងឺ​ឆ្កែដូចនៅមានកម្រិត។ ពោលឃើញផ្សព្វផ្សាយនៅតាម​ហ្វេសប៊ុក​របស់​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ តែចំនួនអ្នកចូលមើលមាននៅមានតិចតួចនៅឡើយ។ រីឯ​អ្នកចិញ្ចឹមឆ្កែ​ពិសេស​នៅទីជនបទ ​គឺកម្រ​ឃើញពលរដ្ឋ​យក​សត្វ​ឆ្កែ​ឬ​ឆ្មា​របស់​ខ្លួនទៅ​ចាក់​​ថ្នាំបង្កាទេ លុះត្រា​តែ​ឆ្កែឆ្កួត​ទើប​រក​ពេទ្យ​សត្វ​ថ្នាំ​ឬ​ជួន​ក៏សម្លាប់​សត្វ​ឆ្កែ​នោះតែ​ម្តង​ហេតុ​ផល​ខ្លាច​ខាំមនុស្ស។

ឆ្លើយ​តប​នឹង​បញ្ហា​ចំពោះ​មុខ រដ្ឋ​គួរ​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​មានការ​យល់ដឹង​ពី​របៀប​ការពារ​ឬ​វិធី​បង្កា​ជំងឺ​ឆ្កែ​ឆ្កួតនេះឲ្យបានទូលំទូលាយ និយាយជារួម។ និយាយដោយឡែក ​គួរតែ​មានការ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​កុំឲ្យ​ពលរដ្ឋមានការបារម្ភហួស​ហេតុ​ពេក​ ហើយ​សម្រុកនាំគ្នា​មក​ចាក់​ថ្នាំ​ក្នុងពេល​​តែ​មួយ​ធ្វើឲ្យមានការ​កកស្ទះ ខណៈ​ពេទ្យជំនាញ​ខាងជំងឺនេះ គឺមាននៅតែវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនៅខេត្តបាត់ដំបងដែលទើបតែបង្កើតឡើង។

ផលវិបាក​ដែលបាននិងកំពុងកើតឡើង របស់ពលរដ្ឋមួយចំនួនដែល​មករក​សេវា​ចាក់ថ្នាំ​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​មន្ទីរ​ពេទ្យ​ប៉ាស្ទឺរ​ គឺពួកគេត្រូវ​រង​ចាំរយៈពេលយូរ​។ ម្យ៉ាងទៀត ដោយសារ​ខែនេះជារដូវ​ក្តៅ​ខ្លាំង បាន​បង្ក​ការ​លំបាក​កាន់​តែ​ខ្លាំង​ថែម​ដល់​កុមារ​តូចៗ ឬទារកជាពិសេស ​ដែល​ត្រូវបាននាំ​រក​ថ្នាំ​ការពារ​ជំងឺ​ឆ្កែ​ឆ្កួតនេះ បើទោះជា​ខាង​មន្ទីរ​ពេទ្យ​បានសង់​រោង​បន្ថែមឲ្យ​ពលរដ្ឋ​បានជ្រកក៏ដោយ។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​នៅ​ឆ្នាំ​២០១៧ នៅ​លើ​ពិភព​លោក​ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ ស្លាប់​ប្រហែល ៥៩០០០​នាក់​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​និង​អាហ្រ្វិក នៅ​គ្រា​ដែល​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​ឆ្កែ​ឆ្កួត​ប្រមាណ​៨០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​។

សម្រាប់​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​លុប​បំបាត់​ជំងឺ​ឆ្កែ​ឆ្កួត ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ ក្រៅ​ពី​បើក​មជ្ឈ​មណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ទី២ ក្នុង​ខេត្ត​បាត់ដំបង គឺ​ពល​រដ្ឋ​ដែល​ចិញ្ចឹម​ឆ្កែ​ឬ​ឆ្មា ត្រូវ​នាំ​ពួក​វា​ទៅ​ចាក់​ថ្នាំ​បង្កា​ជំងឺ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ លើស​ពី​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ឆ្កែ​ឆ្កួត​ខាំ ពិសេស​ឆ្កែ​ដើរ​តាម​ផ្លូវ ហើយ​បើ​ឆ្កែ​ខាំ​ភ្លាម ត្រូវ​មក​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ចាក់​ថ្នាំ​ឲ្យ​បាន​គ្រប់​ចំនួន​៕

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

​រដ្ឋា​ភិបាល​នឹង​កើន​ពិន្ទុ​ខ្ពស់ អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាស់​លាស់ ចំណុច​ចុង​ក្រោយ​នៃ​អភិក្រម​ទាំង​៥​

​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​

អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល ក៏​ដូច​ជា​បញ្ហា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន

រដ្ឋាភិបាល​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ខណៈ​ឧស្សាហកម្ម​កាត់​ដេរ​មាន​កម្មករ​ជិត​១​លាន​នាក់

ចប់​បាក់ឌុប យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត

ជន​ជាតិ​ចិន​កាន់​តែ​ច្រើន​យក​ទឹក​ដី​កម្ពុជា​ជំរិត​ទារ​ប្រាក់​តាម​អន​ឡាញ តើ​មក​ពី​មូលហេតុ​អ្វី?

សំណុំ​រឿង​ព្រំដែន​ឡាវ​ជា​ឱកាស​បង្ហាញ​​សាច់ដុំ​របស់​រដ្ឋាភិបាល​ខ្មែរ?

ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​កាត់​ផ្ដាច់​ទំនាក់​ទំនង​រវាង​មនុស្ស ដោយ​ប្រកែក​មិន​បាន​!

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ​អាមេរិក AIM ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​គំរាម​កំហែង

តើគ.ជ.ប គួរ​ប្រើ​យន្តការ​បែប​ណា ដើម្បី​គៀង​គរ​ពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន?

ហេតុ​អ្វី​ពលរដ្ឋ​ខ្មែរ​ព្រួត​គ្នា​វាយ​ជន​សង្ស័យ​ថា​ប្រព្រឹត្ត​ល្មើស ដែល​ចាប់​បាន​នៅ​កន្លែង​កើតហេតុ?

​ប្រាសាទ​បុរាណ​មិន​មែន​ដុំ​ថ្ម តែ​ជា​ដួង​ព្រលឹង​ជាតិ!

ហេតុ​អ្វី​ខ្មែរ​ខ្វះ​កម្មករ​ជំនាញ?

តើ​ខ្មែរ​ត្រូវ​ពឹង​បរទេស​រហូត​ដល់​ពេលណា?

យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី នៅ​ទី​ណា?