អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​ឃោសនា​បោះ​ឆ្នោត​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ ដោយ​មិន​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់​សំគាល់​

នៅថ្ងៃសុក្រនេះគឺជាថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣។ ក្នុងរយៈពេល​៨​ថ្ងៃ​នៃយុទ្ធនាការ​បោះឆ្នោត​អសកលនេះ គឺមាន​តែ​គណបក្ស​ប្រជាជនកម្ពុជាប៉ុណ្ណោះ​ដែល​មានការ​ហែក្បួន និង​ឃោសនា​ទ្រង់ទ្រាយ​ធំជាងគេ​ទាំងនៅ​ភ្នំពេញ និងនៅតាម​ខេត្ត ខណៈគណបក្ស​ចំនួន​៦ទៀត​ ខ្លះឃោសនាទ្រង់​ទ្រាយតូចនៅស្នាក់ការបក្ស និងបក្សខ្លះ​ទៀតមិនធ្វើការឃោសនា​​សោះឡើយ​ ស្រប​ពេល​ដែល​ខ្លួន​គ្មាន​អង្គបោះឆ្នោត។ 

ការឃោសនាគណបក្សនយោបាយកាលពីពេលកន្លងទៅ (រូបភាពឯកសារ)
ការឃោសនាគណបក្សនយោបាយកាលពីពេលកន្លងទៅ (រូបភាពឯកសារ) @RFI
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចុងក្រោយ​នៃយុទ្ធនាការ​ឃោសនាបោះឆ្នោត​អសកលនេះ គណបក្សប្រជាជនកម្ពុជា បានឃោស​នា​​ទ្រង់​ទ្រាយ​ធំនៅភ្នំពេញ​ដោយ​មានមនុស្សចូលរួម​ប្រមាណជាង១ម៉ឺននាក់។ នេះជាការគូសបញ្ជាក់​​របស់​​លោក សុខ ឥសាន។

បើតាមអ្នកនាំពាក្យគណបក្សកាន់​អំណាច​​ដដែល ក្នុង​រយៈ​ពេល​៨​ថ្ងៃ​ការ​ឃោសនានេះ គឺមិនមានបញ្ហាអ្វី​គួរឲ្យ​កត់​សំគាល់​ឡើយ ដោយគណបក្ស​គោរព​តាម​គោលការណ៍​ណែនាំ ពី គ.ជ.ប​។ ម្យ៉ាងទៀត​ដោយ​​សារតែ​ជាការ​ឃោសនា​បោះឆ្នោតអសកល ដែល​មិនមាន​ការ​ចូលរួមផ្ទាល់ពីពលរដ្ឋនោះ ​គឺការ​ឃោស​នា​​មិនមាន​លក្ខណៈ​ស្មុគស្មាញ​នោះទេ។

​យោងតាម​សេចក្តី​ប្រកាសរបស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) គណបក្ស​ប្រជាជនកម្ពុជា កំពុង​កាន់អំណាច បាន​ធ្វើសកម្មភាពជួបប្រជុំសមាជិកបក្ស បេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោត ដោយអ្នកចូលរួមសរុបប្រមាណជាង៣០០០នាក់ក្នុង​មួយ​​ថ្ងៃៗ។

ចំណែក​គណបក្សនយោបាយ​ចំនួន៥ទៀត ដូចជា គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបជុំ សមា​ជិក​ខ្លួនដែលជាអង្គបោះឆ្នោត តែនៅតាមឃុំ សង្កាត់ និង​ហែក្បួន​ទ្រង់​ទ្រាយតូច​ដែល​មនុស្ស​ចូលរួម​ពី៦នាក់ទៅជាង១០០នាក់ប៉ុណ្ណោះ នៅគ្រាដែល​គណបក្ស​ខ្មែរ​សាធារណរដ្ឋរបស់​កូន​ប្រុស​អតីត​សេនា​ប្រ​មុខ​លន់ នល់ ​ ​មិន​ធ្វើ​សកម្មភាព​ឃោសនា​ជា​សាធារណៈ​សោះឡើយ​។​

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ​បានវាយ​តម្លៃថា ការ​ឃោសនាបោះឆ្នោត​នេះ​មិនមាន​ការ​ចាប់​អារម្មណ៍ពីប្រជាពលរដ្ឋឡើយព្រោះជាការបោះឆ្នោត​អសកល ទើបគណបក្សរបស់លោក​គ្រាន់​តែជួបជុំ​គ្នា​តាម​ស្នាក់ការ​បក្ស​និង​ហែក្បួនទ្រង់​ទ្រាយតូចតែប៉ុណ្ណោះ។

សូមជម្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ធ្វើ​នៅថ្ងៃ​អាទិត្យ​ ​ចុង​សប្តាហ៍នេះ ដោយ​មានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ