អានតួអត្ថបទ
កម្ពុជា-សង្គម

​ពលករ​ជាង​១,២​លាន​នាក់​នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​ថវិកា ២,៣​លាន​ដុល្លារ​មក​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លើក​ឡើង​ថា​កម្ពុជា​បាន​បង្កើត​ការងារ​រហូត​ដល់​ទៅ ៤,៨​លាន​នាក់ ក្នុង​នោះ​នៅ​ក្នុង​ប្រទេស​មាន​ប្រមាណ​ជា ៣,៦​លាន​នាក់ និង​ពលករ ដែល​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​១,២​លាន​នាក់​។ ការ​លើក​ឡើង​របស់​ក្រសួង​ការងារ​ដូច្នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​។ 

ពលករកម្ពុជាដែលបានចំណាកស្រុក ឃ្លាតឆ្ងាយពីជាតិមាតុភូមិខ្លួន
ពលករកម្ពុជាដែលបានចំណាកស្រុក ឃ្លាតឆ្ងាយពីជាតិមាតុភូមិខ្លួន © RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ចំនួន​៣,៦​លាន​នាក់ មាន​១,៤​លាន​នាក់ បាន​បំរើ​ការងារ​ផ្នែក​សេដ​កិច្ច​ក្នុង​ប្រព័ន្ធ និង​២,២​លាន​នាក់​ទៀត បាន​បំរើ​ការងារ​ផ្នែក​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។ តាម​របាយ​ការណ៍ ដែល​លើក​ឡើង​ដោយ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បង្ហាញ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៩៩,៣% មាន​ការងារ​ធ្វើ និង​អត្រា​អត់​ការងារ​ធ្វើ​មាន​តែ​០,៧%​ប៉ុណ្ណោះ នៃ​កម្លាំង​ពលកម្ម​សរុប​ជិត​១០​លាន​នាក់​។

ជា​ទូទៅ វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដើរ​តួ​នាទី​យ៉ាង​សកម្ម ក្នុង​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​បាន​រួម​វិភាគ​ទាន​យ៉ាង​ធំ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​កម្មករ​និយោ​ជិត​នៃ​គ្រឹះ​ស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ទទួល​បាន​ប្រាក់​ចំណូល​ជិត​៣​ពាន់​លាន​ដុល្លារ​។

ក្រៅ​ពី​នេះ ពលរដ្ឋ​ខ្មែរ​មាន​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស បាន​នាំ​មក​ចំណូល​ដល់​ក្រុម​គ្រួសារ​ចំនួន​២,៣ ពាន់​លាន​ដុល្លារ ដោយ​ពលករ​ខ្មែរ​ទាំង​នោះ ភាគ​ច្រើន​បាន​បំរើ​ការងារ​នៅ​ប្រទេស ថៃ គឺ​ជាង​១,១​លាន​នាក់​។ ក្រៅ​ពី​នេះ ពលករ​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា​កូរ៉េ​ខាង​ត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​អារ៉ាប៊ី​សាអូឌីត​។

តាម​លោក​រដ្ឋ​មន្ត្រី អ៊ិត សំហេង ពលករ​កម្ពុជា ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក៏​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន​ដែរ​ពី​រដ្ឋា​ភិបាល ក្នុង​នោះ​មាន​ភាព​អនុគ្រោះ ដោយ​មិន​បាច់​បង់​ថ្លៃ​លើ​លិខិត​ធ្វើ​ដំណើរ ទទួល​បាន​ការ​ការពារ​តាម​ផ្លូវ​ច្បាប់ ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​ដែល​មិន​ទាន់​ស្រប​ច្បាប់ បង្កើត​មជ្ឈមណ្ឌល​ផ្តល់​បណ្ណ​ជូន​ពលករ និង​អន្តរាគមន៍​សង្គ្រោះ​នៅ​ពេល​មាន​ហានិភ័យ​ជាយថា​ហេតុ រួម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សេងៗ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ