rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមហ៊ុន​បញ្ជា​ទិញ​ទទូច​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេ​ដឹក​នាំ​សហជីព​និង​គោរព​សិទ្ធិ​ការងារ

media
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ HRW

តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ល្បីៗ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៩ មីនា បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​បាន​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សហជីព​មួយ​ចំនួន​នៅ​កម្ពុជា និង​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ។ តាម​រយៈ​លិខិត​ចំហ​នេះ ក្រុម​អ្នក​បញ្ជា​ទិញ​យីហោ​ម៉ាក​ល្បីៗ​មក​ពី​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​នេះ​ ក៏​បាន​សំដែង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ជុំវិញ​ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ការងារ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា។


នៅ​ក្នុង​លិខិត​ចំហ​ដែល​ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១៩ មីនា ក្រុម​អ្នក​បញ្ជា​ទិញ​យីហោ​ល្បីៗ មក​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មេ​ដឹក​នាំ​សហជីព និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។ ក្នុង​នោះ​រួម​មាន លោក មឿន តុលា ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​, ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម និង​លោក ប៉ាង ងួងទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ), លោក រ៉ុង ឈុន លោក​ស្រី ម៉ម ញឹម, លោក ជា មុនី, លោក ប៉ាវ ស៊ីណា រួម​ទាំង​ករណី​ក្តី​ក្តាំ​នៅ​ក្នុង​តុលាការ​ជា​ច្រើន​ករណី​ទៀត ដែល​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នា​ពេល​កន្លង​មក។

ក្រុម​អ្នក​បញ្ជា​ទិញ​ទាំង​នោះ គឺ​មក​ពី​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​នៅ​លើ​ពិភព​លោក ដែល​មាន​លោក Rick Helfenbein ប្រធាន​សមាគម​អ្នក​បញ្ជា​ទិញ​អាមេរិកកាំង លោក Christian Ewert នាយក​ប្រតិបត្តិ​ក្រុមហ៊ុន amfori រួម​ជាមួយ​តំណាង​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​មួយ​ចំនួន​ទៀត ដូច​ជា ក្រុមហ៊ុន Fair Wear Foundation ជា​ដើម។ ពួក​គេ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ជុំវិញ​ច្បាប់​ការងារ​បច្ចុប្បន្ន ដែល​ពួក​គេ​បាន​ពិពណ៌នា​ថា ជា​ការ​រឹត​ត្បិត និង​ជា​រឿង​អយុត្តិធម៌។ ក្រៅ​ពី​នោះ ពួក​គេ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដក​ចោល​បំរាម​សំណើ​សុំ​ស្រាវជ្រាវ​ដោយ​ឯករាជ្យ​មួយ លើ​ការ​ចរចា​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិវាទ​ការងារ​ផង​ដែរ។ នេះ​គឺ​ជា​លិខិត​ចំហ​ទី​២​ហើយ បន្ទាប់​ពី​៥​ខែ​មុន ក្រុម​អ្នក​បញ្ជា​ទិញ​ទាំង​នេះ បាន​ទទូច​ម្តង​រួច​មក​ហើយ និង​បាន​មើល​ឃើញ​ថា មាន​ការ​ជឿន​លឿន​តិច​តួច​ប៉ុណ្ណោះ។

តាម​រយៈ​លិខិត​ចំហ​នេះ ក្រុម​អ្នក​បញ្ជា​ទិញ​អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សហការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ការងារ សិទ្ធិ​មនុស្ស និង​ការ​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង​របស់​កម្មករ​កម្ពុជា ហើយ​ជា​អ្វី​ដែរ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ) បាន​គាំទ្រ។

យ៉ាង​ណា​ក៏​ដោយ លិខិត​ចំហ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា​ផ្ទុយ​ពី​ជំហរ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ ដែល​ទើប​តែ​សន្យា​ថា ខ្លួន​នឹង​បន្ត​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា។ ការ​អះអាង​នោះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៩ មីនា បន្ទាប់​ពី​មាន​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា លោក អ៊ិត សំហេង និង​លោក Bradford Van Voorhees អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន VF Corporation កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា។ ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​សារ​ជីវ​កម្មដ៍​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ទិញ​ទំនិញ​ពី​កម្ពុជា ក្នុង​ទំហំ​ទឹក​ប្រាក់​ចន្លោះ​ពី​៣៥០​លាន​ដុល្លារ ទៅ​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕