អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេ​បក្ស​ប្រឆាំង​អំពាវនាវ​សុំ​ឲ្យ​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​កោះ​ប្រជុំ

មេបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​បាន​អំពាវនាវ​សុំឲ្យ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​កោះប្រជុំ​ ដើម្បី​ជួយ​ស្រោចស្រង់​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា។ ចំណែក​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃទី២៣ ខែ​តុលា​នេះ បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​គោរព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ បាន​រលាយ​ធាតុ​ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេសកម្ពុជា​រូច​ទៅ​ហើយ​។

ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និយាយ​ទៅ​កាន់អ្នក​គាំទ្រ​របស់​ខ្លួន នៅ​រដ្ឋ​វ៉ាស៊ីន​តោន។
ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និយាយ​ទៅ​កាន់អ្នក​គាំទ្រ​របស់​ខ្លួន នៅ​រដ្ឋ​វ៉ាស៊ីន​តោន។
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​លើក​ឡើង​ថា បើ​យក​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​មក​គោរព សួរ​ថា​តើ​ការ​កាត់​ទោស​ខៀវ សំផន នួន ជា សម​ស្រប ឬ​អត់? កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​មិន​បាន​តម្រូវ​ឲ្យ​មាន​ការ​កាត់ទោស​ ខៀវ សំផន នួន ជា ឬ​កាត់ទោស​ខ្មែរ​ក្រហម​ទេ។

លោក​បន្ថែម​ថា​រដ្ឋាភិបាល​របស់​លោក​បាន​នឹង​កំពុង​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ លោកថា​ដោយ​សារ​តែគេ​មិន​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ហើយ ទើប​អង្គការ​ចាត់​តាំង​នយោបាយ​ និង​យោធា​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​រំលាយ ដោយ​សារ​តែ​គេ​មិន​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ហើយ បាន​ជា​មាន​គណបក្ស​នយោបាយ​មួយ​នឹង​អាច​ត្រូវ​រំលាយ​នៅ​ពេល​ខាង​មុខ​។

ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​បេតុង​មួយ​ខ្សែ​ប្រវែង​ជិត១គីឡូ​ម៉ែត្រ ឆ្លង​កាត់​ទន្លេ​សាប​ពី​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វារ ទៅ​កាន់​ផ្លូវ​ជាតិ​លេខ៥ លោក​ហ៊ុន សែន​បាន​ចំណាយ​ពេល​ជាង​មួយ​ម៉ោង ដើម្បី​បក​ស្រាយ​ពី​ការ​លើក​ឡើង​ផ្សេងៗ​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ លោក​ហ៊ុន សែន​បានបញ្ជាក់​ថា ដូច្នេះ​របស់​ដែល​ហៅ​ថា​​ការ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ប្រជុំ​ឡើង​វិញ វា​ជា​រឿង​ហួស​សម័យ ហើយ​ធ្វើ​មិន​កើត​ទេ។

គួរ​ជម្រាប​ថា​ការ​ប្រារព្ធខួប​២៦​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​២៣តុលា នៅ​ឆ្នាំ​២០១៧​នេះ គឺ​ចំពេល​ដែល​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​តែ​មាន​ភាព​តាន​តឹង ក្រោយ​ពី​ការ​ជាប់ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​ក្នុង​ពន្ធនាគារ និង​ការ​ប្តឹង​រំលាយ​គណបក្ស​ប្រឆាំង​ជា​ដើម។

នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​តុលា​នេះ គណបក្ស​ប្រឆាំង​ដែល​កំពុង​រង​បណ្តឹង​រំលាយ​នោះ បាន​ប្រារព្ធ​ខួប​២៦ឆ្នាំ​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ឯស្នាក់​ការ​បក្ស​។ លោក​កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​នៅ​ឯពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ បាន​ចេញ​សារលិខិត​មួយ​ក្នុង​ឱកាស​ខួប​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ហើយ​លោក​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​សង្កេត​ឃើញ​ថា​កម្ពុជា​កំពុង​ដើរ​ផ្ទុយ​ពី​ស្មារតី​នៃកិច្ច​ព្រមព្រៀង​នេះ​។ ក្នុង​លិខិត​ដដែល​លោក​កឹម សុខា​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំង​អស់ ចូល​រួម​ការពារ​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ជា​ពិសេស​ការពារ​រដ្ឋ​ធម្មនុញ្ញ។

លោក​កឹម សុខា​ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ជួយ​ជា​បន្ទាន់​ដល់​ប្រទេស​កម្ពុជា ដោយ​មិន​ត្រឹម​តែ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ តែ​សុំ​ឲ្យ​មានវិធាន​ការ​ជាក់​ស្តែង និង​ស្នើ​សុំ​ឲ្យ​សហប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​កោះ​ប្រជុំ ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ប្រជាជន​ខ្មែរ​នៅ​ប្រទេស​បារាំង និង​មក​ពី​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត និង​មាន​ការ​ចូលរួម​ពី​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ផង បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រារព្ធ​ខួប​២៦ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ២៣​តុលា។ ជា​ការ​ជួប​ជុំ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។

ក្រៅពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ ក្រុម​យុវជន​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ប្រារព្ធ​ខួប​២៦ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។ ក្រុម​យុវជន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា និង​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​។

សូម​ជម្រាប​ជូន​ថា​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺ​ធ្វើ​ឡើង ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ខ្មែរ​ហើយ​ហត្ថលេខីនៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស មាន ១៨ប្រទេស + កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ