អតីតចៅសង្កាត់បក្សប្រឆាំងមួយរូបចូលសារភាពក្រោយតុលាការចោទថារួមគំនិតក្បត់ជាមួយ លោក សម រង្ស៊ី
អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករបស់អតីតគណបក្សសង្រ្គោះជាតិ លោកស្រី សេង សុខន កាលពីថ្ងៃទី០៩ ខែតុលា ម្សិលមិញនេះ បានចូលសារភាពពីទោសកំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។ ក្រៅពីសារភាព លោកស្រី សេង សុខន ក៏បានធ្វើការថ្កោលទោសលោក សម រង្ស៊ី ផងដែរ ដែលបានអំពាវនាវឱ្យយោធា និង ពលរដ្ឋងើបបះបោរ នឹងទង្វើប្រមាថដល់អង្គព្រះមហាក្សត្រ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
នៅក្នុងវីដេអូឃ្លីបរយៈពេលជាង៤នាទីដែលផលិតឡើងដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា លោកស្រី សេង សុខន បានសារភាពថា កន្លងមក លោកស្រីបានទទួលធ្វើសកម្មភាពតាមការណែនាំរបស់លោក សម រង្ស៊ី ដូចជាឧស្សាហ៍ជួបជុំគ្នាឱ្យបានញឹកញាប់តាមរយៈកម្មវិធីផ្សេងៗមានជាអាទិ៍ ជួបជុំគ្នាបរិភោគនំបញ្ចុកជាដើម។ នៅចុងក្រោយនេះ លោកស្រីបានទទួលផែនការពីលោក សម រង្ស៊ី ឱ្យជួយបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅទទួលរូបលោកដែលនឹងចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា។
ជាការកត់សម្គាល់ ការចូលសារភាពរបស់លោកស្រី សេង សុខន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ត្រូវបានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី ក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និង របបរាជានិយមនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។
ក៏ប៉ុន្តែ អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករូបនេះ បានគូសបញ្ជាក់ថា មូលហេតុដែលលោកស្រីសុខចិត្តចូលសារភាពនេះ គឺព្រោះលោកស្រីមើលឃើញពីការធ្វើសកម្មភាពមិនត្រឹមត្រូវរបស់លោកសម រង្ស៊ី ដែលបានអំពាវនាវឱ្យកងទ័ព និង ប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និង សកម្មភាពប្រមាថដល់អង្គព្រះមហាក្សត្រ។ លោកស្រីបានថ្កោលទោសសកម្មភាពរបស់លោកសម រង្ស៊ីទាំងនេះ និង ហៅទង្វើនេះថា ជាទង្វើក្បត់ជាតិដូចរដ្ឋាភិបាលកម្ពុជាដែរ។ មិនតែប៉ុណ្ណោះ លោកស្រី ក៏បានអំពាវនាវដល់សកម្មជន និង ប្រជាពលរដ្ឋផ្សេងទៀតឱ្យមកចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគា្នថែរក្សាសន្តិភាព។
សូមបញ្ជាក់ថា នេះ គឺជាករណីទីមួយហើយដែលសមាជិកអតីតគណបក្សសង្រ្គោះជាតិបានចូលសារភាពនូវទោសកំហុសរបស់ខ្លួនក្នុងការគាំទ្រ និងចូលរូមសកម្មភាពជាមួយលោក សម រង្ស៊ី ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាទង្វើក្បត់ជាតិ។ ការចូលសារភាពនេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរ និង តុលាការកម្ពុជា កំពុងបន្តចាត់វិធានការច្បាប់លើអ្នកគាំទ្រ និងចូលរូមក្នុងផែនការវិលត្រឡប់របស់លោកសម រង្ស៊ី។ គិតមកដល់ពេលនេះ មានមនុស្សជិត៤០នាក់ហើយត្រូវបានចាប់ឃុំខ្លួន ខណៈជាង២០០នាក់ទៀតត្រូវបានតុលាការខេត្ត ក្រុងនានាចោទប្រកាន់ពីបទ រួមគំនិតក្បត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ