rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ នួន ជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​មរណ​ភាព នួន ជា ​មិន​សូវ​មាន​ការ​លូក​មាត់​ពី​អ្នក​នយោ​បាយ​ក្នុង​នាម​គណ​បក្ស​?​

media
ជនជាប់ចោទ នួន ជា បងធំទី២ក្នុងជួរអ្នកដឹកនាំរបបខ្មែរក្រហម @Internet

ពីរ​ថ្ងៃ​ក្រោយ​មរណ​ភាព​របស់​ជន​ជាប់​ចោទ នួន ជា អ្វី​គួរ​ឲ្យ​កត់​សម្គាល់​គេ​មិន​ឃើញ​មាន​ការ​លូក​មាត់​ពី​អ្នក​នយោបាយ​ខ្មែរ​ឡើយ លើក​លែង​តែ​អ្នក​នយោបាយ​ពីរ​រូប​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ម្នាក់​ប្រកាស​អហោសកម្ម និង​ម្នាក់​ទៀត​ប្រកាស​មិន​លើក​លែង​ទោស​។ ទោះ​ជា​បែប​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គូស​បញ្ជាក់​ថា ជុំវិញ​មរណភាព​របស់ នួន ជា អ្នក​នយោបាយ​និយាយ ឬ​មិន​និយាយ​អាស្រ័យ​លើ​បបូរ​មាត់​របស់​ពួក​គេ​រៀងៗ​ខ្លួន​។ 


លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូស​បញ្ជាក់​ថា គ្មាន​ការ​ណែ​នាំ​ណា​មួយ​មិន​ឲ្យ​អ្នក​នយោបាយ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចេញ​មតិ​ជុំវិញ​មរណ​ភាព​របស់​ជន​ជាប់​ចោទ នួន ជា ឡើយ។ មិន​ចំពោះ​តែ​ជន​ជាប់​ចោទ នួន ជា បុគ្គល​ណា​ទទួល​មរណភាព​ក៏​គណបក្ស​មិន​បាន​ធ្វើ​ការ​ហាម​ឃាត់​ដែរ ឲ្យ​តែ​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​។

សម្រាប់​លោក ឈឹម ផលវរុណ មរណ​ភាព​របស់ នួន ជា ជា​រឿង​ធម្មជាតិ​របស់​មនុស្ស ខណៈ​ដែល​គាត់​មាន​វ័យ​ចំ​ណាស់​ទៅ​ហើយ ហើយ​ម្យ៉ាង​ទៀត​សាធារណៈ​គួរ​តែ​ឲ្យ​គ្រួសារ​លោក នួន ជា ធ្វើ​បុណ្យ​ដោយ​ភាព​ស្ងៀម​ស្ងាត់​។

ដោយ​ឡែក​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មើល​ឃើញ​ថា ទាំង​គណ​បក្ស​កាន់​អំណាច​ និង​អតីត​គណ​បក្ស​ប្រឆាំង​មាន​ជំហរ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​បញ្ចេញ​មតិ​ជុំវិញ​មរណ​ភាព​របស់​លោក នួន ជា។ ចំណែក​គណបក្ស​ប្រឆាំង​ទំនង​ជា​មិន​ចង់​បញ្ចេញ​មតិ​នានា ដោយ​សារ​ខ្លាច​មាន​ការ​ចោទ​ប្រកាន់​បន្ថែម​។

រីឯ​បក្ស​កាន់​អំណាច​រឹត​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន មាន​ជាប់​ទាក់​ទង​ជាមួយ​ខ្មែរ​ក្រហម​កាល​ពី​អតីត​កាល​។ នេះ​បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន។ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​អ្នក​នយោបាយ​ម្នាក់​បញ្ចេញ​មតិ​ជុំវិញ​ការ​ស្លាប់​របស់ នួន ជា បាន​អហោសកម្ម​ដល់​ជន​ជាប់​ចោទ នួន ជា ហើយ​ថា នេះ​ជា​មេរៀន​ប្រវត្តិ​សាស្ត្រ​។

បើ​តាម​អ្នក​តាម​ដាន​នយោបាយ មួយ​ផ្នែក​នៃ​ភាព​ស្ងៀម​ស្ងាត់ របស់​អ្នក​នយោបាយ ក្នុង​ប្រទេស​អាច​ថា ដោយ​សារ​ជន​ជាប់​ចោទ នួន ជា មេដឹកនាំ​ខ្មែរ​ក្រហម​តែ​ម្នាក់​គត់ ដែល​ហ៊ាន​និយាយ​ចំៗ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋា​ភិបាល​ថា មាន​ជាប់​ទាក់​ទង​នឹង​សំណុំ​រឿង​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់​មួយ​នេះ​។ ផ្ទុយ​ពី​អ្នក​នយោបាយ​មរណភាព​របស់​ជន​ជាប់​ចោទ នួន ជា គេ​សង្កេត​ឃើញ​ថា អ្នកវិភាគ សង្គម​ស៊ីវិល​បាន​បញ្ចេញ​យោបល់​ផ្សេងៗ​គ្នា​។ អ្នក​ខ្លះ​ទាម​ទារ​ឲ្យ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំ​ជម្រៈ​សាលា​ក្ដី​ខ្មែរ​ក្រហម ពន្លឿន​នីតិ​វិធី​កាត់​ទោស​ចំពោះ​មេដឹក​ខ្មែរ​ក្រហម​ដែរ​នៅ​មាន​ជីវិត​ឲ្យ​បាន​ឆាប់​៕