rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សង្គម​ស៊ីវិល​ជាង​៣០ អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី

media
ពិធី​បុណ្យ​ខួប ១ ឆ្នាំ មរណភាព​របស់​បណ្ឌិត កែម ឡី

អង្គការ​សង្គម​ស៊ីវិល​ជាង​៣០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ទី ៣០ មករា នេះ ដោយ​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ទៅ​លើ​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ចំនួន​៣​រូប ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ សេចក្តី​ថ្លែងការណ៍​បាន​កត់​សំគាល់​ថា ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​ការ​យាយី​ទៅ​លើ​មេ​ដឹក​នាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា ហាក់​កំពុង​បន្ត​កើត​មាន​ឡើង។


គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​លោក កែម ឡី ទាំង​៣​រូប​នោះ រួម​មាន លោក​ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក មឿន តុលា នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស និង​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​នៃ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម។ ពួក​គេ ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ “រំលោភ​លើ​សេចក្តី​ទុក​ចិត្ត” តាម​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៤ មករា ឆ្នាំ​២០១៨ ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣៥ បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៨ កញ្ញា ឆ្នាំ​២០១៧ ថា ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​ការ​គំរាម​កំហែង យាយី ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​ដែល​នាំ​មុខ​ដោយ​សហគមន៍​បឹង​កក់ សហគមន៍​បឹង​ត្របែក មជ្ឈមណ្ឌល សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត បាន​បន្ត​ថា ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​ភស្តុតាង​ទាំង​នេះ ហាក់​កំពុង​កើត​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​បាន​បង្រ្កាប​យ៉ាង​តឹង​រឹង មក​លើ​សំឡេង​ជំទាស់​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​លំហ​ការងារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​មាន​ការ​រួម​តូច​កាន់​តែ​ខ្លាំង។ ឧទាហរណ៍ ដូច​ជា ការ​ផ្អាក​សកម្មភាព​របស់​អង្គការ​សមធម៌​កម្ពុជា ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ការ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​ក្រសួង​មហា​ផ្ទៃ ការ​បិទ​ការិយាល័យ​វិទ្យុ​បរទេស​និយាយ​ភាសាខ្មែរ​និង​កាសែត The Cambodia Daily ព្រម​ទាំង​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដី​ធ្លី អ្នក​ស្រី ទេព វន្នី សកម្មជន​បរិស្ថាន​លោក ហ៊ុន វណ្ណៈ លោក ឌឹម គុណឌី រួម​ទាំង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន និងលោក អួន ឈិន ជា​ដើម។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ថ្លែងការណ៍​នេះ បាន​អំពាវនាវ​ជា​រួម សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំង​៣​រូប និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់ ស្តី​ពី​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល អាច​ដំណើរ​ការ​ទៅ​មុខ ដោយ​គ្មាន​ការ​រឹត​ត្បិត និង​ការ​យាយី៕