អានតួអត្ថបទ
កម្ពុជា

NGO៖សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​បួន​របស់​កុមារ​នៅ​កម្ពុជា​នៅ​តែ​មិន​ទាន់​ពេញ​លេញ

នៅ​ថ្ងៃ​នេះ​គឺ​ជា​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​៦៨ ក្រោម​ប្រធាន​បទ " លើក​កម្ពស់​ការ​ចូល​រួម​របស់​កុមារ ដើម្បី អភិវឌ្ឍ​សង្គម " ។ ជា​រៀង​រាល់​ឆ្នាំ​រាជរដ្ឋាភិបាល​តែង​តែ​ចាត់​តាំង​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា រៀប​ចំ​មេទិ្ទញ​ថ្នាក់​ជាតិ និង កម្មវិធី​កំសាន្ត​ផ្សេងៗ​សម្រាប់​កុមារ ដើម្បី​រំលឹក​ដល់​សិទ្ធ​ជា​មូលដ្ឋាន និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​កុមារ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​កុមារ​នៅ​កម្ពុជា​មើល​ឃើញ​ថា​ សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​បួន​របស់​កុមារ​នៅ​កម្ពុជា​តែ​មិន​ទាន់​ពេញ​លេញ។

NGO៖សិទ្ធិ​​ជា​​មូលដ្ឋាន​​ទាំង​​បួន​​របស់​​កុមារ​​នៅ​​កម្ពុជា​​នៅ​​តែ​​មិន​​ទាន់​​ពេញ​​លេញ
NGO៖សិទ្ធិ​​ជា​​មូលដ្ឋាន​​ទាំង​​បួន​​របស់​​កុមារ​​នៅ​​កម្ពុជា​​នៅ​​តែ​​មិន​​ទាន់​​ពេញ​​លេញ @Plan Cambodia
ផ្សាយពាណិជ្ជកម្ម

សិទ្ធិ​ជា​មូល​ដ្ឋា​ទាំង​បួន​នោះ​រួមមាន៖ សិទ្ធ​រស់​រាន​មាន​ជីវិត សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង សិទ្ធ​នៅ​ក្នុង​ការ​ចូល​រួម។ លោក ង៉ែត ធី ជា​នាយក​ប្រតិបត្តិ នៃ ម​ជ្ឃ​មណ្ឌល​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ​កុមារ បាន​លើក​ឡើង​ថា ថ្វី​ត្បិត​តែ​ស្ថានភាព​សិទ្ធិ​កុមារ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​ល្អ​ប្រសើរ​បន្តិច​មែន ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​រាំង​ស្ទះ​ដល់​ការ​អប់​រំ​របស់​កុមារ​ខ្មែរ ពិសេស​កុមារ​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល។ ឧបសគ្គ​រាំង​ស្ទះ​ទាំង​នោះ រួម​មាន អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​សេវា​អប់រំ ការ​ខ្វះ​លទ្ធភាព​របស់​ក្រុម​គ្រួសារ កង្វះ​អាហារូបត្ថម្ភ សាលារៀន​នៅ​ឆ្ងាយ និង​គុណភាព​នៅ​មាន​កម្រិត​ជា​ដើម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពលកម្ម​កុមារ​ក៏​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា កុមារ​ជា​ច្រើន​បាន​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​ហួស​កម្លាំង រក​ប្រាក់​តាម​រយៈ​ការ​សុំ​ទាន ការ​ប្រើ​ប្រាស់​កុមារ​សម្រាប់​ការ​រក​ប្រាក់​តាម​វិធី​ផ្សេងៗ និង​ការ​ជួញ​ដូរ​កុមារ​ជា​ដើម។

យោង​តាម​របាយការណ៍ ការ​អប់​រំ​សម្រាប់​ទាំង​អស់​គ្នា​ឆ្នាំ​២០១៥ បង្ហាញ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ ដល់​២០០៧ ចំនួន​កុមារ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​ កើន​ឡើង​ជា​លំដាប់ ពី​ជាង​៦​ភាគ​រយ ទៅ​ជាង​៣៣​ភាគ​រយ ហើយ​បន្ត​កើន​ឡើង​ត​ទៀត ដល់​ជាង​៥៥​ភាគ​រយ នៅ​ឆ្នាំ​២០១៣។ ក៏​ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា​ ពួក​កុមារ​ទាំង​នោះ បាន​បោះ​បង់​ការ​សិក្សា​ចោល​ទៅ​វិញ នៅ​ពេល​ដែល​ឡើង​ថ្នាក់​ធំ​បន្តិច ដោយ​ហេតុ​តែ​សាលា​នៅ​ឆ្ងាយ និង​គ្មាន​លទ្ធភាព​រៀន​ត​ជា​ដើម។

លោក​ស្រី ញ៉េប សុភាព រដ្ឋលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមារ
បាន​ទទួល​ស្គាល់​នៅ​អ្វី​ដែល​អង្គ​ការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង ប៉ុន្តែ​មិន​ទាំង​ស្រុង​នោះ​ទេ! ព្រោះ​ប្រសិទ្ធិភាព​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​មាន​ជាក់​ស្តែង តួ​យ៉ាង​ដូច​ជា​ការ​កាត់​បន្ថយ​អាត្រា​មរណៈភាព និង ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ មាន​ការ​កើន​ឡើង​ជា​លំដាប់។ តាំង​តែ​ពី​ពេល​ដែល​បាន​ចុះ​អនុសញ្ញា​ជាមួយ​អង្គ​ការ​សហប្រជាជាតិ ស្តី​ពី​សិទ្ធិ​កុមារ មក, រយៈ​ពេល ២៥​មក​នេះ លោក​ស្រី បាន​លើក​ឡើងថា រដ្ឋាភិបាល​បាន​ចង​ក្រង និង ពិនិត្យ​លើ​ច្បាប់​ជា​ច្រើន​ដែល​ធ្វើ​យ៉ាង​ណា​សំដៅ​ដល់​ការ​ការពារ​លើ​កុមារ ។ ហើយ​ទាំង​អស់​នេះ ស​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ដល់​ការ​អប់រំ និង​ការ​ការពារ​សិទ្ធិ​ដល់​កុមារ​នៅ​កម្ពុជា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ