អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​បង្កើត​សារមន្ទីរ​ស្វែង​យល់​ពី​ប្រវត្តិ​រូបិយ​វត្ថុ​ខ្មែរ​គ្រប់​ជំនាន់​ជា​លើក​ដំបូង​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ​នូវ​សារ​មន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ «ព្រះ​ស្រី​ឦសាន​វរ្ម័ន» នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ចាត់​ទុក​សារមន្ទីរ​នេះ​ថា នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​ការ​ស្វែង​យល់​អំពី​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​តាំង​ពី​សម័យ​កាល​ហ្វូណន​។

សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន»
សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» @SPM page
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ “ព្រះ​ស្រី​ឦសាន​វរ្ម័ន” នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ទៅ​ដល់​ការ​ស្វែង​យល់​ពី​ប្រវត្តិ​រឿង​រ៉ាវ​នៃ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ខ្មែរ ដែល​មិន​សូវ​មាន​ឯកសារ​ប្រវត្តិ​សាស្ត្រ​បាន​លើក​យក​មក​បង្ហាញ​ឲ្យ​បាន​ក្បោះ​ក្បាយ​ឡើយ​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី សារមន្ទីរ​នេះ​បង្ហាញ​យ៉ាង​លម្អិត​ពី​ការ​កសាង​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល និង​សមិទ្ធផល​សំខាន់ៗ​ក្នុង​រយៈ​ពេល ៤ទសវត្សរ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ-ឈ្នះ​។

សារមន្ទីរ​សេដ្ឋ​កិច្ច និង​រូបិយ​វត្ថុ «ព្រះ​ស្រី​ឦសាន​វរ្ម័ន» នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​យោង​ទៅ​តាម​រូបិយវត្ថុ ដែល​បាន​បោះ​ផ្សាយ និង​ត្រូវ​បាន​ប្រើប្រាស់​នា​ពេល​កន្លង​មក​។ សារមន្ទីរ​សេដ្ឋ​កិច្ច និង​រូបិយ​វត្ថុ «ព្រះ​ស្រីឦសាន​វរ្ម័ន» មាន​ពិព័រណ៍​ចំនួន ១២​ម៉ូឌែល ដែល​ពិពណ៌នា​អំពី​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា ដោយ​រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋ​កិច្ច និង​រូបិយ​វត្ថុ​ក្នុង​សម័យ​ហ្វូណន រហូត​ដល់​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជា ចាន់តូ អគ្គ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។ ចំណែក ផ្នែក​ខាង​ក្នុង​នៃ​សារមន្ទីរ​នេះ គឺ​មាន​ភាព​ទំនើប និង​ត្រូវ​បាន​បំពាក់​ដោយ​ភាព​យន្ត​ឯកសារ ល្បែង​កម្សាន្ត និង​ផ្ទាំងប៉ះ (Touch Screens) ដែល​ផ្តល់​នូវ​ភាព​រីករាយ និង​ចំណេះដឹង​ដល់​សាធារណជន​។

សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន សារមន្ទីរ​ថ្មីនេះ​នឹង​ចូល​រួម​ចំណែក​កាន់​តែ​សកម្ម​ក្នុង​បុព្វហេតុ​ពង្រឹង​ចំណេះ​ដឹង​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ឱ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ប្រវត្តិ​រូបិយ​វត្ថុ​កម្ពុជា​នៅ​គ្រប់​សម័យ​កាល ជា​ពិសេស ដើម្បី​លើក​ស្ទួយ​ប្រាក់​រៀល​កម្ពុជា​តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​បាន​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ប្រាប់​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បន្ត​ចូល​រួម​ថែ​រក្សា​កេរដំណែល និង​ប្រមែ​ប្រមូល​នូវ​រាល់​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​រូបិយវត្ថុ​នានា​សម្រាប់​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​នេះ​។ បន្ថែម​លើ​នេះ ក៏​ត្រូវ​បន្ត​អភិវឌ្ឍ​សារមន្ទីរ​ឱ្យ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​តាម​រយៈ​ការ​បង្ក​បរិយាកាស​ឱ្យ​យុវជន​កម្ពុជា​បាន​មក​ទស្សនា​ឱ្យ​បាន​ទូលំ​ទូលាយ ដើម្បី​សិក្សា​ស្វែង​យល់​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ និង​តួនាទី​រូបិយ​វត្ថុ​របស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ