rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សៀវភៅ​ថ្មី ស្តី​ពី កំណត់​ត្រា​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ភ្នំពេញ

media
សៀវភៅ​ថ្មី ស្តី​ពីកំណត់​ត្រា​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ @សហការី

សៀវភៅ​ស្តី​ពី កំណត់​ត្រា​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី ២៧ កុម្ភៈ ឆ្នាំ​២០១៨។ សៀវភៅ​ដែល​មាន​កម្រាស់​ជាង​២០០​ទំព័រ​នេះ បាន​លាត​ត្រដាង​ពីរ​របត់​នយោបាយ​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី​ការ​រួប​រួម រហូត​ដល់​ដំណាក់​កាល​នៃ​ការ​រំលាយ​គណបក្ស​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។ អ្វី​ជា​ការ​កត់​សំគាល់ នេះ​គឺ​ជា​ការ​ដាក់​បន្ទុក​បន្ថែម​ទៀត លើ​ភស្តុតាង​នៃ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ខណៈ​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា​ទើប​តែ​បាន​ចេញ​ផ្សាយ​របាយការណ៍ ស្តី​ពី “ស្ថេរភាព​និង​ការ​អភិវឌ្ឍន៍ គឺ​ជា​អាទិភាព​របស់​កម្ពុជា” កាល​ពី​ខែ​កុម្ភៈ។


សៀវភៅ​ស្តី​ពី កំណត់​ត្រា​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចរិត​ជា​យុទ្ធសាស្រ្ត​នយោបាយ​នេះ គឺ​ជា​បណ្តុំ​សំណេរ​នយោបាយ​ចំនួន​៦៦​អត្ថបទ ដែល​សរសេរ​ដោយ​អ្នក​លេង​ហ្វេសបុក​ដែល​មាន​រហ័សនាម​ថា សេនាជាតិ, ជាតិ​រស់, ជាតិ​រុង​រឿង, ស្រី ស, និស្សិត, សន្តិភាព និង​ប្រជាជន។ អត្ថបទ​ទាំង​នោះ ភាគ​ច្រើន​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ដូច​ជា Fresh News និង Swift News ជា​ដើម។ នេះ​បើ​យោង​តាម​អារម្ភកថា របស់​អ្នក​ចង​ក្រង​សៀវភៅ​ដែល​មាន​កម្រាស់​២៣៣​ទំព័រ ដែល​មាន​រហ័សនាម​ថា សេនាជាតិ។

បើ​តាម​អារម្ភកថា របស់​អ្នក​ចង​ក្រង ដែល​បាន​ត្រឹម​តែ​ប្រើ​រហ័សនាម​លើ​បណ្តាញ​សង្គម​ហ្វេសបុក​នេះ​ថា​ ការ​ចង​ក្រង​ជា​សៀវភៅ​នេះ​ឡើង គឺ​សម្រាប់​ទុក​ជា​មេរៀន និង​ការ​សិក្សា​ស្វែង​យល់ ពី​របត់​នយោបាយ​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​៣​ដំណាក់​កាល​សំខាន់ គឺ​ដំណាក់​កាល​រួប​រួម​ផង ការ​ប្រជែង​ផ្ទៃ​ក្នុង​បក្ស​ផង និង​រហូត​មក​ដល់​ដំណាក់​កាល​នៃ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ផង។ សៀវភៅ​កំណត់​ត្រា​នេះ បាន​វាយ​តម្លៃ​ថា ការ​រលាយ​បក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ទាំង​កត្តា​ផ្ទៃ​ក្នុង​ផង និង​កត្តា​ខាង​ក្រៅ​ផង។ កំណត់​ត្រា​បាន​សរសេរ​ថា នយោបាយ​របស់​លោក​ កឹម សុខា និង​លោក សម រង្ស៊ី គឺ​ប្រៀប​ដូច​ជា ក្រមួន និង ភ្លើង ដែល​មិន​អាច​ចូល​គ្នា​បាន ហើយ​តែង​តែ​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ លើស​ពី​នេះ ក៏​បាន​កត់​សំគាល់​ថា ការ​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​ទៅ​ដល់​ការ​រលាយ​៣​យ៉ាង​ធំៗ​ គឺ៖ រលាយ​ជីវិត​នយោបាយ​លោក សម រង្ស៊ី, រលាយ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា, និង​រលាយ​ផែនការ​បរទេស​ក្នុង​ការ​បង្កើត អង្គការ​ចាត់​តាំង​បដិវត្ត​ពណ៌​បំផ្លាញ​កម្ពុជា​ផង​ដែរ។

អ្វី​ជា​ការ​កត់​សំគាល់ ការ​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​នេះ គឺ​ជា​ការ​ដាក់​បន្ទុក​បន្ថែម​ទៀត លើ​ការ​ចោទ​ប្រកាន់​នានា ស្តី​ពី ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ខណៈ​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៥ កុម្ភៈ បាន​ចេញ​ផ្សាយ​របាយការណ៍ ស្តី​ពី “ស្ថេរភាព​និង​ការ​អភិវឌ្ឍ​គឺ​ជា​អាទិភាព​របស់​កម្ពុជា”។ ជា​របាយការណ៍​ដែល​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា លើ​លោក កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ ទល់​នឹង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។ ក្រៅ​ពី​នោះ ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ក៏​បាន​ចេញ​ផ្សាយ​សៀវភៅ​ស កាល​ពី​ថ្ងៃ​ទី​ ១៣​ខែ​កុម្ភៈ ស្តីពី​ ស្ថានការណ៍​នយោបាយ​​នៅ​កម្ពុជា ក្រោយ​ពេល​បរាជ័យ​នៃ​ចលនា​បដិវត្តន៍​ពណ៌។

ផ្អែក​តាម​សេចក្តី​សន្និដ្ឋាន​នៅ​ក្នុង​សៀវភៅ​ស្តី​ពី​កំណត់​ត្រា​នៃ​ការ​រលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ចរិត​អ្នក​នយោបាយ​លោក កឹម សុខា ថា បរាជ័យ​ខាង​ផ្នែក​សីលធម៌ ខណៈ​ដែល​លោក សម រង្ស៊ី បាន​បរាជ័យ​លើ​ផ្នែក​គុណធម៌។ ទោះ​យ៉ាង​ណា គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​អតីត​គណបក្ស​ប្រឆាំង លើ​ការ​ចេញ​ផ្សាយ​សៀវភៅ​ថ្មី​នេះ​នៅ​ឡើយ​ទេ៕