rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​​បក្ស​​ប្រឆាំង​​បង្ហាញ​​ឆន្ទៈ​​ចរចា ​​តែ​​គណបក្ស​​កាន់​​អំណាច​​ទាត់​ចោល​​ដាច់​​អហង្ការ

media
ជំនួបកំពូល​រវាងមេដឹកនាំគណបក្ស​ទាំងពីរ នៅថ្ងៃទី ២២កក្កដា ២០១៤។ RFI/Siv Channa

ភ្ជាប់​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​ស្វាគមន៍​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អឺរ៉ុប ​កាល​ពី​ថ្ងៃ​​ចន្ទ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​លើកឡើង​កាល​ពី​ម្សិលមិញ​ថា ​អតីត​គណបក្ស​​ប្រឆាំង​​មួយ​​នេះ​​ត្រៀម​ខ្លួន​រួច​ជាស្រេច ​ក្នុង​កិច្ច​សន្ទនា​ថ្នាក់ជាតិ​មួយ ​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ដើម្បី​បញ្ចៀស​នូវ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ណា​មួយ​ពី​សំណាក់​សហភាព​អឺរ៉ុប​។ ក៏​ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​ហៅ​បំណង​បក្ស​ប្រឆាំង​នេះ​ថា ​វា​មិន​អាច​ទៅរួច​នោះ​ទេ​។


យោង​តាម ​សេចក្តី​ថ្លែងការណ៍​រប​ស់​អតីត​គណបក្ស​ស​ង្ក្រោះ​ជាតិ ​ដែល​ថ្លែង​ស្វាគមន៍​ដល់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ស្តី​ពី​កម្ពុជា ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ​ បានសរសេរ​ថា ​ការ​បើក​ឲ្យ​មាន​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់អំណាច ​គឺ​ដើម្បី​ស្តារ​ឡើងវិញ​នូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​មាន​តំណាង​ពហុភាគី​ ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បានស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ សហភាព​អឺរ៉ុប ​ឬ​រដ្ឋ​ជា​សមាជិក ​និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដទៃ​ទៀត ​ចូលរួម​ធ្វើជា​សាក្សី និង​ជា​ផ្នែក​មួយ​នៃ​កិច្ចសន្ទនា​ថ្នាក់ជាតិ​នោះ ប្រសិនបើ​របប​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រម​បើក​ឲ្យ​មាន​កិច្ចសន្ទនា​នេះ។ បន្ថែម​ពីនេះ លោក​សម រង្សី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ​ថា ប្រទេស​ជប៉ុន អាចមាន​តួនាទី​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្តួចផ្តើម​ឬ​ធានា​ឲ្យ​មានការ​ចរចារ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។

ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសរ​នៅលើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា «គ្មានទេ​ការសន្ទនា​ថ្នាក់ជាតិ​ស្អី​នោះ»។ នៅក្នុង​សេចក្តីពន្យល់​បន្ថែម លោក​សុខ ឥសាន បញ្ជាក់ថា​អ្នកណា​ក៏​ដឹង​ដែរ​ថា ដើម្បី​ការស្រុះស្រួល​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ចេញ នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ ដែល​ឈានដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​នា​ឆ្នាំ១៩៩។

នៅពេលដែល មាន​សភាពការណ៍​រាំងស្ទះ​ផ្នែក​នយោបាយ គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួចផ្តើម​បង្កើត​នូវ​វប្ប​ធ៌​ម​សន្ទនា ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ជាតិ។ ប៉ុន្តែ​បំណង​ដ៏​ល្អ​នេះ ត្រូវ​អ​តី​តៈ​មេបក្ស​ប្រឆាំង ជា​អ្នក​បំផ្លាញចោល​ទៅវិញ ធ្វើ​ឲ្យ​វប្ប​ធ៌​ម​សន្ទនា ត្រូវ​អន្តរាយ និង​ស្លាប់បាត់​តែម្តង។ លោក​ថា ការចង់​ឲ្យ​មាន​របស់​ដែល​ហៅថា ការសន្ទនា​ថ្នាក់ជាតិ​នោះ​វា​គ្រាន់តែ​បង្ហាញ​ឲ្យ​ឃើញថា ទណ្ឌិត​និង​ពពួក​ឧទ្ទាម​ក្រៅច្បាប់​កំពុង​ដល់ទី​បញ្ចប់​ហើយ។

សូម​បញ្ជាក់ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៧​ ដល់​១៨​ខែ​មីនា ​ឆ្នាំ​២០១៨ ​ខាងមុខ​។ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ។ នេះ​បើតាម​ការអះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ​របស់​លោក ​កុយ ​គួ​ង​ ឯក​អគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​អូស្ត្រាលី ​ដែល​មក​ចូលរួម​សន្និបាត​ក្រសួង​ការ​បរទេស​។

ទោះ​យ៉ាងណា ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​នេះ​ បាន​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ពី​អ្នក​តាមដាន​នយោបាយ​ក​ម្ពុ​ជាមួយ​ចំនួន​។ ​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ទំនងជា​ការ​សុ​បិ​ន្ត​ថា​វា​ជា​ឱកាសល្អ​សម្រាប់​ការចាប់ផ្តើម​ឡើងវិញ នូវ​វប្បធម៌​សន្ទនា​តាមរយៈ​ជំនួប​ផ្ទាល់​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សម រង្សី នៅ​ទីក្រុង​ស៊ីដនី នៅ​ពាក់​កណ្តាល​ខែ​មីនា​។ ​លោក​ព្រាប កុល ​សរសេរ​បន្ត​ថាបើ​មានការ​ជួបគ្នា ហើយ​អាច​រក​ដំណោះស្រាយ​នយោបាយ​បាន​ រួចហើយ​ខ្មែរ​គ្រប់​និន្នាការ​អាច​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្នា​ប្រកប​ដោយ​ស្នាម​ញញឹម ​និង​មេត្រីភាព ​ពិតជា​ប្រសើរ​ណាស់​៕