អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប ដក​ស្ពត​ឃោសនា​លោក សម រង្ស៊ី ចេញពី​កញ្ចក់​ទូរទស្សន៍ ដោយសារ​លោក​ជា​ទណ្ឌិត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​សម្រេច​ដក​ស្ពត​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ១​ក្នុង​ចំណោម​៣ ចេញ​ពី​កម្មវិធី​សមធម៌​ដែល​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា។ ស្ថាប័ន​ដែល​ជា​ក្បាល​ម៉ាស៊ីន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​សម្រេច​ចិត្ត​នេះ គឺ​ដោយ​សារ​តែ​លោក សម រង្ស៊ី ជា​ទណ្ឌិត ដែល​អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

លោក​ សម​ រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​
លោក​ សម​ រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់ គ.ជ.ប នេះ គឺ​ដោយ​ផ្អែកលើ​មាត្រា​ច្បាប់​ត្រង់​ប្រការ ១៧១ នៃ​បទ​បញ្ជា​និង​នីតិវិធី​នៃ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​បាន​ចាត់​ទុក​ថា ស្ពត​ឃោសនា​របស់​លោក សម រង្ស៊ី អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័ណ្ឌ​ច្រឡំ។ ហើយ​ម្យ៉ាង​ទៀត លោក សម រង្ស៊ី គឺ​ជា​ទណ្ឌិត​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែងរក​ចាប់ខ្លួន​នៅឡើយ។

សូម​បញ្ជាក់​ថា លិខិត​បដិសេធ​នេះ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប ផ្ញើ​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ក្នុង​ចំណោម​សមាជិក គជប និង​មេធាវី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ផង។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា​ សិទ្ធិ​របស់​គណបក្ស​នយោបាយ​នៅតែ​អាច​ចាក់ផ្សាយ​ស្ពត​ឃោសនា​នេះ​បាន ប៉ុន្តែ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង នៅ​ពេល​មាន​ការ​ប្តឹង​ផ្តល់​ពី​គណបក្ស​នយោបាយ​ណា​មួយ។

គួរ​ជំរាប​ជូន​ថា ស្ពត​ឃោសនា​ដែល គ.ជ.ប បាន​សម្រេច​ដក​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) នៅ​ក្នុង​កម្មវិធី​សមធម៌​ដែល​រៀប​ចំ​ឡើង​ដោយ គជប នេះ គឺ​ស្តី​ពី​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក៏មាន​ការ​លើក​ឡើង​ពី​លោក សម រង្ស៊ី ស្តី​ពី គោល​នយោបាយ​សេដ្ឋកិច្ច​ក្នុង​ការ​អភិវឌ្ឍន៍ ឃុំ-សង្កាត់ របស់​គណបក្ស​ប្រឆាំង​ជា​ដើម។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នឹង​បន្ត​ចាក់​ស្ពត​ឃោសនា​របស់​លោក សម រង្ស៊ី នៅ​តាម​ទី​សាធារណៈ​ព្រោះ​លោក សម រង្ស៊ី គឺ​ជា​ស្ថាបនិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ