អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប បដិសេធ​សំណើ​របស់​LDP ជុំ​វិញ​ការកំណត់សញ្ញា​គាំទ្រ​លើស​ន្លឹក​ឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប កាលពី​ថ្ងៃ​ម្សិលមិញ បាន​ចេញ​មក​បដិសេធ​ចំពោះ​សំណើ​របស់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​បាន​ស្នើ​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​វិ​សោធន​កម្ម​ទាក់​ទង​នឹង​ការ​កំណត់​សញ្ញា​គាំទ្រ​លើស​ន្លឹក​ឆ្នោត។ គ.ជ.ប បញ្ជាក់​ថាការ​បដិសេធ​សំណើ​នេះ ធ្វើ​ឡើង ផ្អែក​តាម​ច្បាប់។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ថា គ.ជ.ប មិន​អាច​ធ្វើ​វិ​សោធន​កម្មលើ​ចំណុច ៨.១១.១ ទាក់​ទង​នឹង​ការ​កំណត់​សញ្ញា​គាំទ្រ​លើស​ន្លឹក​ឆ្នោត​បាន​ទេ។ នេះ​បើ​តាម​លិខិត​របស់​លោក​ផ្ញើ​ជូន​លោក ខឹម វាសនា ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

លោក ទេព នីថា ឲ្យ​ដឹងថា ច្បាប់​អនុញ្ញា​ត​ឲ្យ​អ្នក​បោះ​ឆ្នោត​គូសសញ្ញា​គាំទ្រ​ទូ​ទៅ​នៅ​លើស​ន្លឹក​ឆ្នោត លើក​លែងតែគំនូសសញ្ញា​ទាំង​ឡាយណា ដែល​ធ្វើ​ឲ្យ​គេ​សម្គាល់​បាន​នូវ​អត្ត​សញ្ញាណ​​របស់​អ្នក​បោះ​ឆ្នោត។ ម្យ៉ាង​ទៀត​ការ​ទទួល​យក​ជាការ​បាន​នូវ​គំនូសសញ្ញា​គាំទ្រ​ជាទូ​ទៅ​នេះ ត្រូវ​បាន​អនុ​វត្ត​​តាំង​ពីការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ អ៊ុនតាក់ មកម្លេះ ហើយ​ត្រូវ​បាន​អនុ​វត្ត​​សម្រាប់​ការ​បោះ​ឆ្នោត​ក្រោយៗមក​ទៀត​ផង​ដែរ។ នេះ​បើ​តាម​លោក ទេព នីថា។

លោក ទេព នីថា ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក មិន​បាន​តម្រូវ​ឲ្យ​អ្នក​បោះ​ឆ្នោត ត្រូវ​តែគូសសញ្ញា​គាំទ្រ​ជាក់​លាក់​ណាមួយ​នៅ​លើស​ន្លឹក​ឆ្នោត​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី១១ ខែ​កក្កដា លោក ខឹម វាសនា បាន​ស្នើ​ឲ្យ គ.ជ.ប ធ្វើ​វិសោធកម្ម កំណត់​យកសញ្ញាធិក(√) តែ​មួយ​ប៉ុណ្ណោះ សម្រាប់​គូស​ក្នុង​ប្រអប់​បួនជ្រុង​ទ្រវែង​តូច​នៃ​គណ​បក្ស​នយោបាយ​​ណាមួយ ដែល​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត។

ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា តាម​រយៈ​លិខិត​ផ្ញើ​ទៅ​លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បាន​បញ្ជាក់​ថា ការ​អនុញ្ញា​ត​ឲ្យ​អ្នក​បោះ​ឆ្នោត​អាចគូសសញ្ញា​គាំទ្រ​គណ​បក្ស​នយោបាយ​ក្នុង​ចំណោម​គំនូសសញ្ញា​ដ៏​ច្រើន​ប្រភេទ គឺជា​ការ​សម្រេច​ចិត្ត ដែល​ខ្វះសុក្រិតភាព ព្រោះ​បង្ក​ឲ្យ​មាន​ការ​ទិញ​លក់​សន្លឹក​ឆ្នោត និង​គំរាម​កំហែង​អ្នក​បោះ​ឆ្នោត​ជា​ដើម។

លោក ខឹម វាសនា ថាភាព​មិន​ច្បាស់​លាស់​នៃ​ការ​កំណត់​គំនូសសញ្ញា​គាំទ្រ​គណ​បក្ស​នយោបាយ​លើស​ន្លឹក​ឆ្នោត នឹង​នាំ​ឲ្យ​មាន​វិវាទ​ក្នុង​ការបក​ស្រាយ និង​អនុ​វត្ត ចាប់​តាំង​ពី​ដំណាក់កាល​គណៈ​កម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៀត​ផង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ