អានតួអត្ថបទ
កម្ពុជា-នយោបាយ

គជប៖ ​សហភាព​អឺរ៉ុបមិន​ត្រូវ​យក​បញ្ហា​តុលាការ​និង​នយោបាយ ភ្ជាប់​ជាមួយ​ការងារ​បច្ចេកទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​ទៅ​កាន់​សហភាព​អឺរ៉ុប​ថា មិន​ត្រូវ​យក​បញ្ហា​នយោបាយ​និង​រឿង​តុលាការ មក​ដោះ​ស្រាយ​ការងារ​បច្ចេកទេស​របស់ គជប ទេ។ ការ​លើក​ឡើង​របស់ គជប យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​សហភាព​អឺរ៉ុប​ចុះ​ថ្ងៃ​ទី​១២​ខែ​ធ្នូ ដែល​មាន​ខ្លឹមសារ​​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ចំពោះ គជប ដោយ​សារការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​តុលាការ​កំពូល​កម្ពុជា​។

រូបភាព​ចាស់៖ កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ទីស្ដីការ គ.ជ.ប
រូបភាព​ចាស់៖ កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ទីស្ដីការ គ.ជ.ប NEC
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​​ថ្ងៃ​ទី​១៣ខែ​​ធ្នូ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប មក​កាន់ គជប​។ សម្រាប់ គជប សហភាព​អឺរ៉ុប​គួរ​តែ​យល់​ថា គជប គឺ​ជា​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស។ និង​ថា សហភាព​អឺរ៉ុប មិន​ត្រូវ​យក​រឿង​តុលាការ និង​បញ្ហា​នយោបាយ មក​ដោះ​ស្រាយ​ជាមួយ​ការងារ​បច្ចេកទេស​របស់ គជប ទេ​។

គួរ​ជម្រាប​ជូន​ថា មួយ​ថ្ងៃ​មុនការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់ គជប ពោល​គឺនៅ​ថ្ងៃ​ទី​១២​ធ្នូ សហភាព​អឺរ៉ុប បាន​ប្រកាស​ព្យួរ​ជំនួយ​របស់​ខ្លួន​សម្រាប់ គជប​ ដោយ​ផ្អែក​លើ​មូលហេតុ​ថា តុលាការ​កំពូល​កម្ពុជា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​។ សហភាព​អឺរ៉ុប យល់​ឃើញ​ថា ការ​រំលាយ​បក្ស​ប្រឆាំង​ដូច្នេះ បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​​ដំណើរការ​បោះ​ឆ្នោត ដោយ​វា​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ភាព​ស្រប​ច្បាប់​។

ប៉ុន្តែ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប គជប បាន​ចោទ​សួរ​ថា តើ​មាន​ហេតុផល​អ្វី​ដែល​អាច​វាយ​តម្លៃថា ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ មិន​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ខណៈ​ពេល​ដែល​មេ​ដឹក​នាំ គជប នៅ​ដដែល, សមាជិក គជប ភាគ​ច្រើន​នៅដដែល, និង​មន្ដ្រី គជប រាប់​រយ​នាក់​នៅ​ដដែល​? គជប បាន​បញ្ជាក់​អះអាង​បន្ត​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គជប នៅ​តែ​រក្សា​គោលដៅ​ចម្បង​២​ដដែល គឺ​ទី​១៖ ពលរដ្ឋ​ខ្មែរត្រូវ​មាន​ឈ្មោះ​ត្រឹម​ត្រូវ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយទី​២៖ ​សិទ្ធិ​សម្ដែង​មតិ​តាម​រយៈ​សន្លឹក​ឆ្នោត​ត្រូវ​តែ​បាន​រាប់​យ៉ាង​ត្រឹមត្រូវ​បំផុត គ្មាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ទេ​។

ទន្ទឹម​គ្នា​នេះ គជប បាន​សង្កត់​ធ្ងន់​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​កន្លងមក​ជាមួយ​ភាគី​ពាក់ព័ន្ធ គឺ​ធ្វើ​ឡើង​ដោយ​សុឆន្ទៈ ហើយ​ខ្លួន​ស្វាគមន៍​តែចំពោះ​ជំនួយ​អន្ដរជាតិ​ណា​ដែល​ប្រកប​ដោយ​សុឆន្ទៈ​ដូច​គ្នា​ដែរ​។ ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​មក​កាន់​គជប គជប យល់​ថា វា​ជា​សិទ្ធិ​យល់​ឃើញ​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​សម្រាប់ គជប ខ្លួន​ឯង គឺ​បាន​គ្រោង​ថវិកា​គ្រប់​គ្រាន់​ហើយ​។

សូមជម្រាប​ជូន​ដែរ​ថា នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ និង​២០១៧​កន្លង​ទៅ គជប បាន​ចំណាយ​ថវិកា​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​អស់​ប្រមាណ​៥០​លាន​ដុល្លារ​។ ក្នុង​នោះ ជំនួយ​របស់​សហភាព​អឺរ៉ុប​មាន​ជាង​៥​លាន​ដុល្លារ ដែលអាច​​រាប់​ថា​ជា​ជំនួយ​មួយ​សំខាន់​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ