គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ពទៅរក្សាទុកនៅឃ្លាំងរបស់ខ្លួននៅថ្ងៃនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ព នៅថ្ងៃទី១៣ ខែកក្កដានេះ ទៅរក្សាទុកនៅឃ្លាំង គ.ជ.ប ដែលមានទីតាំង ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ គ.ជ.ប បញ្ជាក់ថា សន្លឹកឆ្នោត សម្ភារៈ និងឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោត ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង២២.៩៦៧ការិយាល័យ នៃមណ្ឌលបោះឆ្នោតទាំង២៥ ខេត្ត-រាជធានី មិនឱ្យលើសពី៣៦ម៉ោង មុនថ្ងៃបោះឆ្នោត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣២
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា តាមនីតិវិធីនៅពេលរោងពុម្ព ដែលដេញថ្លៃបាន បានបោះពុម្ពនិងវេចខ្ចប់រួចរាល់នោះគ.ជ.ប ត្រូវដឹកយកសន្លឹកឆ្នោតទៅរក្សាទុកនៅឃ្លាំងផ្ទាល់ខ្លួនរបស់គ.ជ.ប ដើម្បីត្រៀមចែកចាយទៅតាមគណៈកម្មការរាជធានី-ខេត្ត រៀបចំបោះឆ្នោត។ ការចែកចាយសន្លឹកឆ្នោត និងសម្ភារៈផ្សេងៗទៀត ទៅតាមមណ្ឌលបោះឆ្នោតនីមួយៗ គឺចាប់ផ្តើមពីថ្ងៃទី១៧ខែកក្កដា ខណៈត្រាសម្ងាត់ និងទឹកថ្នាំជ្រលក់ដៃ ត្រូវដឹកទៅដល់ការិយាល័យរៀបចំការបោះឆ្នោតទាំងអស់ យ៉ាងហោចណាស់៣៦ម៉ោងមុនថ្ងៃបោះឆ្នោត។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យដដែល។
លោក ហង្ស ពុទ្ធា ក៏បានឲ្យដឹងថា សន្លឹកឆ្នោតដែលត្រូវបានបោះពុម្ព សរុបមានជាង១០លានសន្លឹក ខណៈចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានជាង៨លាន៣សែននាក់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ២៩កក្កដាខាងមុខ។
បើតាម គ.ជ.ប ក្នុងចំណោមសន្លឹកឆ្នោតទាំងជាង១០លាន ៥សែនសន្លឹក ក្នុងនោះមានសន្លឹកឆ្នោតគំរូជាង ៣សែនសន្លឹក និងសន្លឹកឆ្នោតបម្រុងជាង៦សែន៦ម៉ឺនសន្លឹក។ ប៉ុន្តែថាសន្លឹកឆ្នោតបម្រុងនៅពេលនេះ គឺបានកាត់បន្ថយជាង៥០% បើធៀបនឹងពេលបោះឆ្នោតលើកមុនៗ ខណៈការចំណាយថវិកាអស់ជាង ២.៦លានដុល្លារអាមេរិក។ ក្នុងនោះសន្លឹកឆ្នោតមួយសន្លឹក ត្រូវចំណាយថវិកាប្រមាណ៩៩០រៀល ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ